វិធីសាស្ត្របង្រៀនកុមារចាប់ពីអាយុ៣ឆ្នាំដល់៩ឆ្នាំ
មនុស្សជាច្រើនតែងគិតថា
ការបង្រៀនកុមារតូចៗជាការងាយស្រួល
ប៉ុន្តែនេះប្រហែលជាអ្នកដែលគិតដូច្នោះ
មិនដែលធ្លាប់ឆ្លងកាត់បង្រៀនក្មេងៗទេ។
ចំពោះអ្នកដែលធ្លាប់បង្រៀនក្មេងតូចៗ ជាពិសេសលោកគ្រូ
អ្នកគ្រូថ្នាក់មត្តេយ្យ រមែង
ត្អូញត្អែរពីបញ្ហាលំបាករកវិធីសាស្ត្របង្រៀនក្មេងៗ។
ខាងក្រោមនេះជាគន្លឹះខ្លះៗដើម្បីជួយឲ្យការបង្រៀនកុមារតូចៗមានប្រសិទ្ធភាព៖

១. បង្រៀនឲ្យធ្វើយាន/របស់លេង៖
ក្មេងៗចូលចិត្តច្នៃរបស់លេងដែលផលិតដោយស្នាដៃគេផ្ទាល់ណាស់។
ដូច្នេះ លោកអ្នកគួរផ្តោតអារម្មណ៍លើចំណុចនេះឲ្យមែនទែន
ព្រោះក្មេងៗនឹងសប្បាយចិត្តខ្លាំង
ពេលត្រឡប់ទៅដល់ផ្ទះវិញ
ហើយអួតបង្ហាញប៉ាម៉ាក់របស់គេនូវអ្វីដែលគេបានផលិត។

២. ចំពោះក្មេងអាយុចន្លោះពី៣ទៅ៦ឆ្នាំ៖
លោកអ្នកគួរយកចិត្តទុកដាក់គិតពីបញ្ហាទំនាក់ទំនងមិត្តភាពរបស់ពួកគេ។
លោកអ្នកមិនគួរគិតតែពីបង្រៀនមេរៀនសង្គមនោះទេ
ប៉ុន្តែត្រូវចេះតម្រង់ទិសពួកគេឲ្យចេះគោរពស្រឡាញ់គ្នា
រក្សាមិត្តភាពល្អចំពោះគ្នា ចេះយកអាសាគ្នា
និងស្នេហាសច្ចៈយុត្តិធម៌ក្នុងសង្គម។

៣. ចំពោះក្មេងអាយុចន្លោះពី៧ដល់៩ឆ្នាំ៖
ក្នុងចន្លោះវ័យនេះ
លោកអ្នកគួរបង្រៀនពួកគេឲ្យយល់ដឹងពីតម្លៃនៃមិត្តភាពរវាងមនុស្សភេទផ្ទុយគ្នា
និងរបៀបរបបហូបចុក ស្លៀកពាក់ ដើរហើរ
និយាយស្តីក្នុងសង្គម។

៤. ចេះអត់ធ្មត់៖ គុណសម្បត្តិដ៏ល្អរបស់គ្រូបង្រៀន
គឺភាពអត់ធ្មត់ខ្ពស់។ វាជារឿងគួរឲ្យធុញ
ដែលពេលខ្លះអ្នកខំបង្រៀន តែសិស្សមិនចេះ
ឬមិនយកចិត្តទុកដាក់ ឬក៏ទទួលបានពិន្ទុទាប យ៉ាងនេះក្តី
អ្នកត្រូវតែមានអំណត់បង្រៀនសិស្សដោយក្តីស្រឡាញ់ជានិច្ច។

៥. បង្កើតល្បែងកំសាន្តឲ្យពួកគេសប្បាយ៖
លោកអ្នកត្រូវរិះរកវិធី/ល្បែងកំសាន្តក្នុងពេលបង្រៀនឲ្យសិស្សលេង
ឧទាហរណ៍ៈ បង្កើតល្បែងសរសេរពាក្យ
ឬល្បែងបែបគណិតវិទ្យាជាដើម។

៦. កំប្លែង៖ នេះជាវិធីចុងក្រោយ ហើយស័ក្តសិទ្ធបំផុត
ដែលលោកអ្នកជាគ្រូគួរតែធ្វើឲ្យបាន។ ក្នុងន័យនេះ
អ្នកគួរចេះលេងសើចជាមួយសិស្ស
ឬកំប្លែងឲ្យពួកគេស្តាប់
ឬក៏ឲ្យសិស្សណាម្នាក់ឡើងសម្តែង ឬកំប្លែងក្នុងថ្នាក់
ដែលវិធីនេះនឹងជួយលួងចិត្តសិស្សឲ្យពេញចិត្តរៀន
និងភ្លេចការលំបាក៕ (ប្រភព៖ www.wikihow.com)
ប្រែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment