ដំណើរការមិនប្រក្រតីនៃអការៈឈឺចាប់រាងកាយ (Somatic Symptom Disorder)
ដំណើរការមិនប្រក្រតីនៃអការៈឈឺចាប់រាងកាយ ( Somatic Symptom Disorder ) ដោយ៖ ថាន ថាញ្ញារិទ្ធ, ពិល កូលាប, ទន់ ឆាយ, ផន ញិនដាវ, សេង សីហា ១. សេចក្ដីផ្ដើម ស្ថានភាពគ្រួសារ ស្ថានភាពសង្គម និងស្ថានភាពបុគ្គលខ្លួនឯងបានបណ្ដាលឲ្យបុគ្គលនោះមានការគិតច្រើនហួសហេតុដែលអាចបង្ករឲ្យកើតមាននូវជម្ងឺផ្លូវចិត្តជាច្រើនប្រភេទ។ ធម្មជាតិរបស់មនុស្សគឺតែងតែចង់ឲ្យរឿងគ្រប់យ៉ាងកើតឡើងតាមដែលខ្លួនគិត និងចង់បាន ប៉ុន្ដែវាមិនអាចទៅរួចទេ។ មានមនុស្សជាច្រើនដែលខកចិត្តនឹងរឿងដែលបានកើតឡើងចំពោះខ្លួន ហើយក៏មានមនុស្សមួយចំនួនជួបប្រទះនូវរឿងផ្សេងៗគ្នាជាច្រើនដូចជា រឿងរ៉ាវរន្ធត់ភ័យតក់ស្លុត រឿងរ៉ាវដែលគួរឲ្យខ្មាសគេ រឿងរ៉ាវត្រូវបានគេមើលងាយឬរិះគន់ រឿងរ៉ាវត្រូវបានគេកុហកបោកប្រាស់ និងបទពិសោធន៍ជូរជត់ជាច្រើនទៀត។ បន្ទាប់ពីកើតមាននូវរឿងរ៉ាវទាំងអស់នោះហើយ ពេលខ្លះពួកគេធ្វើដូចជាមិនមានរឿងអ្វីកើតឡើងចំពោះខ្លួន កប់ទុកក្នុងចិត្ត ប៉ុន្តែការលាក់ទុកក្នុងចិត្តនោះនឹងលេចឡើងក្នុងការគិតរបស់បុគ្គលនោះនៅពេលណាមួយជាក់ជាមិនខាន។ ...