យល់​ដឹង​ពី​អត្ថន័យ​នៃ​ព្រះពុទ្ធសាសនា

យល់​ដឹង​ពី​អត្ថន័យ​នៃ​ព្រះពុទ្ធសាសនា

តើ​ពុទ្ធសាសនាជាអ្វី​? នេះ​ជាសំណួរ​​ដែល​​តែង​តែ​លើក​ឡើង ជាពិសេស​ចំពោះ​​អ្នក​កាន់​​ព្រះ​ពុទ្ធ​សាសនា​នៅ​កម្ពុជា ប៉ុន្តែ​ចម្លើយ​វិញ​ភាគ​ច្រើន​មិន​ទាន់​មាន​ហេតុ​ផល​សម​ស្រប និង​​យល់​​ស៊ី​ជម្រៅ​នៅ​ឡើយ។ ​តើ​ពុទ្ធ​សាសនិក​​នៅ​កម្ពុជា មាន​ការ​ស្វែង​យល់​ពី​ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ឬទេ?
ពាក្យ​ថា «ពុទ្ធ​សាសនា» គឺ​ជា​​ពាក្យ​បាលី សំស្ក្រឹត ដែល​​មក​​ពី​ពាក្យ​ពីរ​ម៉ាត់​ថា «ពុទ្ធ+​សាសនា» ប្រែថា​ពាក្យ​ទូន្មាន ពាក្យ​ប្រៀន​ប្រដៅ ពាក្យអប់រំ​ សារ​បណ្តាំ ឬ​ពាក្យ​ផ្ដាំ​ផ្ញើ​របស់​ព្រះ​ពុទ្ធ​ ដែល​សំដៅ​ដល់​ពុទ្ធ​វចន: ពុទ្ធោវាទ ឬ​ពុទ្ធ​ដីកា​នោះ​ឯង។
ព្រះ​ពុទ្ធ​គឺ​ជា​មនុស្ស ព្រះអង្គ​មិន​មែន​ជា​ទេវ:​ ឬ​អវតារ​នៃ​អាទិទេព​ណា​មួយ​ទេ។ តាំង​ពី​បុរាណ​កាល​រហូត​មក​ដល់​ឥឡូវ​នេះ​ពួក​អ្នក​កាន់​ព្រហ្មញ្ញ​សាសនា តែងលើក​ឡើង​​​ថា​​​ព្រះ​​សមណ​​គោតម​បាន​ក្បត់​នឹង​លទ្ធិ​ព្រាហ្មណ៍​ ព្រោះ​ព្រះ​សិទ្ធត្ថ​បាន​រៀន​លទ្ធិ​វេទ​ បាន​ប្រព្រឹត្ត​ធម៌​ក្នុង​សម្នាក់​តាបស​ឈ្មោះ អាឡារៈ និង​ឧទ្ទកៈ​ដែល​​ជា​​ព្រាហ្មណ៍​​ដ៏​​ល្បី​​ល្បាញ​​នៅសម័យ​នោះ។
អ្នក​កាន់​សាសនា​ព្រាហ្មណ៍​ប្រកាន់​ជឿ​ស៊ប់​ថា​មហា​ព្រហ្ម​ប្រសិទ្ធី​ឲ្យ​កើត​គម្ពីរ​វេទ​នេះ​ឡើង​មិន​មែន​មនុស្ស​តែង​ទេ​ ដូច្នេះ​គេ​ថា​ព្រះ​ពុទ្ធ​ក៏​ជា​អវតារ​របស់​ព្រះ​ព្រហ្ម​ដែរ។យើង​ដឹង​ហើយ​ថា​ព្រះ​សមណ​គោតម​បាន​រៀន​ឬ​ប្រព្រឹត្ត​ធម៌​ក្នុង​សម្នាក់​តាបស​ទាំង​ពីរ​បាន​ខំ​ប្រឹង​ចម្រើន​បាន​សមា​បត្តិ​មែន ប៉ុន្តែ​ទ្រង់​មិន​ព្រម​ទទួល​យក​ថា​ជា​ផ្លូវ​នាំ​ឲ្យ​បាន​ត្រាស់​ដឹង​ទេ​ ព្រោះ​ព្រះ​អង្គ​ធ្លាប់​បាន​ចម្រើន​អានាបាណស្សតិកម្មដ្ឋាន​នេះ​តាំង​ពី​កាល​ព្រះ​អង្គ​យាង​​ទៅ​តាម​ព្រះ​បិតា​ច្រត់​ព្រះ​នង្គ័ល​កាល​ពី​កុមារភាព​ម៉្លេះ។ ព្រះ​សម្ពុទ្ធ​មិន​បាន​ល្មើស​គុណ​តាបស​ទេ​ ព្រោះ​ក្រោយ​ពី​បាន​ត្រាស់​ជា​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​មាន​ប្រាថ្នា​ប្រោស​តាបស​ជា​គ្រូ​ព្រះ​អង្គ​មុន​គេ ប៉ុន្តែ​ពេល​នោះ​តាបស​ទាំង​ពីរ​បាន​ស្លាប់​បាត់​ទៅ​ហើយ។
ចំពោះ​ពាក្យ​ដែល​ថា​គម្ពីរ​វេទ​កើត​ឡើង​ដោយ​មហា​ព្រហ្ម​ប្រសិទ្ធី​នោះ​ជា​រឿង​អួត​សុទ្ធ​សាធ​ ហើយ​គម្ពីរ​វេទ​ខុស​ប្លែក​​ពី​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ឆ្ងាយ​ណាស់។គម្ពីរ​វេទ​គេ​សូត្រ​សរសើរ​ពួក​ទេវៈ សូត្រ​បន់​ស្រន់​អង្វរ​ករ​ព្រះ​ឥន្ទ​ព្រះ​ព្រហ្ម ព្រះ​ពិស្ណុការ ឲ្យ​អាណិត​ឲ្យ​ជួយ ឬ​បន់​ស្រន់​អារក្ខ​អ្នក​តា​ឲ្យ​អត់​ទោស​ឲ្យ។ ឯ​គម្ពីរ​ពុទ្ធ​សាសនា​ជា​គម្ពីរ​ដែល​អ្នក​ប្រាជ្ញ​ពុទ្ធ​សាសនា​បាន​កត់​ត្រា​ពុទ្ធ​វចនៈ​ទុក​ឲ្យ​ពុទ្ធ​បរិស័ទ​ប្រតិបត្តិ​តាម​ក្នុង​ព្រះ​ពុទ្ធ​សាសនា​មិន​មាន​ពិធី​សូត្រ​បន់​ស្រន់ បួង​សួង​ទេ។
ព្រះ​សម្ពុទ្ធ​ប្រដៅ​គ្រប់​មនុស្ស​រាល់​ពេល រាល់​ទី​កន្លែង​ថា សុខ​ទុក្ខ​កើត​អំពី​អំពើ​ល្អ ​និង​អាក្រក់​ បើ​បុគ្គល​ណា​បាន​សាង​កម្ម​ល្អនោះ​នឹង​​បាន​​ផល​ជា​សុខ​ ចំណែក​បុគ្គល​ណា​សាង​កម្ម​អាក្រក់​បាន​ផល​ជា​ទុក្ខ។ ពុទ្ធ​សាសនា​បញ្ជាក់​ជា​ឱឡារិក​ថា ការ​បន់​ស្រន់​សុំ​សេចក្ដី​សុខ​ក្ដី​ ការ​អំពាវ​នាវ​សុំ​ជោគ​ជ័យ​អំពី​វត្ថុ​ធាតុ​ទាំង​ឡាយ មាន​ព្រះ​អាទិទេព​ជា​ដើម​កុំ​ថា​ឡើយ​ត្រឹម​ម្ដង​ម្កាល សូម្បី​ជានិច្ច​និរន្តរ៍​ ក៏​ពុំ​បាន​សម្រេច​ដែរ៕
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!