ធ្វើម៉េចទើបអាចរកទេពកោសល្យរបស់អ្នកឃើញ?
ធ្វើម៉េចទើបអាចរកទេពកោសល្យរបស់អ្នកឃើញ?
ការស្វែងរកទេពកោសល្យ ឬភាពប៉ិនប្រសព្វរបស់អ្នកមិនមែនជារឿងមួយងាយស្រួលនោះឡើយ ពោលគឺវាត្រូវការពេលជាច្រើនឆ្នាំដើម្បីស្រាវជ្រាវ និងអនុវត្តសកម្មភាពចំណង់ចំណូលចិត្ត ដែលជាបទពិសោធន៍របស់អ្នកបានទទួលនៅពេលកន្លងមក។ បុគ្គលមួយចំនួនបានស្លាប់ទៅវិញទាំងមិនដឹងថាខ្លួនឯងមានជំនាញអ្វី ពូកែខាងអ្វីនោះឡើយ ខណៈដែលបុគ្គលផ្សេងទៀតបានរកឃើញទេពកោសល្យរបស់ខ្លួននេះរហូតទទួលបានជោគជ័យនៅក្នុងជីវិត។ យ៉ាងណាមិញ សម្រាប់ប្រិយមិត្តមួយចំនួនដែលមិនអាចស្វែងរកទេពកោសល្យ ឬ ភាពប៉ិនប្រសព្វរបស់ខ្លួនបាន សូមសាកល្បងអនុវត្តតាមវិធីសាស្ត្រ៥ខាងក្រោមនេះ ៖
១) ចាប់ផ្ដើមបញ្ចេញសកម្មភាពរបស់អ្នក៖ ជំហានដំបូងដែលធ្វើឲ្យអ្នកអាចរកឃើញទេពកោសល្យ ឬភាពប៉ិនប្រសព្វរបស់អ្នកបាន គឺការបញ្ចេញសកម្មភាពអនុវត្តដោយគិតពីថាតើអ្វីទៅដែលគួរធ្វើជាជាងធ្វើអ្វីតាមតែការនឹកឃើញរបស់អ្នក។ បុគ្គលខ្លះបានចំណាយពេលរាប់ឆ្នាំធ្វើអ្វីមួយដើម្បីស្វែងរកចំណុចខ្លាំង ឬទេពកោសល្យរបស់ខ្លួន តែលទ្ធផលដែលទទួលបាននៅតែគ្មានន័យ ដោយសារតែមិនដឹងថាអ្វីដែលខ្លួនត្រូវធ្វើនេះឯង។ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរតែកត់ត្រាទុកគំនិតរបស់អ្នកចូលក្នុងសៀវភៅ ហើយចាប់ផ្ដើមអនុវត្តវាទោះបីនោះជាចំណុចចាប់ផ្ដើម និងខុសក៏ដោយយ៉ាងហោចណាស់អ្នកក៏អាចស្គាល់ថាអ្វីដែលអ្នកទៅរួច ឬទៅមិនរួចបានដែរ។ ត្រូវចាំថា បើគ្មានការអនុវត្តទេ អ្នកក៏គ្មានផ្លូវដឹងថាទេពកោសល្យរបស់ខ្លួនស្ថិតនៅត្រង់ណានោះដែរ។
២) ស្វែងរកវាឲ្យទាល់តែឃើញ កុំបោះបង់៖ «អ្វីដែលសំខាន់ជាងគេបំផុតគឺកុំបញ្ឈប់ចម្ងល់របស់អ្នក។ ការចង់ចេះចង់ដឹង គឺជាហេតុផលតែមួយគត់ដែលធ្វើឲ្យយើងរកឃើញអ្វីមួយកើតឡើង»។ នេះជាប្រសាសន៍របស់លោក Albert Einstein ទស្សនវិទូអាល្លឺម៉ង់។ តាមទស្សនវិទូរូបនេះមានចម្ងល់មិនចេះចប់មិនចេះហើយ និងសកម្មភាពគឺជាកម្លាំងចលករចំនួនពីរមានប្រសិទ្ធភាពបំផុតសម្រាប់ស្វែងរកទេពកោសល្យ ឬភាពប៉ិនប្រសព្វរបស់អ្នក។ លោកបានបន្តថា បើយើងឈរនៅមួយកន្លែង ហើយផ្អាកចម្ងល់របស់អ្នក អ្នកនឹងមិនអាចហែលផុតពីជីវិតសាមញ្ញដូចមនុស្សទូទៅបានឡើយ។ អ្នកត្រូវបញ្ចេញសកម្មភាពកាន់តែច្រើនឡើងៗ និងរក្សាចម្ងល់ចង់ចេះចង់ដឹងនេះកុំបោះបង់ឲ្យសោះ ហើយអ្នកដឹងថា ជីវិតពិតជាស្មុគស្មាញហួសពីអ្វីដែលយើងបានជួប។
៤) អភិវឌ្ឍជានិរន្ត៖ ចំណុចនេះមានសារសំខាន់សម្រាប់ចំណុចទី២។ អ្នកត្រូវរក្សាចម្ងល់ និងព្យាយាមស្វែងរកចម្លើយទាំងនោះដើម្បីធ្វើឲ្យចំណេះដឹង និងជំនាញរបស់អ្នកកាន់តែប្រសើរឡើងជាលំដាប់។ ប្រសិនបើអ្នករក្សាចម្ងល់សម្រាប់ខ្លួនឯង តែមិនបានព្យាយាមស្វែងរកចម្លើយទេនោះ វានឹងធ្វើឲ្យអ្នកគិត និងខាតពេលវេលាកាន់តែច្រើនឡើងគ្មានប្រយោជន៍អ្វីនោះឡើយដូចបានលើកឡើងនៅក្នុងចំណុចទី១។ សំនួរដ៏សំខាន់គឺសួរថាតើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីស្វែងរកទេពកោសល្យរបស់ខ្ញុំ? តើខ្ញុំត្រូវការអ្វីខ្លះទើបអាចស្វែងរកទេពកោសល្យនេះបាន? នៅពេលដែលអ្នករក្សាសំនួរនេះ និងព្យាយាមរកចម្លើយដ៏សមស្របមួយបាន នោះអ្នកនឹងអាចរកឃើញថា ទេពកោសល្យរបស់អ្នកនៅជ្រុងណាមួយជាមិនខាន។ សូមចាំថា ការអភិវឌ្ឍសមត្ថភាពគឺជារឿងចាំបាច់ដើម្បីរកឲ្យឃើញទេពកោសល្យ ឬភាពប៉ិនប្រសព្វរបស់អ្នក បើមិនដូច្នេះទេ អ្វីៗគឺគ្រាន់តែជារឿងមួយស្រពិចស្រពិលប៉ុណ្ណោះ។
៥) ឈានឲ្យដោះចំណុចល្អឥតខ្ចោះ៖ អ្នកដឹងហើយថា ភាពល្អឥតខ្ចោះគ្មានទេនៅលើលោកយើងនេះ។ ការពិតពាក្យថា ល្អឥតខ្ចោះក្នុងនេះសំដៅលើអ្វីក៏ដោយដែលអ្នកអាចធ្វើបានល្អប្រសើរជាងអ្នកដទៃ ហើយរក្សាចំណុចនេះឲ្យបានជាប្រចាំ។ ការអាន ការលើកទឹកចិត្ត រួមទាំងការចែករំលែកចំណេះដឹងជាដើម គឺជាផ្នែកមួយដ៏សំខាន់ក្នុងការគាំទ្រឲ្យមានភាពប៉ិនប្រសព្វមួយកើតមានឡើង។ លោក Steve Job បានបង្កើតក្រុម ហ៊ុន ឡើងហើយបានលើកទឹកចិត្តបុគ្គលិករបស់លោកឲ្យបង្កើតផលិតផលថ្មីៗជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ បើប្រៀបធៀបផលិតផលមុនៗ យើងឃើញថា ម៉ាកទូរស័ព្ទល្បីៗដូចជា iPhone6 ជាដើម កាន់តែទំនើបជាងគេ នេះក៏ដោយសារលោករក្សាភាពល្អឥតខ្ចោះនេះឯងដែលបន្តរហូតដល់អ្នកដឹកនាំជំនាន់ក្រោយនៅក្នុងក្រុមហ៊ុនរបស់លោក។ នេះហើយជាភាពល្អឥតខ្ចោះដែលមានមិនចេះចង់មិនចេះហើយនេះឯង៕ (ប្រភព៖ Entrepeneuer) អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment