មូលហេតុអ្វីបានជាមានបុណ្យកឋិនទានក្នុងព្រះពុទ្ធសាសនា?
ប្រពៃណីបុណ្យទាក់ទងនឹងព្រះពុទ្ធសាសនាមានច្រើន
ក្នុងនោះមានបុណ្យវិសាខបូជា បុណ្យមាឃបូជាជាដើម
ហើយបុណ្យនីមួយៗសុទ្ធតែមានរឿងហេតុដែលនាំឲ្យកើត
មានឡើង។
ក្នុងទីនេះសូមរៀបរាប់អំពីមូលហេតុដែលនាំឲ្យកើតកឋិនទានក្នុងព្រះពុទ្ធសាសនា។
បើតាមគម្ពីរវិនយបិដកភាគ៩ ត្រង់កឋិនក្ខន្ធកៈ
បាននិយាយបញ្ជាក់អំពីប្រភពនៃកឋិនដូចតទៅ៖

ក្នុងបឋមពោធិកាល
ព្រះបរមសាស្តាទ្រង់ឲ្យភិក្ខុប្រើប្រាស់បង្សុកូលចីវរ
(ភិក្ខុសង្ឃបង្សុកូល/ទាញយកក្រណាត់សំពត់ដែលគេរុំជាប់នឹងសាកសពផ្លុងចោលក្នុងព្រៃ)
ពុំទាន់ឲ្យប្រើនូវគហបតីចីវរ (ចីពរដែលគេកាត់ដេររួចជាស្រេច)
នៅឡើយទេ។ លុះក្រោយមក
ពេលដែលព្រះអង្គទ្រង់គង់ចាំព្រះវស្សានៅវត្តជេតពនជិតដល់ថ្ងៃចូលព្រះវស្សា
មានភិក្ខុ៣០អង្គនៅស្រុកបាវាប្រាថ្នាចង់មកថ្វាយបង្គំព្រះអង្គមុនថ្ងៃចូលព្រះវស្សា
តែមកមិនទាន់ ក៏ចូលវស្សានៅជនបទមួយត្រង់កណ្តាលផ្លូវ។
លុះដល់ថ្ងៃចេញវស្សា ភិក្ខុទាំង៣០អង្គនោះ បានបវារណាចេញវស្សាហើយ
ទើបនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
ដោយពេលដែលភិក្ខុមកនោះភ្លៀងធ្លាក់ច្រើនពេក ភិក្ខុទាំងនោះ
មានស្បង់ចីពរទទឹកជោគដោយទឹកភ្លៀង
ហើយដោយហេតុតែចង់ឃើញព្រះភក្ត្រព្រះអង្គឆាប់ៗ
ក៏នាំគ្នាចូលទៅថ្វាយបង្គំទាំងស្បង់ចីពរទទឹកនោះ។
ព្រះអង្គទតឃើញដូច្នោះ
ក៏ទ្រង់អនុញ្ញាតឲ្យភិក្ខុក្នុងព្រះពុទ្ធសាសនាទទួលសំពត់កឋិនដែលជាគហបតីចីវរបាន
ហើយទ្រង់អនុញ្ញាតថា
ភិក្ខុដែលបានទទួលក្រាលគ្រងអនុមោទនាកឋិននោះត្រូវបាននូវអានិសង្ស៥យ៉ាង។

ភិក្ខុក្នុងព្រះពុទ្ធសាសនាក៏បានទទួលកឋិនចីវរអំពីគហបតីតាំងពីពេលនោះមក។
របៀបធ្វើកឋិនទាននេះ គេធ្វើ
ដោយនាំសំពតចីវរទៅប្រគេនព្រះសង្ឃដែលបានគង់ចាំវស្សា៣ខែនៅក្នុងវត្តណាមួយ
កឋិននេះជាទានដ៏វិសេស
ព្រោះខុសប្លែកពីទានផ្សេងៗក្នុងព្រះពុទ្ធសាសនា ដោយហេតុថា៖
ទី១.ប្លែកដោយកាលៈ បុណ្យនេះ មិនអាចធ្វើរាល់ថ្ងៃខែបានទេ
ពោលគឺព្រះពុទ្ធទ្រង់អនុញ្ញាតក្នុង១ឆ្នាំធ្វើម្តងសម្រាប់វត្តមួយ
គឺរវាង២៩ថ្ងៃ
ធ្វើក្នុងថ្ងៃណាមួយក៏បានដោយចាប់ផ្តើមពីថ្ងៃ១រោចខែអស្សុជដល់ថ្ងៃពេញបូរណ៌មីខែកត្តិក។
ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាកឋិនវត្ថុបានតែស្បង់ ចីពរ
ឬសង្ឃាដី ដែលដេរកាត់ត្រឹមត្រូវតាមពុទ្ធប្បញ្ញតិ្ត តែប៉ុណ្ណោះ
ហើយក្នុងចំណោមវត្ថុទាំង៣នេះ ភិក្ខុអាចក្រាលគ្រងតែមួយទេ។
ទី៣.ប្លែកដោយអំពើៈ បុគ្គលអ្នកធ្វើ
គប្បីធ្វើឲ្យត្រឹមត្រូវទៅតាមពុទ្ធប្បញ្ញតិ្ត
ហើយព្រះសង្ឃក្រាលគ្រងក៏ត្រឹមត្រូវទៅតាមពុទ្ធប្បញ្ញត្តិដែរ
ទើបកើតជាកឋិន ហើយបានអានិសង្ស។ ទី៤.ប្លែកដោយអានិសង្សៈ
បុគ្គលអ្នកធ្វើបានអានិសង្ស៥
ហើយភិក្ខុអ្នកទទួលបានអានិសង្ស៥ដូចគ្នាដែរ។
ទី៥.ប្លែកដោយបដិគ្គាហកៈ(អ្នកទទួល)
អ្នកទទួលបានតែភិក្ខុដែលគង់ចាំវស្សារយៈពេល៣ខែក្នុងវត្តនោះ
ចំពោះភិក្ខុដែលគង់ចាំវស្សានៅវត្តផ្សេងមិនអាចមកទទួលបានទេ៕

អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment