គន្លឹះរៀនភាសាអង់គ្លេសឆាប់ចេះ
ការសិក្សាភាសាដទៃក្រៅពីភាសាដើមកំណើតរបស់ខ្លួនតែងតែជួបប្រទះនូវការលំបាកមួយចំនួន
ដែលជាទូទៅបញ្ហានៅក្នុងការសរសេរ ការអាន ការស្តាប់
និងការនិយាយមិនបានត្រឹមត្រូវល្អ។ចំពោះអ្នកសិក្សាភាសាអង់គ្លេសតែងជួបប្រទះនូវបញ្ហាត្រង់ថាតើធ្វើយ៉ាងណាទើបអាចពន្លឿនការសិក្សានេះឆាប់បានចេះចាំស្ទាត់។
មានវិធីច្រើនយ៉ាងណាស់
ដែលគេនិយមប្រើខុសៗគ្នាទៅតាមការចូលចិត្តរបស់បុគ្គលម្នាក់ៗ។
យ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាគន្លឹះ៤យ៉ាង
ដែលអាចជួយធ្វើឲ្យការសិក្សាភាសាអង់គ្លេសរបស់អ្នកឆាប់ទទួលបានផ្លែផ្កាល្អ៖

១. ចូរប្រើពាក្យថ្មីៗ
និងសំណង់វេយ្យាករណ៍ថ្មីៗឲ្យបានច្រើនតាមវិធីផ្សេងៗ៖
វាជារឿងមួយដ៏សំខាន់ដែលអ្នកសិក្សាភាសាអង់គ្លេសគួរយល់ដឹង
គឺនៅពេលដែលអ្នកចេះពាក្យណាថ្មី
អ្នកត្រូវយកពាក្យថ្មីនោះមកហាត់សរសេរ
ហាត់និយាយដោយការបង្កើតសំណង់ប្រយោគប្រើឲ្យបានត្រឹមត្រូវតាមវេយ្យាករណ៍ផ្សេងៗឲ្យបានរឹតតែច្រើនរឹតតែល្អបំផុត។

២.
ចូរព្យាយមប្រើពាក្យថ្មីខុសៗគ្នាតែមានអត្ថន័យដូចគ្នាឲ្យបានច្រើន៖
នៅក្នុងភាសាអង់គ្លេសមានពាក្យជាច្រើនដែលមានអត្ថន័យដូចគ្នា
ឬប្រហាក់ប្រហែលគ្នា។ ដូច្នេះ បើអ្នកបានចេះពាក្យណាមួយថ្មី
អ្នកគួរស្វែងរកពាក្យថ្មីផ្សេងទៀតដែលមានអត្ថន័យដូច
ឬស្រដៀងគ្នានោះឲ្យបានច្រើន ដោយប្រើវចនានុក្រមសទិសន័យ (Synonym
Dictionary) ជាជំនួយ
រួចបន្ទាប់មកត្រូវបង្កើតប្រយោគនិយាយជាមួយនឹងពាក្យដដែលៗនោះឲ្យបានច្រើន។

៣. ចូរហ្វឹកហាត់ស្តាប់ការបញ្ចេញសម្លេងដើមឲ្យបានត្រឹមត្រូវ៖
មិនថាអ្នករៀនភាសាអ្វីនោះទេ ពោលគឺដើម្បីចៀសវាងការបញ្ចេញខុស
អ្នកត្រូវតែរៀនស្តាប់សម្លេងដើមតាមខ្សែអាត់កាសែត
ឬទស្សនាទូរទស្សន៍។ ចូរកុំទម្លាប់អានតាមតៗពីគ្រូ មិត្តភ័ក្តិ
ឬរៀមច្បង
ដោយមិនបានផ្ទៀងផ្ទាត់ជាមួយការបញ្ចេញសម្លេងដើមឲ្យសោះ
ពុំនោះទេភាសាអង់គ្លេសរបស់អ្នកនឹងជាប់តាមសម្លេងភាសាកំណើតរបស់ខ្លួន
(Mother Tongue) មិនខាន។

៤. ពេលអ្នករៀនខ្លួនឯង ចូរផ្ទៀងជាមួយចម្លើយដ៏ត្រឹមត្រូវ៖
ជាការពិតណាស់ថាអ្នកត្រូវរៀនជាមួយគ្រូនៅឯសាលា
ប៉ុន្តែប្រការដែលសំខាន់បំផុតគឺអ្នកត្រូវខិតខំរៀនដោយខ្លួនឯងនៅផ្ទះឲ្យបានច្រើនជាអតិបរមា។
ការរៀនដោយខ្លួនឯងនេះហើយ
ដែលជារឿយៗធ្វើឲ្យអ្នកមានកំហុសឆ្គង
ជាពិសេសក្នុងការអនុវត្តសំណួរចម្លើយ។ ដូច្នេះ
ដើម្បីឲ្យការរៀនដោយខ្លួនឯងមានប្រសិទ្ធភាពខ្ពស់
អ្នកគួរមានឯកសារចម្លើយផ្ទៀងផ្ទាត់
ពោលគឺមិនត្រូវចេះតែជ្រើសរើសចម្លើយដោយខ្លួនឯងហើយមិនពិនិត្យមើលចម្លើយដ៏ត្រឹមត្រូវឡើយ៕ (ប្រភព៖ bucksmore.com)
អត្ថបទដោយ៖ មត សុមឿន
Comments
Post a Comment