គន្លឹះ​៥​យ៉ាង​ធ្វើ​ឲ្យ​ស្នេហារបស់​អ្នក​គង់​វង្ស​ស្រស់​បំព្រង

គន្លឹះ​៥​យ៉ាង​ធ្វើ​ឲ្យ​ស្នេហារបស់​អ្នក​គង់​វង្ស​ស្រស់​បំព្រង

ស្នេហា ​គឺ​ជា​ធម្ម​ជាតិ​នៃ​មនោ​សញ្ចេតនា ឬ​ចិត្ត​ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ៗ​មាន​​អារម្មណ៍​​​រំភើប​ញាប់​ញ័រ ស្រើប​ស្រាល​ត្រេក​ត្រអាល ​រីក​រាយ អន្លង់​អន្លោច រហូត​ដល់​គិត​ថា​ជា​ឋាន​សួគ៌​លោកីយ៍​នៃ​ជីវិត។ ដោយ​សារ​តែ​ស្នេហា​មាន​ឥទ្ធិ​ពល​ខ្លាំង​ក្លា​ដូច្នេះ​ហើយ ទើប​បាន​ជា​មាន​គូ​ស្នេហ៍​មិន​តិច​នាក់​ទេ ដែល​រង​គ្រោះ​ក្នុង​រឿង​នេះ ពោល​គឺ​ថ្វី​ត្បិត​តែ​ស្នេហា​អាច​​ផ្តល់​នូវ​សុភមង្គល​ផ្លូវ​ចិត្ត​ក៏​ពិត​មែន ​ប៉ុន្តែ​វា​ក៏​ផ្តល់​វិបត្តិ​យ៉ាង​ធំ​ដែរ ប្រសិន​បើ​គេ​មិន​បាន​ថែ​រក្សា​ឲ្យ​ល្អ ឬ​ជួប​ដៃ​គូ​មិន​សម​បំណង​នោះ។ មាន​មនុស្ស​ជា​ច្រើន​បាន​ផ្តល់​ជា​បទ​ពិសោធន៍​ក្នុង​ការ​ថែ​រក្សា​ស្នេហា​ឲ្យ​រស់​រវើក ក្នុង​នោះ​មាន​​វិធី​សាមញ្ញ​៥​យ៉ាង​ដូច​ខាង​ក្រោម៖

១.មាន​សកម្ម​​ភាព​​ថ្មីៗ​ដើម្បី​ធ្វើ​ជា​មួយ​គ្នា៖ ចូរ​សាក​ល្បង​សរសេរ​ចុះ​នូវ​សកម្មភាព ឬ​គំនិត​ប្លែក​ថ្មីៗ ដែល​លោក​អ្នក​ពុំ​ធ្លាប់​បាន​ធ្វើ​ជា​មួយ​គ្នា​ពី​មុន​មក​(ផ្លាស់​ប្តូរ​ទម្លាប់) ឧទាហរ​ណ៍ៈ ជិះ​កង់​លេង រាំ​លេង មើល​កម្ម​វិធី​កំសាន្ត ហាត់​កីឡា ឬ​ញ៉ាំ​អី​ជា​មួយ​គ្នា​ជា​ដើម។ បន្ទាប់​មក​ចូរ​ធ្វើ​តាម​គម្រោង​ដែល​បាន​កំណត់​នោះ​រួម​គ្នា​​ដោយ​រីក​រាយ។

២. ទៅ​ដើរ​លេង​ខាង​ក្រៅ​ជា​មួយ​គ្នា៖ ចូរ​ស្វែង​រក​ទី​កន្លែង​ណា​មួយ​ដែល​ថ្មី ហើយ​ជា​រមណីយដ្ឋាន​ដ៏​ទាក់​ទាញ​មាន​អាកាស​ធាតុ​បរិសុទ្ធ​ស្រស់​ថ្លា​ប្រកប​ដោយ​ភាព​រ៉ូមែន​ទិច ដើម្បី​ទៅ​កំសាន្ត​ជា​មួយ​គូ​ស្នេហ៍​របស់​អ្នក ពុំ​នោះ​ទេ​អាច​ទៅ​លេង​ទី​ប្រជុំ​ជន ទៅ​ផ្សារ​ទិញ​ទំនិញ ឬ​ទៅ​មើល​កុន​ជា​ដើម។ ចូរ​វេច​ខ្ចប់​ម្ហូប​អាហារ​ពី​ផ្ទះ​(ដែល​ចំអិន​រួម​គ្នា) ឬ​ក៏​ទិញ​នៅ​កន្លែង​កំសាន្ត​នោះ​ដើម្បី​ញ៉ាំ និង​ថត​រូប​ជា​មួយ​គ្នា។

៣.កំណត់​ពេល​វេលា​ដើម្បី​ពិភាក្សា​ជា​មួយ​គ្នា៖ ទោះ​បី​អ្នក​រវល់​កិច្ច​ការ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ត្រូវ​តែ​រក​ពេល​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១​ដង​ក្នុង​១​សប្តាហ៍​ដើម្បី​ញ៉ាំ​កាហ្វេ ឬ​អ្វី​មួយ​ជា​មួយ​គ្នា និង​ពិភាក្សា​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​បញ្ហា​ផ្សេងៗ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​កន្លង​មក និង​រក​គន្លឹះ​រៀប​ចំ​គម្រោង​ដើម្បី​ធ្វើ​នៅ​សប្តាហ៍​បន្ត។

៤.ពិភាក្សា​គ្នា​អំពី​ជីវិត​សិច៖ សិច​គឺ​ជា​បញ្ហា​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ជីវិត​គូ​ស្នេហ៍​ដែល​លោក​អ្នក​មិន​គួរ​មើល​រំលង​ចំណុច​នេះ​ទេ។ មាន​គូ​ស្នេហ៍​ជា​ច្រើន​ដែល​មាន​ស្តង់​ដារ​ជីវ​ភាព​រស់​នៅ​សម​រម្យ ប៉ុន្តែ​បែរ​ជា​ជួប​បញ្ហា​រកាំ​រកូស​គ្មាន​សុភ​មង្គល​ ឬ​បែក​បាក់​គ្នា ព្រោះ​តែ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​រឿង​សិច។ ដូច្នេះ​អ្នក​គួរ​តែ​យល់​ដឹង​ពី​តម្រូវ​ការ​នេះ និង​ពិភាក្សា​ជា​មួយ​គ្នា​ដោយ​ចំហ​​ថា​តើ​ត្រូវ​ផ្លាស់​ប្តូរ​កែ​កុន​ចំណុច​ខ្វះ​ខាត​មិន​ល្អអ្វី​ខ្លះ​​ទើប​ប្រសើរ។

៥.ប្រាប់​ពីមូល​ហេតុ​ដែល​អ្នក​ស្រឡាញ់៖ រំលឹក​អនុស្សាវរីយ៍​ចាស់ ដោយ​ប្រាប់​ពី​ទី​កន្លែង​ដំបូង​ និង​មូល​ហេតុ​ដែល​អ្នក​លង់​ស្នេហ៍​ដៃ​គូ​របស់​អ្នក។ ចូរ​និយាយ​ប្រាប់​ដៃ​គូ​អ្នក​អំពី​គុណ​សម្បត្តិ​សំខាន់ៗ​ ដែល​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​បំផុត​ហើយ​អត់​ទ្រាំ​នឹង​ស្ងើច​សរសើរ​មិន​បាន រហូត​ដល់​ជាប់​ស្នេហ៍​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត៕ (ប្រភព៖ marianneclyde.com)
ប្រែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!