ជំងឺវិបល្លាសស្មារតីនៃអង្គចងចាំ (Dissociative Disorder)


ដោយ៖ ណន សុខលីន, ខេន ដាវី, ឡាយ សិរីរ័ត្ន, ឈួន ស្រីទូច, គង់ ឆេងអ៊ី

ជំងឺវិបល្លាសស្មារតីនៃអង្គចងចាំ (Dissociative Disorder)
v  លក្ខណៈទូទៅ
ជំងឺវិបល្លាសសា្មរតីនៃអង្គចងចាំ (Dissociative​​​ Disorder) ​គឺជាជំងឺផ្លូវចិត្តមួយដែលអ្នកជំងឺមាន       បទពិសោធន៍ទាក់ទងនឹងការដាច់ទំនាក់ទំនង និងកង្វះការភ្ជាប់គ្នារវាងការគិត    ការចងចាំ  បរិស្ថាន ខាងក្រៅ សកម្មភាពប្រចាំថ្ងៃនិងអត្តសញ្ញាណរបស់គាត់។​ ជំងឺនេះភាគច្រើនកើតលើមនុស្សស្រីជាងមនុស្សប្រុស​និងជាទូទៅរបស់វាមានចន្លោះពី១០% ទៅ៣៥%ដែលអាស្រ័យលើលទ្ធផលនៃការសិក្សាផ្សេងៗគ្នា។

v  រោគសញ្ញា
តាមរយៈការសិក្សារោគវិនិច្ឆ័យនិងស្ថិតិនៃជំងឺផ្លូវចិត្តដែលហៅកាត់ថាDSM (Diagnostic and statistical manual of mental disorders) បានបញ្ជាក់ឲ្យដឹងថាជំងឺនេះចែកចេញជាបីប្រភេទធំៗ។
). បាត់បង់ការចងចាំ (Dissociative Amnesia) ៖​​​
អ្នកជំងឺមានបញ្ហាការចងចាំនូវព្រឹត្តិការណ៍ដែលកើតឡើងដោយទទួលរងការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរហើយក៏អាចបាត់បង់ការចងចាំផ្សេងៗដែរ។ ការបាត់ការចងចាំនេះអាចកើតឡើងក្នុងរយៈពេលខ្លីដូចជា ការភ្លេចឈ្មោះមនុស្ស សកម្មភាពីអតីតកាល ទីកន្លែងដែលធ្លាប់នោមួយចំនួន។ ករណីកម្រអ្នកជំងឺបាត់ការចងចាំរយៈពេលវែងក្នុងរយៈច្រើនខែឬឆ្នាំ គាត់អាចភ្លេចថាផ្ទះគាត់នៅឯណា ឬឪពុកម្តាយរបស់គាត់មានមុខមាត់យ៉ាងដូចម្តេច។

២). ភាពមិនប្រក្រតីនៃអត្តសញ្ញាណ (Dissociative Identity Disorder)
អ្នក​ដែលជួបបញ្ហានេះគឺគាត់មានអារម្មណ៍ថាមានមនុស្សច្រើននាក់កំពុងតែដើរ និងរស់នៅក្នុងខួរក្បាលរបស់គាត់។ យើងអាចសម្គាល់ថាពេលខ្លះអ្នកជំងឺដូចជាលឺនរណាម្នាក់និយាយទៅកាន់គាត់ ហើយពួកគាត់ក៏បញ្ចេញអារម្មណ៍ និងនិយាយទៅកាន់បុគ្គលនោះវិញដោយការឆ្លើយឆ្លងគ្នាធម្មតា តែតាមពិតមិនមានអ្នកណាម្នាក់កំពុងនិយាយទៅកាន់គាត់ឡើយ។ តាមការសង្កេតមួយចំនួននៃពួកគាត់មានគំនិតថាចង់សម្លាប់ខ្លួន។

៣). បាត់បង់ភាពជាខ្លួនឯងនិង​ការយល់ខុសពីការពិត (Depersonalization Derealization Disorders)
អ្នកជំងឺតែងនឹករាល់សកម្មភាពអាក្រក់ៗកើតឡើងលើជីវិតពួកគាត់ដែលវាជាពិបាកនឹងបំភ្លេចបានហើយពួកគាត់ក៏ចាប់ផ្តើមមានអារម្មណ៍ថាគ្រប់គា្នដែលនៅជុំវិញខ្លួនគាត់សុទ្ធតែជាមនុស្សអាក្រក់។ ពេលគាត់មានអារម្មណ៍តក់ស្លុត​ ភ័យខ្លាច អារម្មណ៍មិននឹងនរ ឈប់និយាយអ្វីទាំងអស់ចាប់ផ្តើមផ្តាច់ការទាក់ទងជាមួយមនុស្សជុំវិញ។ ករណីធ្ងន់ធ្ងរគាត់លែងស្គាល់មនុស្សដែលគាត់ស្គាល់ពីមុ​ន រួមទាំងសមាជិកគ្រួសារ ហើយអាចឈានដល់ការបាត់បង់សមត្ថភាពខួរក្បាលនិងកើតមានវិបត្តិការរំលាយអាហារធ្វើឲ្យរាងកាយចុះខ្សោយទ្រុឌទ្រោម។

v  មូលហេតុ
មូលហេតុចម្បងនៃជំងឺនេះគឺជាបទពិសោធន៍នៃការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងររបស់អ្នកជំងឺ។​ អ្នកជំងឺមានបទពិសោធន៍ដូចជាការទទួលរងអំពើហិង្សា (ផ្លូវកាយ ​ផ្លូវចិត្ត និងផ្លូវភេទ) ​សង្គ្រាម ​ការចាប់ជំរិត បញ្ហាគ្រួសារ​​ បញ្ហាតានតឹងនឹងការងារជាដើម។
v  ផលវិបាក
ដោយសារតែរោគសញ្ញាទាំងអស់នៃជំងឺវិបល្លាសស្មារតីនៃអង្គចងចាំវានឹងបណ្តាលឲ្យប៉ះពាល់ជាច្រើនដល់អ្នកដែលទទួលរងជំងឺនេះ។ ផលប៉ះពាល់ទាំងអស់នោះមានដូចជាការគិតចង់ធ្វើបាបខ្លួនឯង (គិតចង់សម្លាប់ខ្លួនឯងឬសម្លាប់ខ្លួនឯងតែម្ដង) ស្ត្រេស បញ្ហាដំណេក បញ្ហាការទទួលទានអាហារ រាង្គកាយចុះខ្សោយ បញ្ហាទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន ការបាក់ទឹកចិត្ត ការព្រួយបារម្ភខ្លាំង និងការញៀនគ្រឿងស្រវឹងជាដើម។
v  ដំណោះស្រាយ
1.   កាបង្ការ
អ្នកត្រូវធ្វើយ៉ាងកុំឲ្យមានព្រឹត្តិការណ៍ដែលតក់ស្លុតខ្លាំងកើតមានចំពោះខ្លួន ឬមានកាន់តែតិចបំផុត។
2.  ការព្យាបាល
ទី១៖​    ការប្រឹក្សាយោបល់ជាមួយអ្នកមានជំនាញឯកទេសខាងជំងឺផ្លូវចិត្ត
ទឺ២៖ ការព្យាបាលដោយប្រើថ្នាំដូចជា ថ្នាំប្រឆាំងសម្ពាធផ្លូវចិត្ត ថ្នាំប្រឆាំងការថប់អារម្មណ៍ និងថ្នាំប្រឆាំងផ្លូវចិត្តជាដើម។
3.  របៀបផ្សេងៗទៀត
ទី១៖ រកអ្នកដែលទុកចិត្តនិយាយរឿងដែលពិបាកក្នុងចិត្តឲ្យអស់ដើម្បីឲ្យធូរចិត្ត
ទី២៖ ទាក់ទងអ្នកដែលមានជំនាញវិជ្ជាជីវៈផ្នែកសុខភាពដើម្បីពិគ្រោះពីស្ថានភាពជំងឺ
ទី៣៖ ព្យាយាមធ្វើអ្វីដែលអ្នករីករាយអាចបំភ្លេចទុក្ខកង្វល់
ទី៤៖ រកកន្លែងសុវត្ថិភាពដើម្បីជៀសវាងកើតមាននូវអំពើដែលធ្វើឲ្យកើតមានរឿងតក់ស្លុតកើតឡើង
ទី៥៖ ធ្វើឲ្យខ្លួនឯងបានសម្រាក។
ចំណាំ៖​ អត្ថបទនេះធ្វើឡើងក្នុងគោលបំណងចែករំលែកបន្តជាចំណេះដឹងដែលរាល់អត្ថន័យឃ្លាឃ្លោងគឺសុទ្ធសឹងតែយោងតាមការសិក្សាស្រាវជ្រាវពីអត្ថបទផ្សេងៗ រួចសម្រង់និងសម្រួលខ្លឹមសារដើម្បីងាយយល់   ដូច្នេះប្រសិនមានកំហុសដោយអចេតនាលើអត្ថរស អក្ខរាវិរុទ្ធ និងពាក្យគន្លឹះ សូមមេត្តាអធ្យាស្រ័យ។

Comments

Popular posts from this blog

និទានអប់រំ

Why You Should Pursue Higher Education

និទានអប់រំអំពីជីវិត និងការសិក្សា