វិធី​​៦​​យ៉ាង​​ជួយ​​ឲ្យ​​ស្វ័​យ​​សិក្សា​​មាន​​ប្រសិទ្ធ​ភាព​

វិធី​​៦​​យ៉ាង​​ជួយ​​ឲ្យ​​ស្វ័​យ​​សិក្សា​​មាន​​ប្រសិទ្ធ​ភាព​

វិទ្យា​សាស្ត្រ​​កាន់តែ​​ទំនើប​ មធ្យោបាយ​​សិក្សា​​កាន់​តែ​​ងាយ​ស្រួល​ ជា​ពិសេស​​ចំពោះ​​អ្នក​​ដែល​​ស្រឡាញ់​​ស្វ័​យ​សិក្សា​​(​រៀន​​ខ្លួន​ឯង​)​។​ ចូរ​​កុំ​​បារម្ភ​​ថា​​អ្នក​​នៅ​​ទី​ណា​​​ ឲ្យ​​តែ​​អ្នក​​ចង់​​ចេះ​​ដឹង​​មែន​ គឺ​​អ្នក​​អាច​​រៀន​​ដោយ​​ខ្លួន​ឯង​​បាន​​ស្ទើរ​​គ្រប់​​ទី​កន្លែង​ ដោយ​​មធ្យោបាយ​​ដែល​​អ្នក​​អាច​​រៀន​​បាន​​គឺ​​តាម​​រយៈ​​ឧបករណ៍​​ផ្សេងៗ​ ដូច​​ជា​​អ៊ិ​ន​ធឺ​ណិ​ត​ ឯកសារ​​ផ្ទុក​ក្នុង​​កុំព្យូទ័រ​ ទូរ​ស័ព្ទ​​ដៃ​ (​សៀវភៅ​/​អត្ថបទ​…)​ ឬ​​ការ​​សិក្សា​​ពី​​ចម្ងាយ​​តាម​ Online​ ជា​ដើម​។​ មធ្យោបាយ​ទាំង​នេះ​ ពិត​ជា​​ជួយ​​សម្រួល​​ឲ្យ​​ស្វ័​យ​​សិក្សា​​មាន​​ប្រសិទ្ធ​ភាព​។​ ចុះ​​លោក​​អ្នក​​គួរ​​ធ្វើ​​បែប​​ណា​​ដើម្បី​​ឲ្យ​​ការ​​សិក្សា​​ដោយ​​ខ្លួន​ឯង​​ទទួល​​បាន​​ផ្លែ​ផ្កា​​គួរ​​ជា​ទី​​គាប់​ចិត្ត​?


​លោក​ Steve​ Kaufmann​ ជា​​អតីត​មន្ត្រី​​ការ​ទូត​​កា​ណា​ដា​ និង​​ជា​​ម្ចាស់​​ក្រុមហ៊ុន​​លំដាប់​​អន្តរ​ជាតិ​​ដ៏​​ជោគ​ជ័យ​ម្នាក់​ ហើយ​​ក៏​​ជា​​ស្ថាប​និក​​នៃ​​គេហ​ទំព័រ​​រៀន​​ភាសា​​តាម​​ប្រព័ន្ធ​ Online​ (LingQ.com)​ បាន​​ផ្តល់​​ដំបូន្មាន​​នូវ​​គន្លឹះ​​នៃ​​ការ​​សិក្សា​​ខ្លួន​ឯង​​ដូច​​ខាង​ក្រោម​៖


១.​ ត្រូវ​​មាន​​ចំណាប់​អារម្មណ៍​​រៀន​៖​ រាល់​​ភាព​​ជោគ​ជ័យ​​នៃ​​កិច្ច​ការ​​ទាំង​ពួង​ ត្រូវ​​ផ្តើម​​ចេញ​ពី​​ឆន្ទៈ​​(​ចំណូល​ចិត្ត​)​​។​ ក៏​​ដូច​​គ្នាដែរ​ បើ​​អ្នក​​ពិត​ជា​​ចង់​​រៀន​​មែន​ ចូរ​​កុំ​​ខ្វល់​​ថា​​ទាល់​តែ​​មាន​​សាលា​ មាន​​ថ្នាក់​ ឬ​​មាន​​គ្រូ​ ទើប​​រៀន​​បាន​​ឲ្យ​​សោះ​ ព្រោះ​ថា​​ការ​​រៀន​​បែប​​នោះ​​គ្រាន់​តែ​​ជា​​ប្រព័ន្ធ​​តម្រង់​​ទិស​​ប៉ុណ្ណោះ​។​ សំខាន់​​បំផុត​ គឺ​​អ្នក​​ត្រូវ​​រៀន​​ដោយ​​ខ្លួន​ឯង​ ដែល​​ការ​​រៀន​​នេះ​​អ្នក​​ត្រូវ​​មាន​​ឆន្ទៈ​​ខ្ពស់​ ហើយ​​កន្លែង​​ណា​​ក៏​​អាច​​រៀន​​បាន​ ជា​ពិសេស​​គឺ​​រៀន​​តាម​​មធ្យោបាយ​បច្ចេក​​វិទ្យា​​ទំនើប​ (​កុំ​ព្យូទ័រ​ និង​ទូរស័ព្ទ​…)​។


២.​ ត្រូវ​​ចេះ​ដោះស្រាយ​បញ្ហា​៖​ វា​ជា​​ការ​​ពិបាក​​បន្តិច​​នៅ​​ពេល​​ដែល​​អ្នក​រៀន​​ខ្លួន​ឯង​ ព្រោះថា​​អ្នក​​ចៀស​​មិន​​ផុត​​ពី​​ការ​​មិន​​យល់​​ឡើយ​ ប៉ុន្តែ​​ត្រូវ​​តែ​​រៀន​​ដោយ​​មុះ​​មុត​។​ បើ​​អ្នក​រៀន​​មិន​​យល់​ អ្នក​​ត្រូវ​​ជឿ​​​ថា​​គ្មាន​​អ្វី​​ដែល​​គ្មាន​​ដំណោះ​ស្រាយ​​ទេ​ ពោល​​គឺ​​ត្រូវ​​អាន​ គិត​ និង​​ស្វែង​​ឯកសារ​​ដទៃ​​អាន​​បន្ថែម​​ទៀត​​ឲ្យ​​ខាង​​តែ​​យល់​។


៣.​ ត្រូវ​​ក្តោប​​យក​​ខ្លឹម​សារ​​រួម​៖​ បញ្ហា​​មិន​​យល់​​តែង​​កើត​​មាន​​ជា​​ញឹក​ញាប់​​ពេល​​អ្នក​​អាន​ (​រៀន​​ខ្លួន​ឯង​)​ ប៉ុន្តែ​ចំណុច​​នេះ​​អាច​​នឹង​​ត្រូវ​​ដោះ​ស្រាយ​​បាន​ បើ​​អ្នក​​ព្យាយាម​​សិក្សា​​តាម​​លំដាប់​ (​អាន​)​ នៃ​​ខ្លឹម​សារ​ ឬ​​ស្វែង​រក​​អាន​​ឯកសារ​​ពាក់​ព័ន្ធ​​ផ្សេង​ ហើយ​​កំណត់​​យក​​ខ្លឹម​សារ​​រួម​​ដែល​​គេ​​ចង់​​និយាយ​។
៤.​ ពេល​​ណា​​ក៏​អា​ច​​រៀន​​បាន​៖​ ការ​​សិក្សា​​ដោយ​​ខ្ល​ន​​ឯង​​គឺ​​ងាយ​ស្រួល​​ណាស់​ ឲ្យ​​តែ​​អ្នក​​ចង់​​រៀន​​មែន​ ដោយ​ហេតុ​​ថា​​អ្នក​​មិន​​ចាំ​បាច់​​ត្រូវ​​មាន​​គ្រូ​ ឬ​​សាលា​​ទេ​។​ ពេល​​គេង​ ពេល​​ដើរ​ ឬ​​ពេល​​បើក​ឡាន​​ក៏​​អាច​​រៀន​​បាន​ដែរ ដោយ​​អ្នក​​គ្រាន់​តែ​​ចំណាយ​​ខ្លះៗ​​បើក​​ទូរស័ព្ទ​​ដៃ​​អាន​​តាម​​ប្រព័ន្ធ​​ទំនាក់​ទំនង​​សង្គម​ ឬ​​បើក​​វិទ្យុ​​ស្តាប់​​កម្ម​វិធី​​អប់រំ​​ណា​មួយ​​ជា​​ការ​​សិក្សា​​ស្រេច​ទៅ​ហើយ​​។
៥.​ ធ្វើ​​ជា​​អ្នក​​សិក្សា​​តាម​​ប្រព័ន្ធ​​អប់រំ​​ក្នុង​​សង្គម​៖​ ការ​​ផ្សព្វ​ផ្សាយ​​ផ្សេងៗ​ ក៏​​ជា​​ការ​ផ្តល់​​មេរៀន​​ឲ្យ​​អ្នក​រៀន​​បាន​​ដែរ​ ជា​​ពិសេស​​តាម​​រយៈ​​កាសែត​ ទស្សនា​វដ្តី​ ខិត្ត​​បណ្ណ​​ផ្សព្វ​ផ្សាយ​ វិទ្យុ​ ទូរ​ទស្សន៍​ ឬ​​យុទ្ធនា​ការ​​អប់រំ​​នានា​ គឺ​សុទ្ធ​​តែ​ជា​​ប្រភព​​នៃ​​ចំណេះ​ដឹង​ ដែល​​អ្នក​​អាច​​សិក្សា​​ដោយ​​ខ្លួន​ឯង​​បាន​​យ៉ាង​​ងាយ​។​
៦.​ ចូល​រួម​​សិក្សា​​ក្នុង​​សហគមន៍​៖​ ចំណុច​មួយទៀត​​ជួយ​​ឲ្យ​ស្វ័​យ​​សិក្សា​​បាន​​ផល​​ល្អ​ គឺ​​ត្រូវ​​ចូល​រួម​​ក្នុង​​ក្លឹ​ប​​សិក្សា​ ឬ​​ហៅ​​ថា​​សហគមន៍​​សិក្សា​។​ សហគមន៍​​សិក្សា​​អាច​​ជា​​ក្រុម​​សិស្ស​/​និស្សិត​​ខ្លួន​ឯង​ ក្រុម​​សាស្ត្រា​ចារ្យ​ ឬ​​ក្រុម​អ្នក​ឯកទេស​​ជំនាញ​ ឬ​​លើស​​ពី​​នេះ​​ទៀត​ គឺ​​ក្រុម​​អ្នក​ឯកទេស​​តាម​​ប្រព័ន្ធ​​ទំនាក់​ទំនង​​ក្នុង​​សង្គមនានា​​។​ ការ​​ចូល​រួម​សិក្សា​បែប​​នេះ​​នឹង​​ជួយ​​ឲ្យ​​ស្វ័​យ​​សិក្សា​​ទទួល​​បាន​​ប្រសិទ្ធភាព​​ខ្ពស់​​បំផុត​៕ (​ប្រភព​៖​ www.pickthebrain.com)
ប្រែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!