ហេតុ​​អ្វី​​​ស្ត្រី​ខ្មែរ​​​អាំង​​ភ្លើង​​ ក្រោយ​​ពេល​​សម្រាល​កូន​​រួច​?

ហេតុ​​អ្វី​​​ស្ត្រី​ខ្មែរ​​​អាំង​​ភ្លើង​​ ក្រោយ​​ពេល​​សម្រាល​កូន​​រួច​?

តាំង​ពី​​បុរាណ​កាល​​កន្លង​​មក​ ប្រជាជន​​ខ្មែរ​​​យើង​​​កាល​​ណា​​​មាន​​​ស្ត្រី​​សម្រាល​​បុត្រ​​ថ្មីៗ​ ចាស់​ទុំ​​តែង​តែ​​រៀប​ចំ​​កន្លែង​​​ឲ្យ​​គាត់​ (ស្រ្តី​​ដែល​​សម្រាល​​កូន)​ សម្រាក​​អាំង​ភ្លើង​។​ តើ​​ខ្មែរ​​យើង​ ដែល​​មាន​​ទម្លាប់​​អាំង​ភ្លើង​​ក្រោយ​​ពេល​​សម្រាល​​បុត្រ​​នោះ​​ដើម្បី​​​អ្វី​?​ ហេតុ​​អ្វី​​បាន​​មិន​​នាំ​​គ្នា​​ទៅ​​ចាក់​​ថ្នាំ​ បែរ​ជា​​ទៅ​​អាំង​ភ្លើង​​វិញ​?

​នៅ​​ក្នុង​​សម័យ​​បច្ចុប្បន្ន​​នេះ​ ជា​​ទូទៅ​​មាន​​ស្ត្រី​​មួយ​​ចំនួន​​ដោយ​​មាន​ការ​​ណែ​នាំ​​ពី​​គ្រូ​ពេទ្យ​ ដោយ​​គ្រាន់​តែ​​ចាក់​​ថ្នាំ​​ឲ្យ​​បាន​​គ្រប់​គ្រាន់​​ក្រោយ​​​ពេល​​សម្រាល​​បុត្រ​​រួច​ មិន​​ចាំ​បាច់​​អាំង​ភ្លើង​​នោះ​​ទេ​ តែ​​មាន​​ស្ត្រី​​មួយ​​ចំនួន​​ទៀត​​ចាក់​​ថ្នាំ​​ផង​ អាំង​ភ្លើង​​ផង​។​ ចាស់ៗ​​មួយ​​ចំនួន​​បាន​​មាន​​ប្រសាសន៍​​ថា​ ស្ត្រី​​ក្រោយ​​ពេល​​សម្រាល​​បុត្រ​​រួច​ ត្រូវ​​តែ​​អាំង​ភ្លើង​ គឺ​​ត្រូវ​​អាំង​​ភ្លើង​​រយៈ​ពេល​​កាន់​តែ​​យូរ​​កាន់​តែ​​ល្អ​។ ប៉ុន្តែ​​​ជា​​ទូទៅ​ ការ​​អាំង​ភ្លើង​​ក្នុង​​ពេល​​ថ្ងៃ​​ គឺ​​អាច​​ត្រឹម​​តែ​​កន្លះ​​ខែ​​ទៅ​​មួយ​​ខែ​​ក៏​​បាន​ តែ​នៅ​​ពេល​​យប់​​ត្រូវ​​តែ​​អាំង​​រាល់​ថ្ងៃ​​រយៈ​ពេល​​ពី​​ប្រាំ​​ទៅ​​ប្រាំ​មួយ​​ខែ​ ឬ​​អាច​​ដល់​​មួយ​​ឆ្នាំ​​ក៏​​មាន​ ក្នុង​​បំណង​​ដើម្បី​​ឲ្យ​​រឹង​សសៃ​ ឬ​រឹង​​ជើង​​រឹង​​ដៃ​​ជា​ដើម​។

