ប្រពៃណី/អបិយជំនឿលើហុងស៊ុយ
ប្រពៃណី/អបិយជំនឿលើហុងស៊ុយ
ហុងស៊ុយ គឺជាជំនឿប្រពៃណីរបស់អ្នកកាត់អំបូរស្រឡាយចិន។ ពាក្យហុងស៊ុយមកពីពាក្យ ហ្វុង+ស៊ុយ ដែលជាពាក្យចិនកុកងឺ ដែលមានន័យថា ខ្យល់+ទឹក (ហ្វុង = ខ្យល់ + ស៊ុយ = ទឹក)។ ពាក្យនេះបើយើងពិនិត្យមើលខ្លឹមសារឲ្យស៊ីជម្រៅ គឺថាក្នុងការមនុស្សត្រូវការជាចាំបាច់នូវប្រភពធម្មជាតិទាំងពីរនេះ (ខ្យល់ និងទឹក)។

ខ្យល់ គឺជាប្រភពធម្មជាតិដ៏សំខាន់ក្នុងការទ្រទ្រង់ជីវិតសព្វសត្វ និងសូម្បីរុក្ខជាតិ ឲ្យមានថាមពលរស់រានលូតលាស់បានល្អ។ វាពិតជាចាំបាច់ណាស់ ដែលជនជាតិចិនជឿថា ថាមពលដែលមានក្នុងធម្មជាតិ ហើយដែលអាចជំរុញឲ្យរាងកាយ (ជីវិត) យើងមានចលនា មានកម្លាំង និងមានឥទ្ធិពលគឺដោយសារខ្យល់ (ថាមពល = ឈី តាមភាសាចិន)។ ដូច្នេះ រាល់កិច្ចការងារ និងការសាងសង់អគារ/ផ្ទះ គេត្រូវគិតពីបរិយាកាស (ទីលំហដែលមានខ្យល់ចេញចូលល្អបរិសុទ្ធ-ពេញលេញ) ទើបអាចធ្វើកិច្ចការងារ និងកន្លែងរស់ ប្រកបអាជីវកម្មនោះមានថាមពល (ឥទ្ធិពលធម្មជាតិ ឬហៅថាឈី) បានល្អ-ជោគជ័យ។
រីឯទឹក គឺជាប្រភពថាមពលធម្មជាតិយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវិតសព្វសត្វ និងរុក្ខជាតិ។ ដូច្នេះ តាមជំនឿចិន ការរស់នៅ និងប្រកបអាជីវកម្ម រួមទាំងកន្លែងរស់នៅ (ផ្ទះ/លំនៅដ្ឋាន) ត្រូវតែមានប្រភពទឹកស្អាត និងមិនជោគជាំកខ្វក់ដោយទឹក។ ធ្វើដូច្នេះ នឹងនាំមកនូវជោគជតារាសីល្អ អាយុយឺនយូរ និងរកទទួលទានមានបាន កើតយសកើតសក្តិ (ឥទ្ធិពលធម្មជាតិ ឈី)។
សរុបសេចក្តីមក ពាក្យថាហុងស៊ុយ ដែលប្រពៃណីចិន និយមគឺជាលក្ខខណ្ឌតម្រូវការនៃជីវិត ដែលត្រូវអាស្រ័យលើប្រភពធម្មជាតិ ដើម្បីទទួលបានឥទ្ធិពលធម្មជាតិ (ឈី ដែលបានមកពី ខ្យល់+ទឹក) នោះឯង។ ពាក្យនេះ អាចប្រហាក់ប្រហែលគ្នានឹងពាក្យថា រាសី។ ក្នុងការរស់នៅ និងការប្រកបរបររកស៊ី គេត្រូវគិតគូរជាចាំបាច់ពីបរិស្ថានស្អាត មានទឹកស្អាតល្អ មិនជោគជាំកខ្វក់ មានខ្យល់ល្អបរិសុទ្ធ មិនងងឹត ហាប់ ក្តៅហួតហែង និងមិនមានជាតិពុលអ័ព្វអួរក្នុងអាកាស។
០៩/ ០៧/ ២០១៨ (សុមឿន)
Comments
Post a Comment