មូលហេតុនាំឲ្យពុទ្ធបដិមានៅខ្មែរបច្ចុប្បន្នមិនដូចគ្នា
មូលហេតុនាំឲ្យពុទ្ធបដិមានៅខ្មែរបច្ចុប្បន្នមិនដូចគ្នា
ព្រះពុទ្ធបដិមាខ្មែរនាពេលបច្ចុប្បន្ននេះ ត្រូវបានមនុស្សជាច្រើនវាយតម្លៃថានៅមិនទាន់មានលក្ខណៈ ឬមានទម្រង់ព្រះភក្ត្រច្បាស់លាស់នៅឡើយ ដោយមានអ្នកខ្លះនិយាយថា ព្រះភក្តិដូចអ្នកឆ្លាក់ ដូចអ្នកគូរ ឬដូចអ្នកនេះអ្នកនោះជាដើម។ តើមូលហេតុអ្វីបានជាខ្មែរយើងមានព្រះពុទ្ធបដិមា ឬរូបព្រះពុទ្ធមិនដូចគ្នាដូច្នេះ? យោងតាមសៀវភៅព្រះពុទ្ធបដិមានៅកម្ពុជា របស់រាជបណ្ឌិតសភាកម្ពុជា បានរៀបរាប់ថា៖ដោយមិនរាប់បញ្ចូលទាំងជាង ដែលមិនទទួលបានការអប់រំតាមផ្លូវការផង ភាពមិនចុះសម្រុងគ្នានៃពុទ្ធបដិមាខ្មែរទាំងនេះ ត្រូវបានសង្កេតឃើញថាមកពីមូលហេតុពីរយ៉ាងសំខាន់ៗគឺ៖ ទី១គ្មាននិយាម ឬខ្នាតបទដ្ឋានផ្លូវការថ្នាក់ជាតិត្រូវបានកំណត់ដាក់ឲ្យប្រើ និងការតម្រូវតាមការបញ្ជារបស់អតិថិជន។ ខណៈដែលពុំមាននរណាម្នាក់ស្គាល់ ឬបានឃើញថា ព្រះពុទ្ធមានព្រះភក្ត្រយ៉ាងណាពិតប្រាកដផង គ្មាននិយាម ឬខ្នាតបទដ្ឋានជាក់លាក់ជាផ្លូវការថ្នាក់ជាតិត្រូវបានកំណត់ដាក់ឲ្យប្រើប្រាស់រួមផង។ ពុទ្ធបដិមាបានក្លាយជាមុខរបរមួយផង ពុទ្ធបដិមាកម្មខ្មែរ គឺការផលិតពុទ្ធបដិមាដូចជាឆ្លាក់ ដាប់ និងចាក់ពុម្ពជាដើម ត្រូវបានជាង ឬម្ចាស់អាជីវកម្មច្នៃតាមការយល់ឃើញថាល្អតាមទំនើងរៀងៗខ្លួន ដើម្បីជាប្រយោជន៍ដល់មុខរបររបស់ពួកគេ។ ករណីនេះ ជួនកាលត្រូវបានបរិយាយដោយខ្លីថាអាស្រ័យលើទឹកដៃ ឬទេពកោសល្យរបស់ជាង។
លោក ហ៊ុន សោភារ៉ា ម្ចាស់ហាងចម្លាក់ថ្មកែវពោធិ៍សាត់នៅក្បែរវត្តសារាវ័នបានលើកឡើងថា «ការឆ្លាក់ពុទ្ធបដិមា ត្រូវបានច្នៃតាមទេពកោសល្យរបស់ជាង ដោយសារពុំមានគម្រូផ្លូវការ ជាហេតុឲ្យពុទ្ធបដិមាមានលក្ខណៈខុសៗគ្នា។ ចំពោះចម្លាក់ដែលមានគម្រូជាក់លាក់ដូចជាចម្លាក់ព្រះបាទជ័យវរ្ម័នជាដើម យើងអាចឆ្លាក់ឲ្យគេមើលទៅគេស្គាល់ថាជាព្រះបាទជ័យវរ្ម័ន បើទោះបីមិនដូចគ្នា១០០% ក៏មិនខុសគ្នាប៉ុន្មានដែរ។ ចំពោះព្រះពុទ្ធបដិមាយើងមិនមានបទដ្ឋានជាក់លាក់ ដូច្នេះជាងម្នាក់ៗឆ្លាក់ ឬចាក់ពុម្ពតាមភាពប៉ិនប្រសប់របស់ពួកគេរៀងៗខ្លួន។
