ការប្រៀបធៀបអំពីការប្រើប្រាស់សករាជ
ការប្រៀបធៀបអំពីការប្រើប្រាស់សករាជ
នៅក្នុងសង្គមកម្ពុជាយើងសព្វថ្ងៃនេះ គេច្រើនប្រើពុទ្ធសករាជ និងគ្រឹស្តសករាជ។ តែនៅក្នុងការនិយមចាស់បុរាណ និងប្រវត្តិសាស្ត្រ ឬនៅក្នុងអក្សរសិល្បិ៍ គេច្រើនប្រើពុទ្ធសករាជ មហាសករាជ និងចុល្លសករាជ។ ចំណែកគ្រឹស្តសករាជ ទើបតែនិយមប្រើនៅក្នុងសម័យក្រោយនេះ គឺក្រោយពេលដែលពួកអាណានិគមនិយមបារាំងមកកាន់កាប់កម្ពុជា១៨៦៣។ ដូច្នេះហើយ តើរវាងសករាជទាំងអស់នេះកើតឡើងពីឆ្នាំណា ហើយគេប្រើចាប់ពីពេលណាមក ហេតុអ្វីបានជាគេប្រើសករាជ?គេហទំព័រ km.wikipedia.org បានលើកឡើងថា «សករាជ» មានពាក្យស័កៈ និងរាជ។ ស័កៈ មានន័យថា កាលសម័យការរាប់លំដាប់ឆ្នាំ ឯរាជ មានន័យថា ស្ដេច ឬអច្ឆរិយបុគ្គល។ សករាជមានន័យថា ការរាប់ថ្ងៃខែឆ្នាំ ឬយកត្រឹមតែឆ្នាំរៀងមកពីថ្ងៃឬខែ ឬឆ្នាំ ដែលបុគ្គលអស្ចារ្យ ឬហេតុអស្ចារ្យណាមួយដែលជនានុជនបានកត់ត្រាទុក។
យោងតាមសៀវភៅព្រះពុទ្ធសាសនា និងសង្គមខ្មែររបស់បណ្ឌិត ធ សោ ទំព័រ៣៤ បានសរសេរប្រៀបធៀបរវាងសករាជទាំងនោះថា៖
-ពុទ្ធសករាជ កើតមុនគ្រឹស្តសករាជ ៥៤៣ឆ្នាំ
-គ្រឹស្តសករាជ កើតក្រោយពុទ្ធសករាជ ៥៤៣ឆ្នាំ
-មហាសករាជ កើតក្រោយពុទ្ធសករាជ ៦២១ឆ្នាំ
-ចុល្លសករាជ កើតក្រោយគ្រឹស្តសករាជ ១១៨៣ឆ្នាំ
-ចុល្លសករាជ កើតក្រោយមហាសករាជ ៥៦០ឆ្នាំ
-មហាសករាជ កើតក្រោយគ្រឹស្តសករាជ ៧៨ឆ្នាំ
យើងឃើញថា ព្រះពុទ្ធសាសនា ជាសាសនាមួយមានប្រភព និងមានលក្ខណៈត្រឹមត្រូវមិនចាញ់សាសនាដទៃឡើយ។ ទ្រឹស្តីនៃសាសនានេះមានលក្ខណៈវិទ្យាសាស្ត្រ ដែលមានហេតុ និងផលច្បាស់លាស់សមស្របនឹងការនិយមរបស់មនុស្ស ដើម្បីស្វែងរកសុខសន្តិភាព និងសុភមង្គល។ ដោយសារព្រះពុទ្ធសាសនាមានលក្ខណៈដូច្នេះហើយ ទើបមានមនុស្សជាច្រើនគោរពព្រះពុទ្ធសាសនា ដែលធ្វើឲ្យព្រះពុទ្ធសាសនាមានអត្ថិភាព ក្នុងឋានៈជាសាសនាមួយក្នុងបណ្តាសាសនាផ្សេងៗនៅលើសកលលោក។
សព្វថ្ងៃនេះយើងសង្កេតឃើញ មិនមែនតែប្រជាពលរដ្ឋនៃបណ្តាប្រទេសដែលធ្លាប់និយម គោរពព្រះពុទ្ធសាសនា គោរពប្រតិបត្តិព្រះពុទ្ធសាសនាដ៏មុតមាំនោះទេ សូម្បីតែប្រជាពលរដ្ឋនៃបណ្តាប្រទេសនៅអ៊ឺរ៉ុបមួយចំនួន ក៏គេមានជំនឿ និងគោរពព្រះពុទ្ធសាសនាផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានជនជាតិអ៊ឺរ៉ុបមួយចំនួនបានស្មោះស្ម័គ្រសុំចូលបួសជាព្រះសង្ឃ ក្នុងសំណាក់ព្រះពុទ្ធសាសនា ដោយគេចាត់ទុកថាព្រះពុទ្ធសាសនាថា ជាសាសនាមួយនាំមនុស្សលោកទៅរកសន្តិភាព។
គេហទំព័រ km.wikipedia.org ដដែលបានលើកអំពីហេតុផល ដែលនាំឲ្យគេប្រើសករាជថាមនុស្សក្នុងសកលលោកគ្រប់ជាតិគ្រប់សាសន៍សុទ្ធសឹងតែមានកិច្ចការត្រូវធ្វើទាំងអស់គ្នាគ្មានអ្នកណានៅស្ងៀមឡើយ ព្រោះធម្មតាលោកបង្គាប់ឲ្យធ្វើ។ ឯកិច្ចការរបស់អ្នកស្រុកទាំងអស់នោះដែលនឹងចំរើនកើនឡើងតាមលំដាប់ទៅបាន ដោយសារតែមានពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ជាគ្រឿងកត់សំគាល់ ដូចជាមានពេលព្រឹក - ល្ងាច - ថ្ងៃ - យប់ជាដើម។ សូម្បីការសរសេរសំបុត្រស្នាមទៅមករកគ្នា ក៏ត្រូវចុះថ្ងៃ -ខែ - ឆ្នាំខានមិនបានដែរ។ ហេតុនេះ ការចេះចាំថ្ងៃ - ខែ - ឆ្នាំមានប្រយោជន៍ជាច្រើនយ៉ាង។ បើប្រទេសណាមិនប្រើពេល - ម៉ោង - ថ្ងៃ -ខែ - ឆ្នាំទេ ប្រទេសនោះនឹងធ្វើការអ្វីៗ មិនរៀបរយនាំឲ្យការងារទាំងនោះច្របូកច្របល់រសេមរសាមគឺធ្វើការព្រឹកជាល្ងាចៗជាព្រឹក (មិនឲ្យតម្លៃពេលវេលា) ខែនេះជាខែនោះ ឆ្នាំនេះជាឆ្នាំនោះ ចំណាំបានច្បាស់ប្រាកដរដូវថា រដូវភ្លៀង រដូវរាំង រដូវទឹកឡើង រដូវទឹកស្រក និងរដូវស្លឹកឈើជ្រុះជាដើម។
ជាទូទៅ គេច្រើនចាត់ទុកមនុស្សមិនគោរពពេលាវេលា ឬមិនដឹងពេលវេលាថាជាមនុស្សល្ងង់ខ្លៅ តួយ៉ាងដូចជាពួកមិលក្ខៈ គឺមនុស្សព្រៃ ដែលអាស្រ័យនៅក្នុងកោះតូចតាចឆ្ងាយដាច់ស្រយាលពីគេ ឬអាស្រ័យជ្រកនៅក្នុងព្រៃជ្រៅជាយកៀនកោះ ជាចន្លោះប្រទេសរបស់គេ មនុស្សជំពូកនេះប្រើតែគំនូសជំនួសអក្សរតាំងពីកើតទល់គ្នានឹងស្លាប់ទៅវិញ ពុំដែលបានស្គាល់នូវរសជាតិនៃអារ្យធម៌នឹងគេសោះ។ ហេតុដូច្នោះបានជាលោកអ្នកប្រាជ្ញជាន់ដើមកំណត់ឲ្យប្រើពេល - ម៉ោង - ថ្ងៃ - ខែ -ឆ្នាំ ហៅថា «សករាជ» ជាគ្រឿងចំណាំ៕ អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment