គន្លឹះ៣យ៉ាងជួយបង្កើនសុភមង្គលក្នុងគ្រួសារ
គន្លឹះ៣យ៉ាងជួយបង្កើនសុភមង្គលក្នុងគ្រួសារ
សុភមង្គលក្នុងគ្រួសារ គឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បាន ប៉ុន្តែមានមនុស្សជាច្រើនបានបរាជ័យក្នុងការបង្កើតសុភមង្គលមួយនេះ បើទោះបីជាពេលខ្លះគេបានព្យាយាមស្វែងរកវាតាមវិធីផ្សេងៗក៏ដោយ។ ក៏មានមនុស្សមួយចំនួនយល់ថាសុភមង្គលក្នុងគ្រួសារនឹងកើតមាន នៅពេលដែលគេមានលុយច្រើន មានឡានទំនើបៗ មានវីឡាស្កឹមស្កៃ ឬបានរួមរស់ជាមួយមនុស្សដែលខ្លួនស្រឡាញ់។ ក្រៅពីលុយ ឡាន និងវីឡាឋានសួគ៌ តើសុភមង្គលគ្រួសារដ៏ពិតប្រាកដអាចកើតមានដោយវិធីណា? ខាងក្រោមនេះជាគន្លឺះដ៏ស័ក្តិសិទ្ធ៣យ៉ាង ដែលអាចធ្វើសុភមង្គលគ្រួសារកើតមាន៖១. ញ៉ាំអាហារពេលល្ងាចជាមួយគ្នា៖ មិនថាមមាញឹកក្នុងកិច្ចការងារយ៉ាងណានោះទេ លោកអ្នកគួរចំណាយពេលខ្លះៗដើម្បីញ៉ាំអាហារពេលល្ងាចជាមួយគ្នា។ តាមពិតការពិសាអាហារជាមួយសមាជិកគ្រួសារ ឬពេលខ្លះបើអាចទៅរួចជួយចំអិនអាហារជាមួយគ្នា គឺជាពេលវេលាដ៏មានតម្លៃ និងសុភមង្គលបំផុត ដែលគេមិនគួរមើលរំលង។ ឆ្លៀតពេលជុំគ្នានេះ លោកអ្នកក៏អាចជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ ដោយលើកបញ្ហាមកនិយាយត្រង់ៗដើម្បីរកដំណោះស្រាយរួម និងរឹតតែពិសេសទៀត គឺរំលឹកអនុស្សាវរីយ៍ល្អៗ ដើម្បីបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះគ្នា។
២. និយាយជាមួយគ្នាដោយភាពឆ្លាតវៃ៖ មនុស្សយើងមុននឹងនិយាយស្តីអ្វីត្រូវគិតពីពេលវេលា ទីកន្លែង និងបុគ្គល។ ជាទូទៅពេលមនុស្សហត់ហេវ តែងតែមានអារម្មណ៍ឆេវឆាវឆាប់ខឹង និងមិនសូវចេះគិតហេតុផលឡើយ ដូច្នេះបើអ្នកចង់និយាយស្តីអ្វីមួយជាមួយសមាជិកក្នុងគ្រួសារ ជាពិសេសជាមួយប្រពន្ធ អ្នកត្រូវរកពេលអំណោយល្អសឹមចាប់ផ្តើម។ តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ស្ត្រីភាគច្រើនមានអារម្មណ៍តានតឹងខ្លាំងក្នុងចន្លោះម៉ោងពី៦ទៅម៉ោង៨ល្ងាច ព្រោះនាងទើបត្រឡប់មកពីកន្លែងការងារ ហើយត្រូវធ្វើកិច្ចការផ្ទះសម្បែង ចង្ក្រានជើងឆ្នាំងច្រើន និងថែទាំកូនទៀត។ អ្នកគួររកពេលល្អផ្សេងពីនេះដើម្បីពិភាក្សា ហើយប្រការដែលគួរចាំមួយទៀត គឺមិនគួរប្រើពាក្យ «អូនឯង…ឬអ្នកឯង…» ឡើយ ប៉ុន្តែចូរជំនួសដោយពាក្យថា «យើង…» ព្រោះពាក្យថាយើងនឹងបន្ធូរបញ្ហា ហើយបង្ហាញថាអ្នកកំពុងដោះស្រាយបញ្ហារួម។
៣. និយាយពាក្យស្រឡាញ់៖ អ្នកត្រូវយល់ថាឥទ្ធិពលនៃពាក្យស្រឡាញ់នឹងអាចជួយឲ្យអ្នកដែលបានស្តាប់លឺមានកម្លាំងចិត្ត សប្បាយចិត្ត និងមានភាពជឿជាក់លើអ្នក។ ជាធម្មតា គ្រួសារដែលមានសុភមង្គល គឺជាគ្រួសារដែលពោរពេញទៅដោយសមាជិកនៃគ្រួសារ ជាពិសេសឪពុកម្តាយចេះប្រើពាក្យថា «…ស្រឡាញ់…» ជានិច្ចចំពោះគ្នា។ ទន្ទឹមនេះដែរ អ្នកគួរចេះប្រើពាក្យផ្អែមល្ហែម លួងលោម សរសើរ ផ្តល់កាដូ (ផ្កា ឬវត្ថុជាទីស្រឡាញ់ដល់ដៃគូ ឬកូន…) ជួយធ្វើកិច្ចការជំនួស ឲ្យតម្លៃពេលវេលានៅជាមួយគ្រួសារ និងថ្នមកាយ (ថើបថ្ពាល់ ម្រាមដៃ ឬសក់ អង្អែលក្បាល ឬដៃជាដើម)។
៤. ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត៖ ការចេះប្រើទឹកមុខ និងពាក្យសម្តីគាំទ្រ និងលើកទឹកចិត្តបានល្អអាចធ្វើឲ្យមនុស្សដែលជិតស្លាប់ទៅហើយក្រោកឈរចង់រស់ទៀតបាន។ វាជារឿងដ៏សំខាន់ណាស់ ដែលសមាជិកនៃគ្រួសារម្នាក់ៗចេះផ្តល់កម្លាំងចិត្ត គាំទ្រ លើកទឹកចិត្តគ្នា នៅពេលមានអ្នកណាម្នាក់ធ្វើអ្វីមួយ ឬជួបបញ្ហាអ្វីមួយ ពោលគឺមិនធ្វើព្រងើយមិនអើពើ ឬស្តីបន្ទោសបន្ថែមឡើយ។ មានបុគ្គលជោគជ័យច្រើនណាស់នៅលើលោកនេះ ដែលជោគជ័យរបស់ពួកគេភាគច្រើន គឺបានមកដោយចំណែកដ៏ធំពីការផ្តល់កម្លាំងចិត្ត គាំទ្រ និងលើកទឹកចិត្តពីសមាជិកក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ចូរចងចាំថា «កម្លាំងចិត្ត គឺជាជោគជ័យ»៕ (ប្រភព៖ mykidsadventures.com)
ប្រែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment