តើលោកអ្នកស្គាល់សំពត់ និងសារុងខ្មែរទេ?
តើលោកអ្នកស្គាល់សំពត់ និងសារុងខ្មែរទេ?
សំលៀកបំពាក់មិនត្រឹមតែជួយបិទបាំងរាងកាយ និងជាលម្អសោភ័ណភាពនោះទេ ប៉ុន្តែក៏ជាសញ្ញាណមួយសម្រាប់សម្គាល់ថាជាសាសន៍អ្វីមកពីតំបន់ ឬប្រទេសណាផងដែរ។ ខ្មែរយើងបើតាមប្រវត្តិសាស្ត្រឃើញបង្ហាញថា កាលពីដើមស្ត្រីខ្មែរស្លៀកសំពត់បាំងរាងកាយខាងក្រោម ចំណែកខាងលើនៅទទេស្អាត។ ប៉ុន្តែដោយមានការវិវត្តរហូតមកដល់បច្ចុប្បន្ននេះ ការស្លៀកពាក់របស់ខ្មែរក៏មានការបិទបាំងរាងកាយយ៉ាងស្អាត។ យ៉ាងណាក៏ដោយ សម្លៀកបំពាក់ដែលខ្មែរយើងតែងស្គាល់ជាងគេនោះគឺ «សំពត់ និងសារុង» តើវាមានប្រភពចេញពីណា? យោងតាមគេហទំព័រ cen.com បានរៀបរាប់ពីប្រភពនៃសំពត់ និងសារុងរបស់ខ្មែរថា៖យោងតាមវចនានុក្រមរបស់សម្តេចជួនណាត ពាក្យថាសំពត់ គឺជាពាក្យខ្មែរសុទ្ធសាធ មានន័យថារបស់កើតអំពីការត្បាញដោយអំបោះសូត្រ សរសៃវល្លិ សំបកឈើ ឬរោមចៀមជាដើមសម្រាប់ស្លៀកដណ្តប់។ សំពត់អំបោះ សំពត់សូត្រ សំពត់សំបកឈើ។ល។ កំណាត់ ឬកំណាត់សំពត់ សំពត់ចាស់ ឬសំពត់ដែលប្រឡាក់សៅហ្មងដែលគេលែងប្រើស្លៀកដណ្តប់ហើយសម្រាប់គ្រាន់តែជូតអ្វីៗប៉ុណ្ណោះ ដូចជាកំណាត់ជូតក្ដារសរសេរ ឬកំណាត់សំពត់ជូតជើង។ បើសំពត់ថ្មី ឬសំពត់ស្អាត ដែលគេបត់ជាផាប់ ឬបត់ជាកី ទោះបីគេកាត់ប្រវែងមួយម៉ែត្រពីរម៉ែត្រក្តី មួយអាវពីរអាវក្តី ពុំគួរហៅកំណាត់ ឬកំណាត់សំពត់ឡើយ ត្រូវហៅត្រឹមតែសំពត់ៗប៉ុណ្ណោះ ដូចជាថា សំពត់មួយម៉ែត្រ សំពត់មួយត្បូង សំពត់មួយអាវ។ ខ្មែរក្នុងសម័យបុរាណហាមមិនឲ្យប្រើសម្ដីធំជាតូច ច្រើនជាតិច ខ្ពស់ជាទាប គឺសំពត់ កុំថាកំណាត់ប្រាក់ កុំថាលុយថ្លៃ កុំថាថោកជាដើម ព្រោះនាំឲ្យទ័លក្រឲ្យថយថោកឲ្យអាប់ឱនឲ្យទន់ទាបឲ្យជាសម្ដីអភ័ព្វ(ក្រែងនឹងដូចមាត់ថា)។
រីឯពាក្យសារុងវិញ សម្តេចជួនណាតបានឲ្យអត្ថន័យថា សំពត់អំបោះ ឬសូត្រត្បាញចាក់ជាក្រឡាឆ្លាស់ពណ៌ ឬធ្វើជាផ្កាជាគំនូរ រំលេចពណ៌សម្រាប់ភ្ជើញស្លៀកសម្លុយ ជាសម្លៀករបស់ចាមជ្វាជាដើមគឺសារុងអំបោះ សារុងសូត្រ។ សារុងដែលខ្មែរប្រើមាន២ប្រភេទគឺ សារុងស្រី សារុងប្រុស សារុងសម្រាប់ស្រីៗសុទ្ធតែមកពីបរទេស ស្រីៗអាចប្រើជាប្រក្រតីបានមិនទាស់ទំនងរបស់សុជីវធម៌ខ្មែរទេ ឯសារុងសម្រាប់ប្រុសៗ ច្រើនតែត្បាញក្នុងប្រទេសកម្ពុជា ប្រុសៗស្លៀកបានចំពោះតែក្នុងផ្ទះលំនៅ ក្នុងពេលដែលយល់ថាគួរស្លៀកបាន ពុំអាចស្លៀកដើរចេញទៅខាងក្រៅផ្ទះលំនៅឡើយ(នេះជាសុជីវធម៌ដ៏សមរម្យរបស់ខ្មែរ)។ ចំពោះពាក្យសំពត់ យើងពិតជាមានមតិស្រប និងការពន្យល់របស់សម្តេចព្រះសង្ឃរាជជួនណាត។ សូមជម្រាបថា ពាក់ព័ន្ធទៅនឹងពាក្យសារុងនេះ គ្រាដំបូង យើងបានគាំទ្រទស្សនៈខាងលើនេះ ដូចដែលមានចែងក្នុងវចនានុក្រមរបស់ព្រះអង្គ តែក្រោយពីធ្វើការអង្កេតនៅឆ្នាំ២០០០ ប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន យើងបានរកឃើញថា ពាក្យនេះគឺជាវាក្យស័ព្ទម៉ាឡេទៅវិញទេ។ ហើយពាក្យនេះត្រូវបានកត់ត្រាដោយអ្នកស្រាវជ្រាវអ៊ឺរ៉ុប នាពាក់កណ្តាលស.វទី១៩មកម្ល៉េះ។ ហេតុយ៉ាងនេះហើយ ទើបបានជាយើងពុំបានជួបប្រទះពាក្យសារុងនេះក្នុងសហគមន៍ខ្មែរដែលរស់នៅលើតំបន់ខ្ពង់រាបនគររាជ រួមមាន ខេត្តនគររាជសីមា អ៊ូប៊ុន សុរិន្ទ្របុរីរម្យជាដើម។ ព្រោះថា នៅក្នុងសហគមន៍ជនជាតិខ្មែរដើមភាគតិចទាំងនោះ គេប្រើតែពាក្យសំពត់តែម្យ៉ាង។
បញ្ហាមួយចោទសួរឡើងនៅទីនេះថា តើកម្ចីពាក្យនេះពីជនជាតិម៉ាឡេសុី ត្រូវបានធ្វើឡើងក្នុងសម័យកាលណា? តាមរយៈជនជាតិចាម ដែលក្រោយពីការបែកបាក់នៃនគរចម្ប៉ាបានមកជ្រកកោណនៅប្រទេសខ្មែរ ឬក៏មុននេះ? ឆ្លើយតបនឹងសំណួរដ៏សំខាន់ខាងលើនេះ យើងអាចកត់សម្គាល់សេចក្តីបន្តិចថា ភាសាខ្មែរ ឬមន-ខ្មែរ ដែលស្ថិតក្នុងអម្បូរភាសាអូស្ត្រូ-អាស៊ី ដែលជាផ្នែកមួយនៃមហាអម្បូរដ៏ទូលំទូលាយមួយទៀតនៃភាសាម៉ាឡាយូ-ប៉ូ លីនេស៊ី ដែលអ្នកប្រាជ្ញខាងភាសាវិទូ បានតាំងឈ្មោះថា “អំបូរអូស្ទ្រីយាង”។ គឺក្នុងករណីនេះហើយ បានជាភាសាខ្មែរបច្ចុប្បន្ន មានវេយ្យាករណ៍មួយចំនួនលាយឡំជាមួយនឹងវាក្យស័ព្ទម៉ាឡេសុី ជាពិសេសកុលសម្ព័ន្ធសាកៃ និងសេណូយនៅជ្រោយម៉ាឡាយូជាដើម។
តាមទស្សនៈនេះ យើងអាចឃើញថាកម្ចីនៃពាក្យនេះពិតជាបានអនុវត្តន៍ឡើងក្នុងអតីតកាលមួយដ៏យូរលង់ ដែលគេពុំអាចកំណត់អាយុកាលបាន។ តាមពិតទៅ ឧទាហរណ៍ខាងលើនេះ មិនមែនជារឿងចម្លែកនោះទេ ដោយហេតុថា រហូតដល់សព្វថ្ងៃនេះ ជនជាតិព្រៃភ្នំក៏ដូចជា រដែ សេដង់ និងជ្រាយ បានទទួលឥទ្ធិពលដ៏ជ្រាលជ្រៅពីភាសាចាម ដែលមានអម្បូររួមជាមួយគ្នានឹងភាសាម៉ាឡេ ឬម៉ាឡាយូ-ប៉ូលីនេស៊ី.
សូមរំឭកផងដែរថាក្នុងអត្ថបទដ៏ខ្លីខាងលើនេះ យើងមិននិយាយដល់សំពត់ចងក្បិនទេ ព្រោះទំនៀមទម្លាប់ចងក្បិន គឺជាប្រពៃណីដែលពាក់ព័ន្ធទៅនឹងពួកព្រាហ្មណ៍ ដែលមានប្រភពចេញពីប្រទេសឥណ្ឌា៕
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment