ទាល់​តែ​​មាន​​គ្រូ​ ឬ​​​សាលា​ ទើប​​រៀន​​កើត​​មែន?​

ទាល់​តែ​​មាន​​គ្រូ​ ឬ​​​សាលា​ ទើប​​រៀន​​កើត​​មែន?​

ការ​សិក្សា​​គ្មាន​ទី​បញ្ចប់​ឡើយ ពោល​គឺ​​មិន​ថានៅ​​ទី​កន្លែង​ណា ពេល​ណា ឬ​​រៀន​ដល់​​កម្រិត​ណា​នោះ​ទេ ឲ្យ​តែ​​អ្នក​​មាន​​បំណង​​ចង់​សិក្សា​​អ្នក​អាច​ធ្វើ​បាន​រហូត​ទី​បំផុត​នៃ​​ជីវិត (lifelong learning)។​ មាន​មនុស្ស​មួយ​ចំនួន​​គិត​ថា​​ការ​សិក្សា​​ទាល់​តែ​មាន​​គ្រូ​​មាន​សាលា ទើប​អាច​រៀន​កើត ប៉ុន្តែ​តាម​ការ​ពិត​​ការ​កសាង​​ចំណេះ​ដឹង​​ដ៏​​សំបូរ​បែប​​ទៅ​​បាន​​លុះ​​ត្រា​​តែ​បុគ្គល​​ស្រឡាញ់​​​ស្វ័យ​សិក្សា​ (ការ​រៀន​​ដោយ​ខ្លួន​ឯង)។ ខាង​ក្រោម​​នេះ​​គឺ​ជា​​គន្លឹះ​​ស្វ័យ​សិក្សា​​ដ៏​មាន​​ប្រសិទ្ធ​ភាព ដែល​​អ្នក​​អាច​​រៀន​​ដោយ​​​ខ្លួន​ឯង​បាន​ដោយ​​មិន​ចាំ​បាច់​​មាន​​គ្រូ​ ឬ​សាលា​ឡើយ​។​
១)​ការអាន​​៖ គ្មាន​ចំណេះដឹងណាមួយ​បានមកដោយគ្មាន​ការអាន​ឡើយ។ ការ​​​អង្គុយ​រៀន​​​ក្នុង​​ថ្នាក់​រៀន​​គ្រាន់​តែជា​​​ជំនួយ​​បន្ទាន់​ ឬ​ជួយ​​សម្រប​​សម្រួល​​តម្រង់​ទិស​តែ​​ប៉ុណ្ណោះ​​។​ បុគ្គលដែល​ក្លាយទៅជា​អ្នកចេះដឹង​​ជាច្រើន គឺ​ជា​អ្នក​ស្រលាញ់ការអាន។

​២)​ដើរ​តាម​គន្លង​​អ្នក​​ជោគជ័យ​​៖ ភាគ​ច្រើន​​​នៃ​​អ្នក​ដែល​ស្រឡាញ់​ការសិក្សា​ គឺជា​អ្នក​ដែល​មានចំណូល​ចិត្ត​យក​គម្រូ​តាម​​ ឬ​សេពគប់​​បុគ្គល​ជោគជ័យ​ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​ភ័ក្តល្អៗ។ ការបាន​ស្តាប់គំនិត​យោបល់​ ឬ​បទ​ពិសោធន៍​ល្អ​ពី​ដៃគូ​ប្រឹក្សាល្អ ឬបុគ្គលជោគជ័យ​ នឹង​ធ្វើឲ្យ​អ្នកដើរ​លើ​ផ្លូវ​ត្រូវ​ និង​មាន​កម្លាំង​ចិត្ត​ដើរ​ទៅមុខ ពិសេស​គឺ​ទទួល​បាន​យោបល់​ល្អៗ។
៣)​ ដើរ​ទស្សនាឲ្យ​បាន​ច្រើន​៖ ​គេ​តែង​និយាយ​ថា​ ការធ្វើ​ដំណើរ​កំសាន្ត​ច្រើន​​ជួយ​ពង្រីក​ចំណេះដឹង។ បណ្តា​ប្រជា​ជន​​នៅ​​ប្រទេស​លោក​ខាងលិច​ចូល​ចិត្ត​ដើរ​កម្សាន្ត​ខ្លាំង​ណាស់​ ពីព្រោះ​ពួកគេ​យល់​ថា​វា​ធ្វើ​ឲ្យ​ពួកគេ​​មាន​ការ​យល់​ដឹង​​​កាន់តែ​ច្រើន​តាមរយៈ​ការ​រៀន​សូត្រ​នូវ​ចំណេះ​ដឹង​​ថ្មីៗ​​​ប្លែកៗ​ពី​អ្វី​ដែល​ពួកគេ​បាន​ជួប​ប្រទះ។

