ជំងឺវិបល្លាសស្មារតី បណ្តាលមកពីការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរតាមរយៈបទពិសោធ៍អតីតកាល (Trauma and Stressor-Related Disorder)
ជំងឺវិបល្លាសស្មារតី បណ្តាលមកពីការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរតាមរយៈបទពិសោធ៍អតីតកាល
(Trauma
and Stressor-Related Disorder)
ដោយ៖ នៅ វណ្ណេត, សុវណ្ណ ស្រីពីន, ឆេង ផល្លីន, ចាន់ ស្រីពេជ្យ, ឡាយ សុភាវត្តី
ជំងឺវិបល្លាសស្មារតី (Metal
Disorder) ត្រូវបានគេសង្កេតឃើញថា កំពុងមានការកើនឡើងក្នុងភាគរយច្រើនគូរឲ្យកត់សំគាល់ក្នុងចំណោមប្រជាជនទូទៅក្នុងពិភពលោកសព្វថ្ងៃ។ ជំងឺនេះបែងចែកជាច្រើនប្រភេទខុសៗគ្នាដោយផ្អែកលើ
រោគសញ្ញា ផលបះពាល់ វិធីបង្ការ និង ការព្យាបាល និងមូលហេតុបង្ករ នៃជំងឺទាំងនោះ។
ជំងឺមួយក្នុងចំណោមប្រភេទជំងឺទាំងនោះគឺជំងឺវិបល្លាសស្មារតីបណ្តាលមកពីការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរតាមរយៈបទពិសោធ៍អតីតកាល(Trauma
and Stressor-related disorder)។ តើអ្វីជា ជំងឺវិបល្លាសស្មារតីបណ្តាលមកពីការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរនៃបទពិសោធ៍អតីតកាល?
ជំងឺនេះជាជំងឺសតិអារម្មណ៍ធ្ងន់ធ្ងរមួយ ដែលបណ្តាលមកពីការឆ្លងកាត់នូវបទពិសោធ៍ដ៏ខ្មៅងងឹតពីអតីតកាល។
តើបទពិសោធ៍ដ៍ខ្មៅងងឹតទាំងនោះសំដៅលើអ្វីខ្លះ? ការរៀបរាប់លំអិតពីចំណុចនេះ
នឹងមាននៅក្នុងផ្នែក មូលហេតុបង្ករជំងឺ។
មូលហេតុបង្ករ
ដូចបានលើកឡើងខាងលើ បុគ្គលភាគច្រើន(គ្រប់វ័យ)ដែលធ្លាប់ឆ្ងងកាត់នូវបទពិសោធ៍ដ៏អាក្រក់
ឬសោកនាដកម្មផ្សេងៗ
អាចស្ថិតក្នុងស្ថានភាពជំងឺនេះ។ រឿងរ៉ាវដ៏ខ្មៅងងឹតទាំងនោះរួមមានដូចជា
ការរស់នៅក្នុងបរិបទសង្រ្គាមរ៉ាំរៃ អំពើហឹង្សាក្នុងគ្រូសារ
ការត្រូវបានរំលោភបំពាន់ទាំងផ្លូវកាយ ឬ ផ្លូវភេទ កង្វះការយកចិត្តទុកដាក់ពេញលេញ
និងការជូបប្រទះគ្រោះថ្នាក់រន្ធត់ផ្សេងៗ
។ល។ ករណីមួយចំនួនក្នុងចំណោមករណីខាងលើនឹងលើកយកមកបង្ហាញសម្រាប់ធ្វើជាឧទាហរណ៍បញ្ជាក់។
ក្នុងបរិបទសង្រ្គាម មនុស្សទាំងអស់រស់នៅក្នុងភាពភ័យតក់ស្លុតសឹងតែអាចនិយាយបានថាគ្រប់វិនាទីនៃដង្ហើមចេញ-ចូលរបស់ពួគគេ។ ពោលគឺគ្រប់ពេលវេលា
ពួគគេឃើញតែការកាប់សម្លាប់គ្នាឥតស្រាកស្រាន្ត ជាតួយ៉ាងក្នុងរបបដ៏ខ្មៅងងឹតដែលត្រូវបានដឹកនាំដោយពួកខ្មែរក្រហម។
ស្ថានភាពប្រហាក់ប្រហែលគ្នានេះដែរ ពេលក្មេងស្រីម្នាក់ត្រូវបានរំលោភបំពានផ្លូវភេទ
ស្មារតីរបស់នាងនឹងត្រូវបានប៉ះពាលយ៉ាងធ្ងន់ធ្ងរ។ នាងតែងស្រមៃឃើញព្រឹត្តិការណ៍ដ៏អាក្រក់នេះដក់ក្នុងអារម្មជានិច្ច។ ទាំងពីរករណីខាងលើនេះ
សុទ្ធតែបានបន្សល់នូវស្រមោលអតីតកាលដ៏ខ្មៅងងឹតចំពោះជនរងគ្រោះ ម្លោះហើយស្រមោលខ្មៅទាំងនោះតែងតាមលងរំខានដល់ពួកគេឥតឈប់ឈរប្រសិនបើគ្នានវិធានការដោះស្រាយសមស្របណាមួយ។ វាជាហេតុបណ្តាលឲ្យពួកគេកើតជំងឺសតិអារម្មណ៍ធ្ងន់ធ្ងរមួយនេះ។
តើធ្វើដូចម្តេចទើបអាចសម្គាល់ថា បុគ្គលប្រភេទណាមានជំងឺសតិអារម្មណ៍ធ្ងន់ធ្ងរមួយនេះ។
រោគសញ្ញានិងផលប៉ះពាល់
អ្នកមានជំងឺប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរមួយនេះ
អាចមានរោគសញ្ញាទូទៅមួយចំនួនរួមមានដូចជា គេងមិនលក់
ងាយបញ្ចេញអារម្មណ៍ខឹងច្រឡោតដាក់មនុស្សជំវិញខ្លួន មិនអាចបញ្ជាប្រពន្ធ័ប្រសាទបានមួយរយភាគរយ
ស្តែងចេញសកម្មភាពមិនប្រក្រតី និង មានអារម្មណ៍ថាខ្លួនគ្មានប្រយោជន៍ដូចជាសម្រាម
ដែលត្រូវបានគេផាត់ចោលពីសង្គម ។ល។ ម្លោះហើយ ផលប៉ះពាល់អវិជ្ជមានជាច្រើននឹងកើតឡើងលើអ្នកជំងឺ។
ផលប៉ះពាល់មួយចំនួនក្នុងចំណោមផលអវិជ្ជមានជាច្រើនរួមមាន
ជំងឺបាក់ទឹក ជំងឺបារម្ភហួស-ហេតុ (anxiety) ការប៉ះពាល់ដល់ការសិក្សា
និង ការបកស្រាយពត៌មាន និងឈានទៅដល់ការប៉ុនប៉ងធ្វើអត្តឃាតទៀតផង ។
វិធីបង្ការនិងការព្យាបាល
សូមណែនាំវិធីបង្ការសាកសម
និងមានប្រសិទ្ធភាពមួយចំនួនដើម្បីចៀសវាងជំងឺប៉ះពាលផ្លូវចិត្តធ្ងន់ធ្ងរមួយនេះ។
ត្រូវព្យាយាមធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់៣០នាទី
ក្នុងមួយថ្ងៃ។ ព្យាយាមស្ម័គ្រចិត្តចូលរួមជួយកិច្ចការសង្គមឲ្យបានច្រើនតាមលទ្ធភាព
ប៉ុន្តែមិនផ្តាច់ខ្លួនចេញពីសង្គមឡើយ។ រឿងដែលសំខាន់ជាងនេះទៀតនោះគីត្រូវថែរក្សាសុខភាពឲ្យបានប្រសើរ
បរិភោគអាហារដែលមានអាហាររូបត្ថម្ភគ្រប់គ្រាន់ឲ្យទៀងពេល
និង គេងឲ្យបានគ្រប់គ្រាន់ ។
មានវិធីសាស្រ្តព្យាបាលមួយចំនួនសម្រាប់ជំងឺនេះ
តួយ៉ាងវិធីព្យាបាលបែបវេជ្ជសាស្រ្តជាដើម។ ទោះជាយ៉ាងនេះក្តី ក្នុងចំណោមវិធីព្យាបាលទាំងនោះ
សាស្ត្រាចារ្យជាច្រើនបានណែនាំវិធីព្យាបាលមួយដែលមានប្រសិទ្ធភាពខ្ពស់ជាងគេ ពោលគឺវិធីព្យាបាលបែបចិត្តសាស្រ្ត (Psychotherapy)។ វាជាការព្យាបាលដែលអាចកាត់បន្ថយអារម្មណ៍ និងអាកប្បកិរិយាឆ្លើយតបដែលមានលក្ខណៈអវិជ្ជមាន។ ការព្យាបាលបែបនេះផ្តល់នូវការអប់រំផ្លូវចិត្ត (psycho-education)ទាក់ទឹននឹងការប៉ះទង្គិចយ៉ាងខ្លាំងក្លានោះ ណែនាំពីបច្ចេកទេសគ្រប់គ្រងពេលលំហែរផ្ទាល់ខ្លួន
និង ព្យាយាមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពទាក់ទងនឹងការប៉ះពាល់នេះនៅក្នុងមជ្ឈដ្ឋានដែលមានការគាំទ្រមួយ។
ជារួមមក
អ្នកអានទាំងឡាយច្បាស់ជាយល់ដឹងពី រោគសញ្ញា ផលបះពាល់
វិធីបង្ការ និង ការព្យាបាល និងមូលហេតុបង្ករ
នៃជំងឺប៉ះពាល់សតិអារម្មណ៍ធ្ងន់ធ្ងរមួយនេះ ម្លោះហើយបើសង្ស័យថាអ្នកដទៃជំវិញខ្លួន
ឬខ្លួនឯងផ្លាល់មានបញ្ហានេះ មេត្តាជ្រើសរើសវិធានការដោះស្រាយសមស្របណាមួយ ដើម្បីបញ្ចៀសរាល់ផលប៉ះពាល់ទាំងឡាយនៃជំងឺនេះ។
Comments
Post a Comment