​​យោង​​ទៅ​​តាម​​គេហ​ទំព័រ​​កំណើត​​ថ្មី​​បាន​​រៀប​រាប់​​អំពី​​ការ​​អាំង​ភ្លើង​​នេះ​​​​ថា​៖​ កាល​ពី​​បុរាណ​​ស្ត្រី​​ខ្មែរ​​ជា​​​ទូ​ទៅ​​ក្រោយ​​ពេល​​សំរាល​កូន​​ហើយ​ ត្រូវ​​អាំង​ភ្លើង​​អស់​​ជា​​ច្រើន​​ថ្ងៃ​​ទើប​​អាច​​ចុះ​​ពី​​គ្រែ​​បាន​។​ ចំណុច​នេះ​​រហូត​​មក​​ដល់​បច្ចុប្បន្ន​ ​ទោះ​បី​​​ត្រូវ​​បាន​​គេ​​បំភ្លេច​​ចោល​​ស្ទើរ​តែ​​ទាំង​ស្រុង​ ដោយ​សារ​​តែ​​មាន​​ថ្នាំ​​វិទ្យា​សាស្ត្រ​​ជា​​ជំនួយ​​ហើយ​​ក្តី​ ក៏​​នៅ​​មាន​​ស្ត្រី​​ជា​​ច្រើន​​នាក់​​សង្ស័យ​​ថា​ ហេតុ​​ដូច​​ម្តេច​​ក្រោយ​​ពេល​​សម្រាល​កូន​​ហើយ​​​ស្ត្រី​​​ត្រូវ​​​នៅ​​​លើ​​​ភ្លើង​ ​​តើ​​វា​​មាន​​លទ្ធ​ផល​​ល្អ​​បែប​​ណា​ខ្លះ​។

​​ការ​​ពិត​​អាំង​ភ្លើង​​ក្រោយ​​ពេល​​សម្រាល​កូន​​រួច​ គឺ​ជា​​រឿង​​ល្អ​​បំផុត​​ដែល​​ចាត់​​ទុក​​ថា​​ជា​​ការ​​សម្រាក​​នៅ​​ស្ងៀមៗ​​ បន្ទាប់​​ពី​​បាត់​បង់​​ឈាម​ និង​​អស់​កំលាំង​​ល្ហិត​ល្ហៃ​ ក្រោយ​​ពេល​​សម្រាល​កូន​​រួច​។​ កម្ដៅ​ភ្លើង​​ដែល​​សម​​ល្មម​​នឹង​​ថ្នាំ​បុរាណ​​ដែល​ទទួល​​ទាន​​វា​​បាន​​ជួយ​​សម្រួល​​ឈាម​​ឲ្យ​​រត់​​ស្រួល​​ក្នុង​រាង​​កាយ​​ និង​​ធ្វើ​​ឲ្យ​​រាង​កាយ​​​ត្រឡប់​មក​​​កាន់​​សភាព​​ដើម​​​វិញ​​យ៉ាង​​ឆាប់​​រហ័ស​។ ​តាមមតិ​យល់​ដឹង​ក្នុង​សម័យ​វេជ្ជសាស្រ្ត​ថ្មីនេះ ការ​​អាំង​ភ្លើង​​ក្រោយ​​ពេល​​សម្រាល​កូន​​រួច​ ​មិនមែន​ជា​រឿង​ដ៏​ចាំបាច់​​ទេ ក៏​ប៉ុន្តែ​​​មិន​មែន​​មាន​​ន័យ​​ថា​​ពុំ​​មា​ន​​ប្រយោជន៍​​នោះ​​ដែរ​ គ្រាន់​តែ​​ចំណុច​​ដ៏​​សំខាន់​​បំផុត​​គឺ​ទាមទារ​​ឲ្យ​​មាន​ការ​​សម្រាក​​ឲ្យ​​បាន​​គ្រប់​គ្រាន់​​​ដើម្បី​​​ស្តារ​​ស្ថាន​ភាព​​រាង​​កាយ​​ឲ្យ​​រឹង​​មាំ​​​ធម្មតា​វិញ​ ឬ​​ថា​​បើ​បាន​​​អាំង​​​ភ្លើង​​​​​ក៏​​ល្អ​ដែរ ​​ព្រោះ​​ចំណុច​​មួយ​​នេះ​​វា​​អាច​​ជួយ​​ឲ្យ​​ស្ត្រី​ ដែល​​ទើប​សម្រាល​បុត្រ​រួច​ឆាប់មាន​ភាព​រឹង​មាំ​ឡើង​វិញ៕
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!