គោលបំណងដ៏សំខាន់នៃការចូលម្លប់របស់នារីខ្មែរ
គោលបំណងដ៏សំខាន់នៃការចូលម្លប់របស់នារីខ្មែរ
តាមរយៈអត្ថបទមុនៗ លោកអ្នកធ្លាប់បានអានទាក់ទងនឹងពិធីចូលម្លប់ និងចេញម្លប់នៃកូនស្រី ព្រមទាំងយល់ដឹងពីខ្លឹមសារខ្លះៗហើយ ប៉ុន្តែនៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានយល់កាន់តែស៊ីជម្រៅអំពីគោលបំណងដ៍ចម្បងនៃពិធីបញ្ចូលម្លប់។ នៅក្នុងសៀវភៅព្រលឹងមាតាធិបតេយ្យក្នុងសង្គមខ្មែររៀបរៀងដោយលោក ងួន ញិល បានបញ្ជាក់ថាពិធីចូលម្លប់នេះធ្វើឡើងក្នុងបំណងបួនយ៉ាងដូចខាងក្រោម៖១.ប្រកាសភាពពេញក្រមុំ៖ ការចូលម្លប់នេះ គឺជាការប្រកាសភាពពេញក្រមុំរបស់កូនស្រីដើម្បីឲ្យញាតិមិត្តជិតឆ្ងាយបានដឹងឮ។ នេះគឺជាដំណឹងចំហប្រាប់អ្នកផងថាអាចចូលមកស្តីដណ្តឹងកូនស្រីនេះបានហើយ។
២.បន្ទុំសម្បុរ និងអប់រំរូបរាងកាយឲ្យកូនស្រីៈ ការអប់រំរូបរាងកាយនេះ គឺជាបំណងប្រាថ្នាដ៏ចាំបាច់របស់ឳពុកម្តាយ ដែលចង់ឲ្យកូនស្រីខ្លួនមានសម្បុរផូរផង់រលើបរលោង និងមានកាយវិការទន់ភ្លន់ ដោយពួកគាត់សុខចិត្តធ្វើការងារក្រៅគ្រប់បែបយ៉ាងជំនួសកូនស្រី ឲ្យកូនស្រីនៅក្នុងម្លប់ធ្វើការងារស្រាលៗ។ ក្នុងពេលចូលម្លប់នេះ ស្រីក្រមុំរស់នៅក្នុងបន្ទប់ហូបចុកស្រួល(ហូបម្ហូបបួស) មិននឿយហត់ក្នុងការងារផ្សេងៗ មានឱកាសបានតុបតែងសំអាតខ្លួនឲ្យមានសោភ័ណភាព(សិល្បៈលម្អកាយ)។ ក្នុងន័យនេះ គឺមានគោលបំណងបន្ទុំរូបសម្បត្តិ និងសោភ័ណភាពឲ្យក្លាយជានារីប្រកបដោយបញ្ចពិធកល្យាណី( គឺលំអសក់ លំអបបូរមាត់ លំអធ្មេញ លំអសម្បុរ លំអវ័យ) តាមវ័យក្រមុំរបស់ខ្លួន។
៣.បំពេញចរិយា វិជ្ជាមេផ្ទះ និងវិជ្ជាជីវៈឲ្យកូនស្រី៖ ពេលចូលម្លប់ គឺជាឱកាសដែលត្រៀមបម្រុងអប់រំកូនស្រីឲ្យមានចរិយា សីលធម៌ វិជ្ជាមេផ្ទះ និងវិជ្ជាជីវៈផ្សេងៗ ដើម្បីឲ្យក្លាយជានារីគ្រប់លក្ខណ៍ជាមេអាចដឹកនាំ អប់រំកូនចៅ ប្តីសី និងសង្គមទៅរកសុភមង្គល និងការអភិវឌ្ឍគ្រប់បែបយ៉ាងទៅអនាគត។
អប់រំចរិយា៖ ក្នុងការចូលម្លប់ នារីបានឆ្លងកាត់វិញ្ញាសាលំបាកៗជាច្រើន ដែលនាងមិនដែលធ្លាប់ជួបប្រទះមុនពេលពេញវ័យ។ នាងបានហាត់ពត់លត់ដំ អត់ធ្មត់តស៊ូ ពុះពាររាល់ការលំបាកទាំងផ្លួវកាយ ផ្លូវចិត្តដើម្បីអនុវត្តឲ្យបាននូវក្រឹត្យក្រមទាំងឡាយដែលជាទំនៀមទម្លាប់តម្រូវឲ្យធ្វើ។ ក្រៅពីការអប់រំផ្ទាល់ ឳពុកម្តាយបានស្វែងរកសៀវភៅអប់រំល្អៗ ជាពិសេសច្បាប់ស្រីឲ្យយកទៅអាន បើនាងមិនចេះអក្សរ ឳពុក ឬបងប្រុសជួយអានពន្យល់ណែនាំឲ្យនាងដើម្បីអនុវត្តតាមច្បាប់នោះ តាំងពីឥរិយាបថ អាកប្បកិរិយា ការទាក់ទងញាតិមិត្តជិតឆ្ងាយជាដើម។ ការអប់រំចរិយានេះ ម្តាយដើរតួនាទីសំខាន់ ព្រោះម្តាយជាអ្នកថែរក្សាផ្ទាល់ និងអប់រំផ្ទាល់ជាប្រចាំ ហើយម្តាយបានទទួលការទុកចិត្តស្និទ្ធស្នាលពីកូនស្រីជាងឳពុក។ មិនត្រឹមតែអប់រំផ្នែកចរិយាប៉ុណ្ណោះទេ ម្តាយបានបង្ហាត់បង្រៀនវិជ្ជាផ្សេងៗទៀត ដូចជា វិជ្ជាមេផ្ទះ របៀបរស់នៅក្នុងគ្រួសារ អាកប្បកិរិយាដែលនារីខ្មែរត្រូវប្រកាន់យក របៀបរៀបចំផ្ទះសម្បែង ការសំអាតខ្លួន ការថែរក្សាកូន ការធ្វើម្ហូបអាហារ ការថែរក្សាទ្រព្យសម្បត្តិ និងការទទួលភ្ញៀវជាដើម។ ការអប់រំវិជ្ជាជីវៈ ដូចជាបង្ហាត់ឲ្យចេះត្បាញរវៃ មានត្បាញក្រមា ហូល ផាមួង និងដេរប៉ាក់ជាដើម។
៤.ទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយៈរូបសម្បត្តិ ចរិយា និងវិជ្ជា៖ ក្នុងពេលចេញម្លប់គឺជាឱកាសដ៏ប្រសើរដែលឳពុកម្តាយមានមោទនភាពបង្អួតភ្ញៀវ ញាតិមិត្តជិតឆ្ងាយពីសម្រស់ និងអាកប្បកិរយា ចរិយាមារយាទ សណ្តាប់ធ្នាប់ដែលគាត់បានអប់រំក្នុងពេលចូលម្លប់។ ឪពុកម្តាយតែងអួតបង្ហាញពីស្នាដៃរបស់កូនស្រី ដែលសម្រេចបាន ដូចជា ហូល ផាមួង និងប៉ាក់ផ្សេងៗ ដែលនេះជាកិត្តិយសដ៏ល្អប្រពៃរបស់គ្រួសារ និងខ្លួននាងផ្ទាល់៕
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment