អាថ៌​កំបាំង​​នៃ​ការ​សិក្សា​ដ៏​មាន​ប្រសិទ្ធ​ភាព

អាថ៌​កំបាំង​​នៃ​ការ​សិក្សា​ដ៏​មាន​ប្រសិទ្ធ​ភាព

វិ​ធី​សាស្ត្រ​ក្នុង​ការ​រៀន​មាន​​ច្រើនខុសៗ​​គ្នា​​តាម​​ការ​​និយម​​ចូល​​ចិត្ត​របស់​​បុគ្គល​​ម្នាក់ៗ យ៉ាង​ណា​ក៏​ដោយ ​អ្នក​គប្បី​យល់​ដឹង​ពី​គន្លឹះ​សំខាន់​ខ្លះៗ​ដើម្បី​អភិវឌ្ឍ​ការ​សិក្សា​ឲ្យ​ទទួល​បាន​ផ្លែ​ផ្កា​គួរ​ជា​ទី​គាប់​ចិត្ត។ តើ​​លោក​​អ្នក​​មាន​​វិធី​​រៀន​​បែប​ណា​ខ្លះ?​ តើ​​វា​​មាន​​ប្រសិទ្ធ​ភាព​ទេ? ខាង​​ក្រោម​​នេះ​​សូម​​ណែ​នាំ​នូវ​គន្លឹះ​មួយ​ចំនួន​ដើម្បី​ជួយ​ឲ្យ​ការ​សិក្សា​មាន​ប្រសិទ្ធ​ភាព៖
១. ចូរ​ឧស្សាហ៍​រំលឹក​ឡើង​វិញ​នូវ​រាល់​ខ្លឹម​សារ​មេ​រៀន ដែល​អ្នក​បាន​រៀន​រួច​ហើយ​ក្នុង​ថ្នាក់​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​ចូរ​ផ្តោត​អារម្មណ៍​ទៅ​លើ​ប្រធាន​បទ​ណា​មួយ​ជាក់​លាក់​ដើម្បី​ធ្វើ​ឲ្យ​ចង​ចាំ​បាន​ល្អ​ប្រសើរ។
២. នៅ​ពេល​អាន​គួរ​ប្រមូល​យក​ឯក​សារ​មេរៀន​ទាំង​ប៉ុន្មាន​មក​ដាក់​នៅ​មុខ​លោក​អ្នក ដូចជា ឯកសារ​មេ​រៀន សៀវ​ភៅ​សិក្សា ឯកសារ​ណែ​នាំ​ការ​សិក្សា និង​ឯកសារ​ពាក់​ព័ន្ធ​នានា។
៣.​ចូរ​ស្វែង​រក​កន្លែង​មាន​ផាសុក​ភាព និង​ស្ងប់​ស្ងាត់​ដើម្បី​រៀន​ដោយ​មាន​ពន្លឺ​គ្រប់​គ្រាន់ និង​មិន​សូវ​មាន​ការ​រំខាន។ ចូរ​ចៀស​វាង​ការ​ផ្អែក​ ឬ​សណ្តិល​លើ​គ្រែ​គេង ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ឆាប់​ងងុយ​គេង។

៤.​ចូរ​ចាប់​ផ្តើម​សិក្សា​នូវ​គន្លឹះ​នៃ​ខ្លឹម​សារ​មេរៀន​សំខាន់ៗ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ៥. ចូរ​សិក្សា​នូវ​គំនិត​ទូទៅ​ជា​មុន​សិន បន្ទាប់​មក​សិក្សា​នូវ​ខ្លឹម​សារ​ទាំង​មូល រហូត​ដល់​អ្នក​យល់​នូវ​ចំណុច​សំខាន់​នៅ​ក្នុង​មេរៀន។​
៦.​ ចូរ​កត់​ចំណាំ និង​សរសេរ​ចុះ​នូវ​សេចក្តី​សង្ខេប​នៃ​គំនិត​សំខាន់ ខណៈ​ដែល​អ្នក​អាន​ឯកសារ​មេរៀន​របស់​លោក​អ្នក។
៧.​ ចូរ​សម្រាក​រយៈ​ពេល​ខ្លី​ឲ្យ​បាន​ញឹក​ញាប់ ដើម្បី​ឲ្យ​ការ​សិក្សា​ពី​ចំណុច​ចាប់​ផ្តើម​រហូត​ដល់​ចុង​បញ្ចប់​យល់​បាន​ល្អ​ក្នុង​ខ្លឹម​សារ​នៃ​មេ​រៀន។
៨.​ ចូរ​បង្កើន​ការ​សិក្សា​បន្ថែម​បន្តិចម្តងៗ​ជា​រៀង​រាល់​ថ្ងៃ ​កុំ​ចាំ​រៀន​សម្រុក​នូវ​នាទី​ចុង​ក្រោយ​ឡើយ។ ការ​សិក្សា​រាល់​ថ្ងៃ​ចង​ចាំ​បាន​យូរ​អង្វែង​ ឯការ​ប្រឹង​រៀន​មួយ​ភ្លែត​ងាយ​នឹង​ភ្លេច​ទៅ​វិញ។
៩.​ចូរ​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា​អ្នក​យល់​ច្បាស់​ពី​ខ្លឹម​សារ​មេរៀន ហើយ​កុំព្យាយាម​​​ទន្ទេញ​​គ្រប់​ចំណុច​នោះ។
១០.​ចូរ​ធ្វើ​តេស្ត​សមត្ថ​ភាព​របស់​អ្នក​ដោយ​ខ្លួន​ឯង ឬ​ឲ្យ​អ្នក​ដទៃ​ធ្វើ​តេស្ត​អ្នក​ទៅ​លើ​ខ្លឹម​សារ​មេរៀន​ដើម្បី​ឲ្យ​ដឹង​ពី​ចំណុច​ខ្សោយ ​និង​ចំណុច​ខ្លាំង​របស់​អ្នក។
១១.​ការ​ស្តាប់​​តន្ត្រី​​កំសាន្ត​ដូច​ជា តន្ត្រី​បុរាណ ឬ​តន្ត្រី​ហ្សាស ដោយ​សម្លេង​តិចៗ ក៏​អាច​ជួយ​កាត់​បន្ថយ​នូវ​ភាព​ធុញ​ទ្រាន់​ក្នុង​ការ​សិក្សា​បាន​ខ្លះៗ​ដែរ។
១២.​ចូរ​កុំ​សិក្សា​ឲ្យ​ហួស​ម៉ោង​ដែល​អ្នក​តែង​ចូល​គេង​អី ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​​សុខភាព។ គួរ​សិក្សា​ក្នុង​ពេល​រសៀល ឬ​ពី​ក្បាល​ព្រលប់​ បើ​អ្នក​ទម្លាប់​ងើប​ពី​គេង​ពី​ព្រលឹម គួរ​សិក្សា​នៅ​ពេល​ព្រឹក​ព្រលឹម៕
ប្រែសម្រួលដោយ៖ មត សុមឿន
(ប្រភពពី៖ testtaking.com)

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!