និទានអប់រំ
រឿងនិទាន៖ កំណាញ់
សេចក្តីកំណាញ់ គឺជាសភាវៈអាក្រក់ផ្លូវចិត្ត ដែលជាប់ជំពាក់ក្នុងវត្ថុ ឬរបស់អ្វីម្យ៉ាង ហើយមិនអាចលះបង់បាន ឬមិនសូម្បីចែករំលែកដល់អ្នកដទៃ។ កំណាញ់ មានច្រើនសណ្ឋាន ដូចជា កំណាញ់ស្នាមញញឹម កំណាញ់ភាសានិយាយស្តីល្អ កំណាញ់ក្នុងការសន្ទនា និងកំណាញ់ក្នុងការឲ្យវត្ថុជាដើម។
កាលពីព្រេងនាយ មានគ្រួសារមួយមានគ្នា៣នាក់ (ប្តី ប្រពន្ធ និងកូនប្រុស)។ ជារៀងរាល់ព្រឹក តែងតែមានសមណៈមួយអង្គ (អ្នកបួសក្នុងពុទ្ធសាសនា) និមន្តបិណ្ឌបាតនៅផ្លូវមុខផ្ទះ ហើយតែងតែឈប់នៅមុខផ្ទះ។ ប្តី-ប្រពន្ធនេះតែងតែធ្វើមិនដឹងមិនអើពើឡើយ។
នៅព្រឹក១នោះ ស្រី្តជាប្រពន្ធដោយធុញទ្រាន់នឹងព្រះសង្ឃអង្គហ្នឹងពេក ក៏និយាយទៅកាន់លោកថា «ណែ លោកម៉េចមកឈរសុំនៅតែមុខផ្ទះខ្ញុំអ៊ីចឹង យើងគ្មានអីឲ្យទេទៅចេញទៅ!»។ នៅពេលនោះព្រះថេរៈអង្គនោះក៏ញញឹម ហើយឆ្លើយតបវិញថា «មិនអីទេញោម អរគុណណាស់ អាត្មាបានទទួលពីញោមហើយ»។ ស្រ្តីម្នាក់នេះក៏នឹកឆ្ងល់ក្នុងចិត្តលាយឡំនឹងចិត្តខឹងថាលោកអង្គនេះពោលពាក្យដៀមដាម ក៏និយាយទៅវិញថា «ចុម លោកឯងនិយាយថាម៉េចហ្នឹង? ខ្ញុំគ្មានអីឲ្យផងម៉េចក៏លោកថាបានទទួលអ៊ីចឹង?»។ លោកក៏ឆ្លើយតបថា «អាតា្មបានទទួលការសន្ទនា ពាក្យឆ្លើយតបពីញោម ព្រោះរាល់ដងញោមមិនដែលសូម្បីនិយាយស្តីអ្វីមកកាន់អាត្មា គឺញោមកំណាញ់ណាស់សូម្បីតែស្នាមញញឹម ឬពាក្យសម្តី»។
ក្រោយមក ស្រ្តីជាភរិយាបានយកពាក្យនេះទៅប្រាប់ស្វាមីខ្លួន ហើយស្វាមីក៏ខឹង និងឆ្ងល់ជាខ្លាំង ទើបព្រឹកបន្ទាប់ឲ្យភរិយារៀបចំបាយឲ្យខ្លួនសម្រាប់ដាក់បាត្រលោកអង្គនោះ ដើម្បីបានឱកាសនិយាយបញ្ចេញកំហឹង និងសន្ទនាឲ្យដឹងរឿងរ៉ាវគ្នាម្តង។ ពេលព្រះថេរៈអង្គនោះនិមន្តមកដល់ ក៏ស្រែកឲ្យឈប់ រួចក៏ដាក់បាត្រលោក ហើយសួរលោកថា«ណែលោក ហេតុអីលោកនិយាយចាក់ដោត ដៀមដាមឲ្យគ្រួសារខ្ញុំកាលពីម្សិលមិញដូច្នោះ?» លោកក៏ញញឹម ហើយតបទៅវិញថា «ញោម អាត្មាមិនបានដៀមដាមឲ្យគ្រួសារញោមទេ គឺអាត្មាពោលពាក្យពិត ដោយហេតុថា ភរិយាញោម និងញោមផ្ទាល់ តាំងពីដើមរៀងមក មិនដែលនិយាយស្តីមកកាន់អាត្មា ឬសូម្បីក្រឡេកមើលអាត្មា ឬញញឹមដាក់អាត្មាឡើយ ទើបតែថ្ងៃម្សិលមិញ និងថ្ងៃនេះប៉ុណ្ណោះ»។ តើញោមដឹងទេ សេចក្តីកំណាញ់ មិនដែលធ្វើឲ្យបុគ្គលមានសេចក្តីសុខក្នុងចិត្តឡើយ តែវាតែងតែបំផ្លាញ និងដុតរោលរាលបុគ្គលឲ្យក្រៀមក្រំ ក្តៅផ្សា សៅហ្មង ឈឺចាប់ក្នុងចិត្តជានិច្ច។ ពេលនោះបុរសជាស្វាមីរូបនេះ ក៏ភ្ញាក់រលឹកឡើង ហើយក៏កើតសេចក្តីជ្រះថ្លារៀងដរាបមក។
ផលនៃការលះសេចក្តីកំណាញ់៖
១-កំចាត់សេចក្តីអាក្រក់ក្នុងចិត្ត ធ្វើឲ្យចិត្តស្អាតបរិសុទ្ធស្ងប់
២-ចិត្តរីករាយស្រស់ស្រាយ មានកម្លាំង និងបញ្ញាភ្លឺស្វាង
៣-ចិត្តស្ងប់ គេងលក់ស្រួល សុបិនល្អ អាយុវែង សម្បុរស្អាត
៤-សម្បូរញាតិមិត្ត មិត្តភក្តិរាប់អានច្រើន និងការពារថែរក្សា
៥-បានបុណ្យទៅជាតិក្រោយ
អំណាន ជាអំណាចនៃបញ្ញា (សុមឿន៖ ៣១/ ០៥/ ២០១៨)
Comments
Post a Comment