​៤)​ អាន​ Wikipedia​ និង​ ស្រាវជ្រាវ​ឯកសារ​តាម​ Google​ (អុិនធឺណិត)​៖ បច្ចុប្បន្ន ដោយសារ​បច្ចេកបវិទ្យា​សំបូរ​បែប​ ​ការ​សិក្សា​​ស្រាវ​​ជ្រាវ​ដោយ​ខ្លួន​ឯង​ ក៏​កាន់តែ​ងាយ​ស្រួល​។ អ្នកអាច​ចំណាយ​ពេល​រៀន​នៅ​ទីណា​ ឬ​ពេល​ណា​ក៏​បាន​​តាមរយៈ​ប្រភព​ចំណេះដឹង​លើ​ប្រព័ន្ធ​អុិនធឺណិត (Wikipedia​ និង​ Google​) ដែល​នេះ​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​នៅក្នុង​សម័យ​បច្ចេកវិទ្យា​នេះ​។​ តាម​ប្រភព​​នេះ អ្នកអាច​ទាញទុក​អាន​ពេល​ក្រោយ (download) ​ឬ​អាច​​ចូល​ទៅ​ស្រាវជ្រាវ​បាន​ភ្លាមៗ​តាមតម្រូវការ។

​៥)​ ទស្សនា​កម្មវិធី​ទូរទស្សន៍​ដែល​ផ្ដល់​ចំណេះដឹង​៖ ​ការ​ទស្សនាទូរទស្សន៍​មិន​ត្រឹម​តែ​ដើម្បី​កំសាន្តតែ​ម្យ៉ាង​នោះ​ទេ​ ប៉ុន្តែ​អ្នក​ក៏​អាច​រៀន​សូត្រ ឬ​យល់​ដឹងពី​ចំណេះដឹង​ថ្មីៗ​ផង​ដែរ។ ​ប្រការ​ដែល​សំខាន់​គឺ​ត្រូវ​កំណត់​មើល​ប៉ុស្តិ៍ណា ឬ​កម្មវិធី​ណា​ដែល​ផ្តល់ទាំងការ​កំសាន្ត​ និង​ចំណេះដឹង​។

៦)​ សិក្សា​​វគ្គ​ខ្លីៗ​លើ​បណ្ដាញ​អ៊ីនធឺណិត​៖ ​​សកលវិទ្យាល័យ​ល្បីៗជា​​ច្រើន​លើ​ពិភពលោក​​ដែល​សាស្ត្រា​ចារ្យ​​តែង​តែ​​ផ្សព្វ​ផ្សាយ​ និង​ចែករំលែក​ចំណេះដឹង​ល្អៗ ប្លែក​ថ្មីៗ​ ហើយ​ខ្លីៗ​ ដែល​ងាយ​ស្រួល​ដល់​ការ​សិក្សា​ ជាពិសេស​បើ​អ្នក​មិន​សូវ​យល់​ អ្នក​អាច​ទស្សនាខ្សែ​វី​ដេ​អូ​ពន្យល់​បាន។
៧)​ ចូល​ស្រាវជ្រាវ​នៅ​​បណ្ណាល័យ​៖ បណ្ណាល័យ​ជាកន្លែង​បណ្តុំ​ឯកសារ​ ឬអាចនិយាយបាន​ថា​ជាឃ្លាំងនៃ​ចំណេះដឹង​សម្រាប់​អ្នកសិក្សាទាំងឡាយ។ មិនថា​ជា​ប្រភេទ​បណ្ណាល័យ​សាធារណៈ​ ឬ​ឯកជន​នៅ​តាម​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ​ ឯកជន​ គឺ​សុទ្ធតែ​ប្រភព​នៃ​ចំណេះដឹង​ទាំងអស់​​។​ ចំណេះដឹង​​ត្រូវតែ​ពឹង​លើ​អំណានស្រាវជ្រាវ៕ (ប្រភព៖ lifespan)
អត្ថបទដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!