ទម្លាប់​​៥​​យ៉ាង​​ដែល​​អ្នក​​​គួរ​​ចៀស​​វាង​​​នៅ​កន្លែង​ការ​ងារ

ទម្លាប់​​៥​​យ៉ាង​​ដែល​​អ្នក​​​គួរ​​ចៀស​​វាង​​​នៅ​កន្លែង​ការ​ងារ

ពេញ​មួយ​ឆ្នាំ​លទ្ធ​ផល​ការងារ​របស់​អ្នក​អាច​ឆ្លើយ​តប​ទៅ​នឹង​គោល​ដៅ​របស់​អ្នក​ ប៉ុន្តែ​ក៏​​អាច​មាន​បញ្ហា​មួយ​ចំនួន​កើត​មាន​ទន្ទឹម​នឹង​គ្នា​នេះ។ អ្នក​អាច​ប្រឹង​ប្រែង​ធ្វើ​ការ​បំផុត​អស់​ពី​កម្លាំង​កាយ​ចិត្ត​ សឹង​តែ​គ្មាន​ពេល​សម្រាក​ដើម្បី​ទទួល​ទាន​អាហារ ឬ​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ទៀត​នៅ​ខាង​ក្រៅ​កន្លែង​ការងារ មិន​ខ្វាយ​ខ្វល់​ពី​​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ ចូល​ចិត្ត​ធ្វើ​អ្វីៗ​ដោយ​តែ​ឯង​​ជា​​ដើម។ សាក​គិត​ទៅ​មើល​ថា តើ​ទង្វើ​នេះ​ជា​ទម្លាប់​មួយ​ដ៏​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? ចង់​ដឹង​ចម្លើយ​ដ៏​ពិត​ប្រាកដ​ ចូរ​​​មើល​ទម្លាប់​ទាំង​៥​យ៉ាង​ខាង​ក្រោម​នេះ ៖
១) អង្គុយពេញមួយថ្ងៃ៖ ការងារ​បាន​ធ្វើ​ឲ្យ​អ្នក​អង្គុយ​ធ្វើ​ការ​ពេញមួ​យ​ថ្ងៃ ​ហើយ​នេះ​បាន​ក្លាយ​ជា​ទម្លាប់​មួយ​របស់​អ្នក។ យ៉ាង​ណា​មិញ​មាន​ផល​ប៉ះ​ពាល់​ច្រើន​ណាស់​ដល់​សុខភាព​ពី​ទម្លាប់​អង្គុយ​ច្រើន​ម៉ោង ដូច​ជា​ឈឺ​ឆ្អឹង​ខ្នង​ ឡើង​ទម្ងន់ ជំងឺ​បេះ​ដូង ជំងឺ​មហា​រីក​ និង​ជំងឺ​ទឹក​នោម​ផ្អែម។ ទន្ទឹម​នឹង​នេះ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មីៗ​ក៏​បានប​ង្ហាញ​ផង​ដែរ​ថា ការ​ហាត់​ប្រាណ​ក៏​មិន​អាច​ទប់​ស្កាត់​ផល​ប៉ះ​ពាល់​ដែល​កើត​ចេញ​ពី​ការ​អង្គុយ​ច្រើន​ម៉ោង​បាន​ដែរ។ ហេតុ​ដូច្នេះ​បើ​អ្នក​អង្គុយ​ធ្វើ​ការ ចូរ​ឧស្សាហ៍​ងើប​ដើរ​៤ ឬ​៥​នាទី​ជា​រៀង​រាល់ ១​ម៉ោង​ម្តង​ដើម្បី​ធ្វើ​ចលនា​ខ្លួន​ប្រាណ​របស់​អ្នក​កុំ​ឲ្យ​ស្ពឹក​ស្រពន់ និង​ធ្វើ​ឲ្យ​ចលនា​ឈាម​ក្នុង​ខ្លួន​រត់​បានស្​រួល។
២) អង្គុយធ្វើការតែម្នាក់ឯង៖ ភាព​ឯកោ​ត្រូវ​​បាន​​គេ​រក​ឃើញ​ថា​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​បង្ក​ឲ្យ​មាន​ជំងឺ និង​ឆាប់​ស្លាប់​ទៀត​ផង​ ខណៈ​ដែល​អ្នក​ដែល​មាន​ទំនាក់​ទំនង​រឹង​មាំ​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន​អាច​មាន​ភាគ​រយ​ខ្ពស់​ក្នុង​​ការ​រស់​នៅ​វែង​ជាង​រហូត​ដល់​៥០% ។ នេះ​មិន​ទាន់​គ្រប់​​គ្រាន់​​ទេ​ ពោល​គឺ​ភាព​ឯកោ​នឹង​បង្ក​ឲ្យ​កើត​មាន​ជំងឺ​រលាក​ផ្សេងៗ ជំងឺ​បេះ​ដូង និង​ជំងឺ​រ៉ាំរ៉ៃ​ដទៃ​ទៀត។ ជម្រើស​ដ៏​ល្អ​ គួរ​បង្កើន​ទំនាក់​ទំនង​របស់​អ្នក​ឲ្យ​បាន​ច្រើន និង​ចូល​រួម​ធ្វើ​ការ​ជា​ក្រុម​ជា​ទៀង​ទាត់ ដើម្បី​ជោគ​ជ័យ​ទាំង​ការងារ និង​សុខ​ភាព​របស់​អ្នក។
៣) ទទួលទានអាហារ​គ្មាន​​របៀប​​រៀប​​រយ​​ពេល​​កំពុង​​ធ្វើ​​ការ៖ ការ​​ទទួល​​ទាន​​អាហារ​​គ្មាន​​របៀប​​រៀប​​រយ​​ជា​ពិសេស​​អាហារ​​សម្រន់​​នៅ​​កន្លែង​​ធ្វើ​​ការ គឺ​​ជា​​ទម្លាប់​​មិន​​ល្អ​​មួយ​​ប៉ះ​​ពាល់​​សុខ​​ភាព​ ហើយ​​ទម្លាប់​​នេះ​​ភាគ​​ច្រើន​​កើត​​មាន​​ចំពោះ​​អ្នក​​កើត​​ជំងឺ​​ស្រ្តេស។ ការ​​ស្រាវ​​ជ្រាវ​​បាន​​បង្ហាញ​​ថា​​​ការ​​ទទួល​​ទាន​​អាហារ​​៣​ពេល​​បាន​​ត្រឹម​​ត្រូវ​​គឺ​​គ្រប់​​គ្រាន់​​ណាស់​​ទៅ​​ហើយ​​ដល់​​សុខ​​ភាព។ យ៉ាង​​ណា​​មិញ​​នៅ​​ពេល​​ដែល​​អ្នក​​ទទួល​​ទាន​​អាហារ​​ដោយ​​មិន​​រើស​​មុខ ​មាន​​ពេល​​ណា​​ញាំ​​ពេល​​ហ្នឹង​​នឹង​​អាច​​ប៉ះ​​ពាល់​​ដល់​​ប្រព័ន្ធ​​រំលាយ​​អាហារ ដូច​ជា ចុក​​ពោះ ហើម​​ពោះ និង​​ទល់​​លាមក​​ជា​​ដើម​ ត្បិត​​អី​​ប្រព័ន្ធ​​រំលាយ​អាហារ​ក៏​ត្រូវ​ការ​ពេល​សម្រាក​ផង​ដែរ។ គន្លឹះ​ដ៏​ល្អ​នៅ​ទី​នេះ ​អ្នក​គួរ​រៀប​គម្រោង​ទទួល​ទាន​អាហារ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​រាល់​ពេល​មុន​ទទួល​ទាន​អាហារ​ម្តងៗ​ ត្រូវ​ទទួល​ទាន​ទឹក​ជា​មុន​សិន និង​ទទួល​ទាន​អាហារ​ដោយ​ដាក់​អារម្មណ៍​តាម​សម្រួល​កុំ​ឲ្យ​តក់​ក្រហល់​ពេក។
៤) ងាកចេញពីបណ្ដាញសង្គម៖​ ប្រព័ន្ធ​បណ្ដាញ​សង្គម​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​ណាស់​នា​ពេល​បច្ចុប្បន្ន​ នេះ។ ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ដែរ​ថា​បណ្តាញ​សង្គម​បាន​ធ្វើ​ឲ្យ​អ្នក​លេង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ តាម​រយៈ​ការ​បង្ហោះ​រូប​ភាព​ប្លែកៗ ការ​បញ្ចេញ​មតិ​យោបល់​ទៅ​វិញ​ទៅ​មក ចែក​រំលែក និង​​សកម្ម​​ភាព​​សប្បាយៗ​ជា​ច្រើន​ទៀត។ វា​នឹង​នាំ​អ្នក​ទៅ​កាន់​ពិភព​លោក​មួយ​ដ៏​សំបូរ​បែប ពោល​គឺ​ហាក់​​ធ្វើ​ឲ្យ​អ្នក​មាន​សកម្ម​ភាព​កាន់​តែ​ផុស​ផុល​ជាង​មុន ហើយ​នោះ​គឺ​លទ្ធ​ផល​ទំនាក់​ទំនង និង​ការងារ​នេះ​ឯង។ តែ​ផ្ទុយ​​ទៅ​​វិញ​​ អ្នក​នឹង​មាន​អារម្មណ៍​ថា ខួរ​ក្បាល​របស់​អ្នក​ហាក់​ត្រូវ​បាន​កាត់​ផ្តាច់​ចេញ​ពី​សង្គម ឬ​រង​គ្រោះ​អ្វី​ម្យ៉ាង​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​របស់​អ្នក នៅ​ពេល​ដែល​អ្នក​ងាក​ចេញ​ពី​បណ្ដាញ​សង្គម។ ទោះ​បី​ជា​បែប​នេះ​ក្តី​អ្នក​គួរ​ឆ្លៀត​ពេល​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ត្រឹម​តែ​១០​ទៅ​២០​នាទី​នៅ​ម៉ោង​សម្រាក​ការ​ងារ​របស់​អ្នក​ ហើយ​វា​ក៏​មិន​ខាត​ពេល​ច្រើន​ពេក​នោះ​ដែរ បើ​គ្រាន់​តែ​ធ្វើ​ឡើង​ជា​ប្រយោជន៍​មួយ​សម្រាប់​ការ​កម្សាន្ត និង​​បង្កើន​​ទំនាក់​ទំនង​របស់​អ្នក​នោះ។
៥) មិន​ចេញ​ទៅ​ខាង​ក្រៅ៖ ការ​ពិត​ទៅ​អ្នក​មាន​ការ​ងារ​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ​ ហើយ​នេះ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ដើរ​កម្សាន្ត ឬ​ចេញ​ពី​កៅ​អី​អង្គុយ​របស់​អ្នក​ស្រូប​យក​ខ្យល់​ឱកាស និង​ទិដ្ឋ​ភាព​ផ្សេងៗ​នៅ​ក្រៅ​កន្លែង​ការ​ងារ​របស់​អ្នក។ តើ​នេះ​ជា​សុភមង្គល​ពិត​ដែរ​ឬ​ទេ? តាម​ពិត​ទៅ​ភាព​រវល់​របស់​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​រក​ប្រាក់​ចំណូល​បាន​មែន តែ​ហាក់​បី​ដូច​ខ្វះ​អ្វី​ម្យ៉ាង​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ស្រស់​ស្រាយ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជ​សាស្ត្រ​អាមេរិក​បាន​បង្ហាញ​ថា ខួរ​ក្បាល​របស់​មនុស្ស​ត្រូវ​ការ​ពន្លឺ​គ្រប់​គ្រាន់ ​ជាពិសេស​នៅ​ពេល​ព្រឹក​ដើម្បី​ពង្រឹង​កោសិកា​ខួរ​ក្បាល​ឲ្យ​លូត​លាស់​បាន​ល្អ និង​កាត់​បន្ថយ​ស្ត្រេស​បាន​ទៀត​ផង។ ហេតុ​ដូច្នេះ​ សូម​បង្កើត​ទម្លាប់​មួយ​ជា​ប្រចាំ ដោយ​ចំណាយ​​ពេល​១០​ទៅ​២០​នាទី​ស្រូប​យក​ពន្លឺ​ព្រះ​អាទិត្យ ឬ​ខ្យល់​​អាកាស​ខាង​ក្រៅ​នៅ​មុន​ពេល និង​ក្រោយ​ពេល​សម្រាក​ពី​ការ​ងារ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កាន់​តែ​​ស្រស់​​ស្រាយ​ធ្វើ​ការ​យ៉ាង​មាន​សក្ដានុ​ពល៕ (//Entrepreneur)
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!