បុរស១០ប្រភេទដែលនារីមិនគួររៀបការជាមួយ
បុរស១០ប្រភេទដែលនារីមិនគួររៀបការជាមួយ
ក្នុងអត្ថបទលើកមុន លោកអ្នកធ្លាប់បានអានអំពីស្រ្តី១០ប្រភេទដែលបុរសមិនគួររៀបការជាមួយ ឥឡូវនេះសូមបង្វែរអារម្មណ៍មកមើលប្រភេទបុរសដែលស្រ្តីមិនគួររៀបការជាមួយវិញម្តង។ ជាការពិតណាស់ អាពាហ៍ពិពាហ៍គឺជាការរៀបចំដំណើររួមគ្នារវាងបុរស និងស្រ្តីដើម្បីកសាងស្ពានសុភមង្គល និងបន្តវេនមនុស្ស។ យ៉ាងណាក៏ដោយ កិច្ចការនេះតម្រូវឲ្យមានការពិចារណាឲ្យបានល្អិតល្អន់ ព្រោះដូចពាក្យចាស់ពោលថា «ធ្វើស្រែខុសមួយឆ្នាំត្រូវមួយឆ្នាំ តែអាពាហ៍ពិពាហ៍បើខុស គឺខុសមួយជីវិត»។ ខាងក្រោមនេះជាប្រភេទបុរសដែលនារីទាំងឡាយគួរចៀសវាងមក្នុងការចាប់ដៃកសាងវាសនាជាមួយ៖១. បុរសដែលចូលចិត្តផ្ញើសារពេលយប់ជ្រៅ (The Late Night Texter)៖ បុរសដែលចូលចិត្តផ្ញើសារទៅអ្នកក្នុងពេលយប់ជ្រៅ ឬរំលងអធ្រាត្រ ជាទូទៅគឺជាមនុស្សប្រុសដែលគ្រាន់តែចង់បានអ្វីម្យ៉ាងពីអ្នក ឬត្រូវការមនុស្សម្នាក់ដើម្បីនិយាយកំដរអារម្មណ៍ នៅពេលដែលគេត្រូវការតែប៉ុណ្ណោះ។
២. បុរសកំសាក/ទន់ជ្រាយ៖ បុរសប្រភេទនេះនារីមិនគួរយកខ្លួនបៀតឡើយ ព្រោះជាមនុស្សដែលគ្មានក្តីស្រម៉ៃ គ្មានទស្សនៈវិស័យ ឬបំណងដើម្បីក្រោកឈរធ្វើអ្វីមួយឲ្យបានជោគជ័យឡើយ។
៣. បុរសដែលចូលចិត្តកុហក (The Liar)៖ ចូរកុំទុកចិត្តមនុស្សប្រុសណាដែលកុហកអ្នកម្តងហើយម្តងទៀតឲ្យសោះ។ បើអ្នកនៅតែមិនអើពើនូវអ្វីដែលគេតែងតែកុហកនោះ អ្នកនឹងត្រូវគេក្បត់ទំនាក់ទំនងមិនខាន។
៤. បុរសចិត្តស្រាល/ឆាប់ប្តូរចិត្ត (The Flake)៖ មនុស្សប្រុសប្រភេទនេះ គឺតែងតែឆាប់ផ្លាស់ប្តូរចិត្ត និងមិនសូវគោរពពាក្យសម្តី ឬសន្យាឡើយ។ បុរសបែបនេះ តែងធ្វើអ្វីតាមទំនើងចិត្តខ្លួន។ ៥. បុរសលាក់លៀមច្រើន (The Cheater)៖ មនុស្សដែលនឹងត្រូវរស់នៅជាមួយអ្នកអស់មួយជីវិត មិនគួលាក់លៀម ឬកុហកបោកប្រាស់អ្នកនោះទេ។ ដូច្នេះអ្នកមិនគួររៀបការជាមួយមនុស្សបែបនេះទេ ព្រោះវានឹងធ្វើឲ្យអ្នកគ្មានភាពជឿជាក់ក្នុងការកសាងវាសនាជាមួយគ្នា។
៦. បុរសដែលចូលចិត្តដើរលេងច្រើន (The Partier)៖ ថ្វីត្បិតតែការចូលរួមជាមួយមិត្តភ័ក្តិវាជារឿងសំខាន់ តែវាមិនមែនមានន័យថាអ្នកត្រូវតែទៅទើបល្អនោះទេ។ មនុស្សប្រុសដែលថ្ងៃណា ឬពេលណាក៏ចេញក្រៅទៅដើរលេង ឬជួបជុំជាមួយមិត្តភ័ក្តិ ជាប្រុសដែលតែងតែធ្វើឲ្យអ្នកក្តៅចិត្តឥតល្ហែ និងមានវិប្បដិសារីជានិច្ច។
៧. បុរសក្លែងក្លាយ (The Fake)៖ មនុស្សប្រុសដែលពេញជាបុរសគឺត្រូវមានភាពរឹងមាំ អង់អាចក្លាហាន ចេះតស៊ូប្តូរផ្តាច់ ជាពិសេសគឺមានគំនិតច្នៃប្រឌិត និងមានទំនួលខុសត្រូវ គួរជាទីពឹងពាក់របស់កូនៗ និងភរិយា(បង្គោលគ្រួសារ)។ ដាច់ខាតចូរកុំយកបុរសកំសាកញី និងគ្មានការទទួលខុសត្រូវឲ្យសោះ។
៨. បុរសដែលមានពុតត្បុតច្រើន (The Hypocrite)៖ មនុស្សប្រុសបែបនេះ នារីមិនគួររៀបការជាមួយសោះឡើយ ព្រោះតែងមានល្បិចកលជានិច្ច មិនស្មោះត្រង់ជាមួយភរិយាទេ។ បុរសប្រភេទនេះជាមនុស្សយកជាគ្នាមិនបាន ដោយហេតុថាគេធ្វើអ្វីៗដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
៩. បុរសចូលចិត្តញ៉ែញ៉ងស្រី (The Flirt)៖ ជាប្រភេទមនុស្សបុរសដែលចូលចិត្តបោះពាក្យសម្តីឡែបខាយផ្តោះផ្តងដាក់នារីដែលទើបស្គាល់ថ្មី អ្នកបម្រើស្រី និងសូម្បីមិត្តភ័ក្តិរបស់អ្នក។ អ្នកគួររៀបការជាមួយបុរសដែលចូលចិត្តសម្តែងភាពទន់ ផ្អែមល្ហែមចំពោះអ្នក និងមិនក្បត់សាវា។
១០. បុរសដែលគ្មានភាពម្ចាស់ការ (The Jerk)៖ នារីមិនគួររៀបការជាមួយមនុស្សដែលគ្មានភាពម្ចាស់ការខ្លួនឯងឡើយ។ បុរសប្រភេទនេះ គឺធ្វើអ្វីតាមតែគេញាក់ គេអូសទាញ ពោលគឺជាមនុស្សដែលគ្មានភាពជឿជាក់លើខ្លួនឯង និងសូម្បីតែដៃគូរបស់ខ្លួន៕ (ប្រភព៖ jarridwilson.com)
អត្ថបទដោយ៖ មត សុមឿន
Comments
Post a Comment