មូលហេតុសំខាន់ទី២ ដែលនាំឲ្យព្រះភក្ត្រនៃពុទ្ធបដិមាមិនចុះសម្រុងគ្នា ត្រូវបានម្ចាស់ហាងអាជីវកម្មពុទ្ធបដិមាទាំងឡាយលើកឡើងថា មានអតិថិជនខ្លះបានយករូបថតមកកុម្ម៉ង់ឲ្យជាងឆ្លាក់ឲ្យព្រះភក្ត្រស្រដៀងនឹងមុខរបស់ពួកគេ ឬស្រដៀងទៅនឹងឳពុកម្តាយរបស់គេជាដើម ខណៈដែលពុំទាន់មានបម្រាមចំពោះការធ្វើបែបនឹងផង ដែលការធ្វើបែបនេះហាក់ក្លាយជាករណីសាមញ្ញមួយទៅហើយផង ទើបម្ចាស់ហាង និងជាងទាំងឡាយឆ្លាក់ព្រះភក្ត្រតម្រូវទៅតាមការកុម្ម៉ង់របស់អតិថិជន។ មិនតែប៉ុណ្ណោះ ម្ចាស់ហាងអាជីវកម្មពុទ្ធបដិមាមួយចំនួនបានលើកឡើងថា មានអតិថិជនខ្លះ បានកុម្ម៉ង់ពុទ្ធបដិមាលើសពីអ្វីដែលជាបវេណីពុទ្ធបដិមាកម្ម ដូចជាករណីព្រះពុទ្ធប្រក់នាគ ដែលតាមត្រឹមត្រូវនាគមានក្បាលតែប្រាំពីរប៉ុណ្ណោះ ប៉ុន្តែអតិថិជនខ្លះបានកុម្ម៉ង់ឲ្យឆ្លាក់នាគក្បាលដល់ទៅប្រាំបួន។
ផលអវិជ្ជមានដ៏សំខាន់មួយក្នុងចំណោមផលអវិជ្ជមាននានាកើតពីភាពមិនចុះសម្រុងគ្នានៃពុទ្ធបដិមាខ្មែរនេះ គឺវប្បធម៌ពុទ្ធសាសនាខ្មែរនៅក្នុងវិស័យពុទ្ធបដិមាកម្មនាសម័យកាលនេះកំពុងវង្វេង ឬគ្មានអត្តសញ្ញាណរបស់ខ្លួន។ ប៉ុន្តែទោះកន្លងមក ព្រះពុទ្ធបដិមាមិនទាន់បានចុះសម្រុងគ្នានៅឡើយក៏ពិតមែន តែនាពេលថ្មីៗនេះ តាមរយៈការធ្វើអនុសំវច្ឆរៈមន្ត្រីសង្ឃទូទាំងប្រទេសបានសម្រេចកំណត់យកទម្រង់ពុទ្ធបដិមាមួយច្បាស់លាស់ ហើយសេចក្តីសម្រេចនោះមកដល់ពេលនេះមិនទាន់បានដឹងថាក្រសួងដែលពាក់ព័ន្ធមានការសិក្សាដើម្បីកំណត់ទម្រង់ពុទ្ធបដិមានោះដល់ណានោះទេ៕ អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment