ពិធីចេញម្លប់របស់នារីខ្មែរពីសម័យបុរាណ
ពិធីចេញម្លប់របស់នារីខ្មែរពីសម័យបុរាណ
ការរៀបចំពិធីចេញម្លប់នេះ មានលក្ខណៈគគ្រឹកគគ្រេង និងស្មុកស្មាញណាស់ ពោលគឺគ្រួសារត្រូវចំណាយធនធាន និងពេលវេលាច្រើនក្នុងការរៀបចំកម្មវិធីនេះ។ តើពិធីនេះមានដំណើរដើមទង និងខ្លឹមសារយ៉ាងណា?នៅក្នុងសៀវភៅក្បួន-ច្បាប់ និងពិធីផ្សេងៗ រៀបរៀងដោយធម្មាចារ្យ អួន សារិន បានសរសេររៀបរាប់ថា ក្រោយពេលផុតកំណត់ចូលម្លប់ហើយ មាតាបិតាត្រូវរកគ្រូអាចារ្យ ឲ្យរកពេលវេលាល្អ ដើម្បីប្រារព្ធពិធីចេញម្លប់។ លុះរកបានថ្ងៃខែល្អហើយ ក្រុមគ្រួសារត្រូវរកភស្តុភារផ្សេងៗដើម្បីរៀបចំសែនព្រេន រៀបចំចំណីអាហារសម្រាប់ជប់លៀងភ្ញៀវ ដែលអញ្ជើញមកឲ្យពរជ័យ អបអរសាទរ និងទទួលដឹងឮពីកូនស្រីចេញម្លប់នោះ។ ពិធីនេះមានរៀបសែនព្រេនដូចនៅក្នុងពិធីចូលម្លប់ដែរ ប៉ុន្តែត្រូវប្រកាសសម្បូងសម្រូងម្ចាស់ទឹកម្ចាស់ដី ម្ចាស់ភូមិករ ម្ចាស់ស្រុក ម្ចាស់ស្រែ ម្ចាស់ផ្ទះ ដើម្បីសុំទទួលដឹងឮ និងឲ្យពរជ័យដល់នាងចេញពីម្លប់នោះ។
បន្ទាប់មក មាតាបិតាត្រូវធ្វើពិធីបំពេញលក្ខណ៍ឲ្យកូនស្រីដែលចង់បានកូនស្រីគ្រប់លក្ខណ៍ គឺត្រូវរកនារីព្រហ្មចារីចំនួនបួននាក់មកបកក្រម៉ល័ខចេញពីបង្គង ហើយជូនទៅលោកអាចារ្យយកល័ខនោះទៅដាក់ដាំចំកណ្តាលផ្ទះ ដោយប្រើចង្ក្រានឡូវថ្មីដុតធ្យូង ឆ្នាំងដីថ្មី រម្ងាស់ទឹកឲ្យចេញជាតិល័ខ រួចចាក់ដាក់កូនចាន ហើយយកសំឡីមកជ្រលក់ទឹកល័ខ រួចលាបធ្មេញកូនស្រី៣ដងដោយអធិដ្ឋានថា «សូមឲ្យឥទ្ធិពលនៃទឹកល័ខនេះធ្វើឲ្យកូនស្រីក្លាយជាស្រីគ្រប់លក្ខណ៍ពេញបរិបូរណ៍» ឯទឹកល័ខដែលនៅសល់ត្រូវយកទៅកប់ក្នុងដីដែលជាកេរ្តិ៍របស់មាតាបិតាបម្រុងទុកចែកឲ្យ។ បន្ទាប់មកលោកអាចារ្យ ចាស់ទុំ ដែលបានចូលរួមទាំងអស់នាំគ្នាយកអំបោះឆៅចងដៃឲ្យពរជ័យបំពេញលក្ខណ៍ រីឯញាតិមិត្រចងដៃមាសប្រាក់ ឬវត្ថុមានតម្លៃផ្សេងៗជាកាដូតាមការស្ម័គ្រភ្ជាប់ព្រលឹងឲ្យកូនស្រី រួចជប់លៀងភ្ញៀវ ហើយជួយកូនស្រីបម្រើភ្ញៀវ។
ចំណែកសៀវភៅព្រលឹងមាតាធិបតេយ្យក្នុងសង្គមខ្មែរ របស់លោក ងួន ញិល បានរៀបរាប់ថា ពិធីចេញម្លប់នេះតាមទម្លាប់គេត្រូវសង់រោងធំមួយសម្រាប់ទទួលភ្ញៀវ។ នៅពីខាងកើតរោងធំនោះ គេត្រូវសង់រោងទេវតាមួយដែលមានរាជវ័តិព័ទ្ធជុំវិញ ដោយទុកច្រកបើកទៅទិសទាំងបួន។ ក្នុងករណីដែលឳពុកម្តាយគ្មានលទ្ធភាពសង់រោងធំសម្រាប់ទទួលភ្ញៀវជប់លៀង ក៏គេចាំបាច់ត្រូវសង់រោងទេវតាដែរ ព្រោះពិធីសំខាន់ៗត្រូវប្រារព្ធនៅកន្លែងនោះ។ ពិធីចេញម្លប់នេះមានរយៈពេលពីរថ្ងៃគឺថ្ងៃចូលពីធី និងថ្ងៃឆ្លងពិធី។ នៅថ្ងៃចូលពិធីនេះពុំសូវមានអ្វីច្រើនទេ គេគ្រាន់តែលេងភ្លេងកំដររោងតែប៉ុណ្ណោះ តែនៅពេលយប់មានពិធីច្រើន ដែលត្រូវរៀបចំជាបន្តបន្ទាប់ដូចជា៖ ពិធីសូត្រមន្ត ឬស្រោចទឹក ពិធីកាត់ស្លឹក ពិធីបុកល័ខ និងពិធីធ្វើធ្មេញបំពេញលក្ខណ៍ជាដើម។
អត្ថន័យដ៏សំខាន់នៃពិធីចេញម្លប់ គឺប្រកាសប្រាប់ញាតិមិត្តថាកូនស្រី ដែលបានចូលអប់រំបន្ទំចិត្តកាយក្នុងម្លប់រយៈពេលប៉ុន្មានមកនោះ ដល់ពេលត្រូវចេញពីម្លប់ ព្រោះបានពេញលក្ខណ៍ ព្រមទាំងយល់ដឹងអំពីភារកិច្ចជាស្ត្រីមេផ្ទះ និងចំណេះវិជ្ជាសមល្មមនឹងក្លាយជាភរិយា និងមាតានៃបុត្របានហើយ។ ម្យ៉ាងទៀត ដើម្បីបញ្ជាក់ប្រាប់ញាតិមិត្ត ជីដូនជីតា ថាកូនស្រីដែលបានចូលម្លប់នោះ ជានារីមានលក្ខណ៍ មានសិរី ព្រោះបានឆ្លងកាត់ការអប់រំបំពេញលក្ខណ៍គ្រប់គ្រាន់ដើម្បីឲ្យសមជាស្រី ដែលប្រែថា «សិរី ឬជាអ្នកនាំមកនូវសិរីសួស្តី-មង្គល» នោះឯង៕ អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment