តើ​​ព្រះ​​​ពុទ្ធ​សាសនា​​ផ្សាយ​ចូល​មក​ទឹក​ដី​​ខ្មែរ​​​ពី​ពេល​ណា?

តើ​​ព្រះ​​​ពុទ្ធ​សាសនា​​ផ្សាយ​ចូល​មក​ទឹក​ដី​​ខ្មែរ​​​ពី​ពេល​ណា?

​កម្ពុជា​ គឺ​ជា​​ប្រទេស​​មួយ​​ដែល​​ចាត់​​ទុក​​ព្រះ​ពុទ្ធ​​សាសនា​​ជា​​សាសនា​​របស់​​រដ្ឋ​ ហើយ​​ប្រជា​ជន​​ខ្មែរ​​ជាង​​៩០%​ ជា​​អ្នក​​ជឿ​​​គោរព​​ព្រះ​ពុទ្ធ​​សាសនា​។​ តើ​​សាសនា​​មួយ​​នេះ​​បាន​​ចូល​​មក​​ដល់​​កម្ពុជា​ តាំង​ពី​​ពេល​​ណា​​មក ​​បាន​ជា​​ត្រូវ​​បាន​​​កម្ពុជា​​ចាត់​​ទុក​​ថា​​ជា​​សាសនា​​របស់​​រដ្ឋ​ ហើយ​​មាន​​អ្នក​​គោរព​​ប្រតិបត្តិ​​ច្រើន​​​​យ៉ាង​​នេះ​?

យោង​​​តាម​​សៀវភៅ​​ព្រះ​ពុទ្ធ​​សាសនា​​របស់​​សាស្ត្រា​ចារ្យ​ ស៊ិ​ន​ គង់​ បាន​​រៀប​រាប់​​ពី​​ប្រវត្តិ​​នៃ​​ការ​​ចូល​​មក​​ដល់​​នៃ​​ព្រះ​ពុទ្ធ​​សា​នា​​​នេះ​​​ក្នុង​​ទឹក​ដី​​កម្ពុជា​​ថា​៖ ​ទ្រង់​ទ្រាយ​​ព្រះ​ពុទ្ធ​​សាសនា​​នាំ​​ចូល​​មក​​កាន់​​ប្រទេស​​កម្ពុជា​​មុន​​ដំបូង​ គឺ​​ព្រះ​ពុទ្ធ​​សាសនា​​ថេរវាទ​។​ ​​ច្រើន​​​សត​​វត្សរ៍​​​មក​​ហើយ​ ព្រះ​ពុទ្ធ​​សាសនា​​បាន​​ចាក់​​ឫស​គល់​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​ ហើយ​​បាន​​ធ្វើ​​ឲ្យ​​ជីវិត​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​មាន​​ខ្លឹម​សារ​​គ្រប់​​​ចំណុច​​ដូច​ជា​ វប្ប​ធម៌​ អរិយ​ធម៌​ ទំនៀម​ទម្លាប់​ ប្រពៃណី​ និង​​របៀប​របប​​នៃ​​ការ​​រស់​នៅ​​ក្នុង​​ជីវិត​​ប្រចាំ​​ថ្ងៃ​។​ ដោយ​ហេតុ​​នេះ​​ហើយ​ ព្រះ​ពុទ្ធ​​សាសនា​ ត្រូវ​​បាន​​ជន​ជាតិ​​ខ្មែរ​​យក​​មក​​ប្រតិបត្តិ​​តាំង​ពី​​មក​​ដល់​​នៅ​​គ្រា​​ដំបូង​​ម្ល៉េះ​ ហើយ​​ត្រូវ​​បាន​​ស្ថិត​​នៅ​​ក្នុង​​ក្រអៅ​បេះដូង​ និង​​សន្តាន​​ចិត្ត​​ខ្មែរ​​គ្រប់​​រូប​​រហូត​​មក​។​ ចាប់​តាំង​ពី​​ពេល​​ដែល​​ប្រទេស​​កម្ពុជា​​បាន​​ទទួល​​នូវ​​ពាក្យ​​ប្រៀន​ប្រដៅ​​របស់​​ព្រះ​ពុទ្ធ​​មក​ ​កម្ពុជា​​បាន​​ដើរ​តួ​នាទី​​យ៉ាង​​សំខាន់​​នៅ​​ក្នុង​​ការ​​ពង្រឹង​ ពង្រីក​​ ការពារ​ និង​​ការ​​ប្រតិបត្តិ​​តាម​​គន្លង​​ព្រះ​ពុទ្ធ​​សាសនា​យ៉ាង​ខ្ជាប់​ខ្ជួន​។

​​ព្រះ​ពុទ្ធ​​សាសនា​​ថេរ​វាទ​ ដែល​​បាន​​ផ្សព្វ​ផ្សាយ​​ដោយ​​ព្រះ​បាទ​​ធ​ម្មា​​សោក​​មហារាជ​​(​ឥណ្ឌា​)​ ដោយ​​មាន​​ភស្តុ​​តាង​​សំអាង​​គឺ​​គម្ពីរ​​មហា​​វង្ស​​របស់​​កោះ​​ស្រី​​លង្កា​។​ ក្នុង​​វគ្គ​​មួយ​​នៃ​​គម្ពីរ​​នេះ​​ទាក់​ទង​​នឹង​​ការ​​ផ្សព្វ​ផ្សាយ​​ព្រះ​ពុទ្ធ​​ឱវាទ​ គម្ពីរ​​មហា​​វង្ស​​បាន​​កត់​ត្រា​​ទុក​​ថា​ ព្រះ​បាទ​​ធ​ម្មា​​សោក​​មហា​រាជ​ បាន​​បញ្ជូន​​សាសន​ទូត​​ដឹក​នាំ​​ដោយ​​ព្រះ​​មហា​ថេរ​​ជា​​ព្រះ​អរហន្ត​ ទៅ​​កាន់​​តំបន់​​៩​​កន្លែង​ ដែល​​ក្នុង​​​​នោះ​​មាន​​កន្លែង​​មួយ​​ឈ្មោះ​​ថា​ ដែន​ដី​​សុវណ្ណ​​ភូមិ​ ដែល​​មាន​​ព្រះ​​មហា​ថេរ​​ពីរ​​ព្រះ​​អង្គ​​គឺ​ ព្រះ​​សោ​ណ​​ត្ថេ​រ​ និង​​ព្រះ​​ឧត្តរ​ត្ថេ​រ​ បាន​​និមន្ត​​មក​​ទី​​នេះក្នុង​​ពុទ្ធ​​សត​វត្ស​រ៍​ទី​​៣​ (២៤៧​​ឆ្នាំ​​មុន​​គ​.​ស)​​។​ នៅ​​ពេល​​ព្រះ​​មហា​ថេរ​​ទាំង​​ពីរ​​អង្គ​ និមន្ត​​មក​​ដល់​​ដែន​ដី​​សុវណ្ណ​​ភូមិ​ លោក​​បាន​​សម្តែង​ ព្រះ​​សូត្រ​​មួយ​​ឈ្មោះ​​ថា​ ​ព្រហ្ម​​ជាល​​សូត្រ​ ដល់​​ប្រជា​ពល​រដ្ឋ​​ទាំង​ឡាយ​​មាន​​ប្រជា​ជន​​កម្ពុជា​​ជា​ដើម​ ដែល​​រស់​នៅ​​លើ​​ដែន​ដី​​សុវណ្ណ​​ភូមិ​​នេះ។

តាម​​រយៈ​​​ការ​​សិក្សា​​ស្រាវ​ជ្រាវ​​នៅ​​ក្នុង​​ប្រវត្តិ​​នៃ​​ការ​​ផ្សព្វ​ផ្សាយ​​ព្រះ​ពុទ្ធ​​សាសនា​ ដែល​ប្រារព្ធ​​​ឡើង​​ដោយ​​ព្រះ​បាទ​​ធ​ម្មា​​សោក​​មហា​រាជ​ ដែល​​បាន​​ផ្សាយ​​សាសនា​​ទៅ​​កាន់​​តំបន់​​ធំៗ​​ទាំង​​៩​ នៅ​​សម័យ​​ក្រោយ​​សង្គាយនា​​លើក​​ទី​​៣​​ក្នុង​​ឆ្នាំ​​២៣៤​​នៃ​​ពុទ្ធ​សករាជ​ បាន​​កត់​ត្រា​​ទុក​​ថា​ ដែន​ដី​​សុវណ្ណ​​ភូមិ​ គឺ​ជា​​តំបន់​​មួយ​​ក្នុង​​ចំណោម​​តំបន់​​ទាំង​​៩​​នោះ​។​ តាម​​ការ​​​​ស្រាវ​ជ្រាវ​​ យើង​​ទទួល​​បាន​​ទិន្ន​ន័យ​​ថា​​ ដែន​ដី​​គោក​​នៃ​​អាស៊ី​​អាគ្នេយ៍​​ទាំង​មូល​​ឈ្មោះ​​ថា​​ជ្រោយ​​សុវណ្ណ​​ភូមិ​​។​ លើស​​ពី​​នេះ​​ទៀត​ សម័យ​​នោះ​​ដែន​ដី​​គោក​​របស់​​អាស៊ី​​​​​អាគ្នេយ៍​​​ គឺ​​មាន​​រដ្ឋ​​តែ​​ពីរ​​ទេ​ ដែល​​គេ​​ចាត់​​ទុក​​ថា​​មាន​​ខឿន​វប្បធម៌​ អរិយ​ធម៌​​ចំណាស់​​ជាង​គេ​​នៅ​​ទី​​នេះ​ គឺ​​រដ្ឋ​​ខ្មែរ​ និង​​រដ្ឋ​​មន​ ដែល​​គេ​​ហៅ​ថា​​ខ្មែរ​-​មន​​នោះ​​ឯង​។​
ម្យ៉ាងទៀត​​យោង​​តាម​​ឯកសារ​​ប្រវត្តិ​​ពុទ្ធ​សាសនា​​ថេរ​វាទ​​នៅ​​អាស៊ី​​អាគ្នេយ៍​ បាន​​បញ្ជាក់​​​ថា​ ដែន​ដី​​សុវណ្ណ​​ភូមិនេះ​​​ ប្រហែល​​ជា​​លាត​សន្ធឹង​​នៅ​​លើ​​ផ្ទៃ​​ដី​គោក​​នៃ​​អាស៊ី​​អាគ្នេយ៍​។​ ដូច្នេះ​ យើង​​អាច​​ធ្វើ​ការ​​សន្និដ្ឋាន​​បាន​​ថា​ ព្រះ​ពុទ្ធ​សាសនា​​បាន​​ចូល​​មក​​ទឹក​ដី​​នេះ​ (ខ្មែរ​/​កម្ពុជា)​ តាំង​ពី​​យូរលង់​​​ណាស់​​មក​​ហើយ​៕​
អត្ថបទដោយ៖ ឈួន​ ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!