តើ​ការ​ចេញ​វស្សា​របស់​ព្រះ​ភិក្ខុសង្ឃ​មាន​អត្ថន័យ​ដូច​ម្តេច​?​

តើ​ការ​ចេញ​វស្សា​របស់​ព្រះ​ភិក្ខុសង្ឃ​មាន​អត្ថន័យ​ដូច​ម្តេច​?​

​ ​ព្រះសង្ឃ​កាល​បាន​​ចូល​​កាន់​​ព្រះ​វស្សា​ និង​​គង់នៅ​​ចាំ​​វស្សា​​គ្រប់​​ត្រីមាស​​(​៣​ខែ​)​ហើយ​ តែង​តែ​​ធ្វើ​​កិច្ច​​ចេញ​​​​វស្សា​​ទៅ​​តាម​​ពុទ្ធានុញ្ញាត​ ដែល​​ហៅ​​ថា​ “​បវារណា​”​។​ ពិធី​​ចេញ​​ព្រះ​​វស្សា​ ត្រូវ​​បាន​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​ភាគ​ច្រើន​​បាន​ដឹង​ តែ​​មិន​​មាន​​ច្រើន​​ទេ​​ដែល​​យល់​​ស៊ី​ជម្រៅ​​នោះ​។​ តើ​​ពិធី​​នេះ​​មាន​​របៀប​​ធ្វើ​​ដូច​​ម្តេច​?​ ហើយ​​មាន​​អត្ថន័យ​​យ៉ាង​ណា​?​
ការ​​បវារណា​​ចេញ​​​វស្សា​​មាន​​៣​​របៀប​​ទៅ​​តាម​​វត្ត​​នីមួយៗ​ ដែល​​មាន​​​ភិក្ខុ​​សង្ឃ​​​តិច​ ឬ​​ច្រើន​​ដូច​ខាង​ក្រោម​៖
​ ​១.​បវារណា​​ជា​​សង្ឃ​ ការ​​បវារណា​​បែប​​នេះ​ ធ្វើ​​ទៅ​​តាម​​វត្ត​​ណា​​ដែល​​មាន​​​​ភិក្ខុ​សង្ឃ​​ចាប់​ពី​​៥​​អង្គ​​ឡើង​​ទៅ​
​ ​២.​បវារណា​​ជា​គណៈ​​ ការ​​បវារណា​​បែប​​នេះ​ ធ្វើ​ទៅ​​តាម​​វត្ត​​ណា​​ដែល​​មាន​​​ភិក្ខុ​សង្ឃ​​តិច​​ជាង​​៥​​អង្គ​​ គឺ​​ភិក្ខុ​សង្ឃ​​ត្រឹម​តែ​​៤-២​​អង្គ​
​ ​៣.​បវារណា​​ជា​​អធិដ្ឋាន​ ការ​​បវារណា​​បែប​​នេះ​ តម្រូវ​​ទៅ​​តាម​​វត្ត​​ណា​​ដែល​​មាន​​​​ភិក្ខុ​សង្ឃ​​តិច​​ជាង​​២​​អង្គ​​ គឺ​​មាន​​ភិក្ខុ​សង្ឃ​​តែ​​១​​អង្គ​ ត្រូវ​​តាំង​ចិត្ត​​អធិដ្ឋាន​។
​ ​អត្ថន័យ​ បវារណា​ ប្រែ​​មក​​ជា​​ភាសា​​ខ្មែរ​​ថា​ “​បពិត្រ​​លោក​​ម្ចាស់​​ដ៏​​ច​ម្រើ​ន‌​!​ ខ្ញុំ​​ករុណា​ សូម​​បវារណា​ចំពោះ​​សង្ឃ​ បើ​​លោក​​ដ៏​​មាន​​អាយុ​​ទាំង​ឡាយ​​បាន​ឃើញ​​ក្តី​ បាន​ឮ​​ក្តី​ ឬ​ក៏​​មាន​​សេចក្តី​​រង្កៀស​​សង្ស័យ​​ក្តី​ (​ថា​​ខ្ញុំ​​ករុណា​​ប្រព្រឹត្ត​​មិន​​គប្បី​​ក្នុង​​បទ​​ឯណា​​នីមួយ​​នោះ​)​ សូម​​លោក​​ដ៏​​មាន​​អាយុ​ មេត្តា​​អនុគ្រោះ​​ពោល​​រំលឹក​​ដាស់​តឿន​​ខ្ញុំ​​ករុណា​​ផង​ កាល​បើ​​ខ្ញុំ​​ករុណា​​ឃើញ​​ថា​​ខ្លួន​​ប្រព្រឹត្ត​​ខុស​​ហើយ​ នឹង​​ត្រឡប់​​ចិត្ត​​ប្រព្រឹត្ត​​ឲ្យ​​ត្រឹម​ត្រូវ​​វិញ​”​។​ ព្រះ​សង្ឃ​​គ្រប់​​អង្គ​​តែង​តែ​​បវារណា​​សូម​​ការ​​អភ័យ​ទោស​ និង​​កែ​តម្រូវ​​គ្នា​​ទៅ​​វិញ​​ទៅ​​មក​​ដូច្នេះ​។
​ ​ការ​​បវារណា​​ចេញ​​វស្សា​​នេះ​ តាម​​ពុទ្ធ​​សាសន​វោហា​ ហៅ​ថា​ “​ថ្ងៃ​​មហា​​បវារណា​”​ ព្រោះ​​នៅ​​ថ្ងៃ​​នេះ​​វេលា​​ម៉ោង​​៧​​ល្ងាច​ ព្រះ​សង្ឃ​​ព្រះ​ពុទ្ធ​សាសនា​​គ្រប់​​វត្ត​​អារាម​​ទាំង​អស់​​តែង​តែ​​ចូល​​ទៅ​​កាន់​​រោង​​ឧបោសថ​ ឬ​​ព្រះ​​វិហារ​ គង់​​ជាប់​​ហត្ថបាស​ (​ជិតគ្នា​)​ ដើម្បី​​សូម​​ការ​​អភ័យ​ទោស​ និង​​កែ​តម្រូវ​​គ្នា​ ពោល​​គឺ​​ប្រជុំ​​បើក​ឱកាស​​និយាយ​​រំលឹក​​គ្នា​​ទៅ​​វិញ​​ទៅ​​មក​ ដោយ​​ក្តី​​ស្រលាញ់​​រាប់អាន​​គ្នា​។​ កាល​​ព្រះ​សង្ឃ​​អង្គ​​ណា​​បាន​ឃើញ​ បាន​ឮ​ ឬ​សង្ស័យ​​ការ​​ប្រព្រឹត្ត​​ខុស​​ប្រាស​ចាក​​ធម៌​​វិន័យ​​ព្រះ​ពុទ្ធ​​សាសនា​​ត្រង់​​ចំណុច​​ណា​មួយ​ ក៏​​ជួយ​​រំលឹក​​ដាស់​តឿន​​គ្នា​​ ដើម្បី​​ឲ្យ​​ប្រព្រឹត្ត​​ល្អ​ ធ្វើ​​ជា​​ព្រះ​សង្ឃ​​ល្អ​ រស់​នៅ​​ជា​​សុខ​​នឹង​​គ្នា​ មិន​​ឲ្យ​​មើល​បំណាំ​ ឬ​​ចាំ​តែ​​ចាប់​កំហុស​​គ្នា​ ហើយ​​បែរ​មុខ​​ចេញ​​មិន​​​សេព​គប់​​គ្នា​ ជា​​ហេតុ​​នាំ​​ឲ្យ​​បែក​បាក់​​សាមគ្គី​​មិន​​ជាទី​​ជ្រះ​ថ្លា​​នៃ​​ពុទ្ធបរិស័ទ​​ទាំងឡាយ​។
​ ​កិច្ច​បវារណា​ចេញ​វស្សា​នេះ​ ថ្វី​​ត្បិត​​តែ​​ជា​​កិច្ច​​របស់​​ព្រះ​​ភិក្ខុ​សង្ឃ​ តែ​​ពុទ្ធ​បរិស័ទ​​ដែល​​មាន​​សទ្ធា​​ជ្រះថ្លា​​ចំពោះ​​ភិក្ខុ​សង្ឃ​ ដែល​​បាន​​រៀន​សូត្រ​​ព្រះ​ធម៌​​វិន័យ​ ប្រតិបត្តិ​​វិបស្សនា​​កម្មដ្ឋាន​​ចម្រើន​​មេត្តា​ភាវនា​​យ៉ាង​​ខ្ជាប់​ខ្ជួន​​រយៈ​ពេល​​ចាំ​​វស្សា​​៣​​ខែ​​នោះ​ តែង​​យក​​ចង្ហាន់​ និង​​ទេយ្យទាន​​ផ្សេងៗ​​ទៅ​​ប្រគេន​​ព្រះ​សង្ឃ​​មិន​​ខុស​​ពី​​ថ្ងៃ​​ភ្ជុំ​បិណ្យ​​ប៉ុន្មាន​​ទេ​។​ មួយ​ទៀ​ត​​សោត​ ពុទ្ធ​បរិស័ទ​​ដែល​​ជ្រះថ្លា​​កៀក​​ជិត​​នឹង​​ព្រះ​ពុទ្ធ​​សាសនា​ តែង​តែ​​ទៅ​​ធ្វើ​​ពិធី​​សុំ​​ខមា​ទោស​​​ចំពោះ​​ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ និង​​ព្រះ​សង្ឃ​​នៅ​​ឯ​​វត្ត​​ផង​​ដែរ​។​ នៅ​​ថ្ងៃ​​ចេញ​​វស្សា​​នេះ​ បើ​​តាម​​ទំនៀម​ទម្លាប់​​របស់​​ខ្មែរ​​យើង​ ច្រើន​​តែ​​និមន្ត​​ព្រះ​សង្ឃ​​ទេសនា​​មហាជាតក៍​ រឿង​​វេស្សន្តរ​ តែ​​វត្ត​​ខ្លះ​​ទេសនា​​តាម​​គម្ពីរ​​ផ្សេងៗ​ ដូច​​ជា​​រឿង​​មហោសថ​ ពុទ្ធ​ប្បវត្តិ​ ឬ​​ជាតក៍​​ណា​មួយ​​ទៅ​​តាម​​អធ្យាស្រ័យ​​របស់​​ព្រះ​សង្ឃ​ និង​​ពុទ្ធ​បរិស័ទ​​​នៅ​​ទី​នោះ​។​ នៅ​​ពេល​​រសៀល​ អ្នក​ស្រុក​​នាំ​​គ្នា​​ប្រណាំង​ទូក​​ជា​​ការ​​កំសាន្ត​​តាម​​ប្រពៃណី​ បន្ទាប់​​មក​​ម៉ោង​​៧-៨​​យប់​ ក្រោយ​​ពេល​​ភិក្ខុ​សង្ឃ​​បវារណា​​ចប់​ ឧបាសក​ ឧបាសិកា​ នាំ​​គ្នា​​បណ្តែត​ប្រទីប​​នៅ​​តាម​​ទន្លេ​ ស្ទឹង​ បឹង​ ព្រែក​ ទៅ​​តាម​​ទី​កន្លែង​​ដែល​​អាច​​ធ្វើ​​បាន​។​ ចំណែក​​នៅ​​ក្នុង​​ព្រះ​​បរម​រាជវាំង​​វិញ​ គេ​​និមន្ត​​ព្រះ​​ធម្ម​កថិក​​១​​អង្គ​​ទេសនា​​គាថា​ពាន់​ គឺ​​គម្ពីរ​​មហា​​ជាត​ក៏​​ជា​​ភាសា​បាលី​ ដែល​​មាន​​១០០០​​គាថា​ ចែង​​អំពី​​រឿង​​ព្រះ​​វេស្សន្តរ​ និង​​និមន្ត​​ព្រះ​សង្ឃ​​៤​​អង្គ​​ ទទួល​​ទេយ្យ​ទាន​។
​ ​ជា​​រួម​​មក​ អត្ថន័យ​​នៃ​​ការ​​បវារណា​​ចេញ​​ព្រះ​​វស្សា​ មិន​មែន​​ត្រឹម​តែ​​ជា​​ករណីយកិច្ច​ (​កិច្ច​​ចាំបាច់​)​ របស់​​ភិក្ខុ​សង្ឃ​​ក្នុង​​ព្រះ​ពុទ្ធ​​សាសនា​​ទេ​ ប៉ុន្តែ​​ពិធី​​នេះ​​មាន​​បំណង​​អប់រំ​​សហគមន៍​​សង្ឃ​ និង​​ប្រជា​​ពុទ្ធ​បរិស័ទ​​ទូទៅ​​ឲ្យ​​ចេះ​​គោរព​​ស្រឡាញ់​ រាប់​អាន​​គ្នា​​ដោយ​​ស្មោះ​ស្ម័គ្រ​ និង​​ចេះ​​ដាស់​តឿន​ ក្រើន​រំលឹក​ កែ​តម្រូវ​​គ្នា​​ទៅ​​វិញ​​ទៅ​​មក​​ ដើម្បី​​រស់​នៅ​​ជា​​សុខ​​ក្នុង​​សង្គម​៕ (​ប្រភព​៖​ ព្រះរាជ​ពិធី​ទ្វាទសមាស​ ភាគ​៣​ ការ​ផ្សាយ​របស់​ពុទ្ធ​សាសន​បណ្ឌិត​ ព​.​ស​២៥០៣​ គ​.​ស​១៩៦០)៕
អត្ថបទដោយ៖ ឈួន​ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

និទានអប់រំ

Why You Should Pursue Higher Education

និទានអប់រំអំពីជីវិត និងការសិក្សា