តើខ្មែរប្រារព្ធពិធីបុណ្យអុំទូកតាំងពីពេលណាមក?
នៅក្នុងខែកត្តិកនេះមានពិធីបុណ្យជាច្រើន
ដូចជាពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ
និងបណ្តែតប្រទីប
ដែលគេតែងរៀបចំជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីបុណ្យទាំងនេះគេប្រារព្ធធ្វើនៅទន្លេចតុមុខ មានរយៈ
ពេល៣ថ្ងៃ
គឺចាប់ពីថ្ងៃ១៤កើត ខែកត្តិកដល់ថ្ងៃ១រោច ខែកត្តិក
ដោយក្នុងនោះពេលយប់មានការបណ្តែតប្រទីប។
រីឯពិធីបុណ្យអកអំបុកសំពះព្រះខែវិញ
គេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រី១៥កើត
ខែកត្តិកតែប៉ុណ្ណោះ។
នៅទីនេះនឹងបង្ហាញអំពីពិធីបុណ្យអុំទូកមួយ
ថាតើវាមានដំណើរដើមទងដូចម្តេចខ្លះ
បានជាខ្មែរយើងតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំដូច្នេះ?
យោងតាមគេហទំព័រ km.wikipedia.org
បានរៀបរាប់ពីប្រភពនៃពិធីបុណ្យអុំទូកនេះថា៖
ពិធីបុណ្យអុំទូកនៅប្រទេសកម្ពុជា
គឺជាពិធីបុណ្យមួយត្រូវបានគេប្រារព្ធធ្វើតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧
ដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ
ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ
គឺពួកចាម។
ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី
ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី។
នៅក្នុងឱកាសនៃពិធីនេះ
គេសង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត-ក្រុងមួយចំនួន
យកទូកមកប្រណាំងដណ្ដើមយកជ័យជម្នះឱ្យខេត្តរបស់ខ្លួនទៀតផង។
តាមទំព័រប្រវត្តិសាស្រ្ត ក្នុងអំឡុងឆ្នាំ១១៧៧
ពួកចាមបានលើកទ័ពមកវាយលុកលុយត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ
ខណៈពេលនោះព្រះបាទជ័យវរ្ម័នទី៧
ចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ពជើងទឹកប្រយុទ្ធប្រឆាំងនឹងពួកចាម
រហូតទទួលបានជ័យជម្នះ
ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិនៅឆ្នាំ១១៨១
និងបានធ្វើការអភិវឌ្ឍប្រទេសជាតិរីកចម្រើនរុងរឿងដល់កម្រិតកំពូលថែមទៀត។
តាមរយៈចម្លាក់នៅប្រាសាទបាយ័ន
គេសង្កេតឃើញមានប្រាង្គប្រាសាទមុខបួនបែរទៅគ្រប់ទិស
ដែលធ្វើឱ្យអ្នកប្រាជ្ញជាតិ
និងអន្តរជាតិមួយចំនួនយល់ថា “ប្រាសាទបាយ័ន ជាវិមានទេព
ក្នុងរឿងព្រេងនិទានមានលក្ខណៈអច្ឆរិយខ្លាំងណាស់”។
នៅតាមជញ្ជាំងនៃប្រាសាទ
មានចម្លាក់ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
និងទំនៀមទម្លាប់ប្រពៃណី សាសនា សិល្បៈ កីឡា
ជាពិសេសការធ្វើសឹកសង្គ្រាមជាមួយពួកចាម
ដែលត្រូវបានគេឆ្លាក់ជាប់នឹងជញ្ជាំងយ៉ាងល្អប្រណីតគួរឲ្យគយគន់ខ្លាំងណាស់។
ដោយសារចម្លាក់នៃកងទ័ពជើងទឹកនេះត្រូវបានកុលបុត្រខ្មែរជំនាន់ក្រោយចងចាំពីគុណបំណាច់របស់បុព្វបុរសខ្លួន
ដែលបានរំដោះទឹកដីឲ្យរួចផុតពីការត្រួតត្រារបស់ខ្មាំងសត្រូវ
ទើបនាំគ្នាប្រារព្ធធ្វើពិធីអុំទូករំលឹកគុណបំណាច់ដ៏ថ្លៃថ្លានេះជារៀងរាល់ឆ្នាំ។
ចំណែកបងប្អូនខ្មែរកម្ពុជាក្រោម
ដែលមានឈាមជ័រជាខ្មែរតែមួយ
ទោះបីជាសព្វថ្ងៃនេះបានឃ្លាតឆ្ងាយពីយើង
និងរស់នៅក្រោមការត្រួតត្រារបស់ប្រទេសវៀតណាមយ៉ាងណាក៏ដោយ
ក៏ពួកគាត់នៅតែរក្សានូវទំនៀមទម្លាប់ប្រពៃណីខ្មែរដដែល
ហើយតែងតែនាំគ្នាប្រារព្ធពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ
មិនដែលខកខាននោះទេ។ តាមឯកសារស្រាវជ្រាវ តន្ត្រី
និងជីវិតរបស់អ្នកស្រី កែវ ណារុំ
បានបញ្ជាក់ថាស្ដេចត្រាញ់នៅកម្ពុជាក្រោម
ស្រុកបាសាក់បានរៀបចំកងទ័ពជា៣ក្រុម
ដើម្បីការពារភូមិសាស្ត្ររបស់ខ្លួន
គឺទី១.ទ័ពស្រួចហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចសព្វថ្ងៃ។
ទី២.ទ័ពជំនួយហាត់ច្បាំងនឹងទូកចែវមានទ្រង់ទ្រាយដូចទូកសព្វថ្ងៃដែរ
និងទី៣.ទ័ពបាសាក់
គឺទូកធំមានដំបូលចែវក្ដោងរាងស្រួចដំបូលកាត់មុខឥតជញ្ជាំងសម្រាប់ផ្ទុកស្បៀងកងទ័ព។
របៀបបង្ហាត់ទូកចម្បាំងនេះ ស្ដេចត្រាញ់នៅកម្ពុជាក្រោម
តែងតែឲ្យមន្ត្រីក្រោមឱវាទ
ធ្វើការប្រលងប្រណាំងទូកនៅថ្ងៃ១៥កើត ខែកត្តិក
ដោយឲ្យកេណ្ឌទាហានជើងគោក
និងជើងទឹកមកធ្វើសមយុទ្ធជារៀងរាល់ឆ្នាំរយៈពេលមួយយប់មួយថ្ងៃ
និងបានក្លាយជាទំនៀមទម្លាប់ដ៏មានសារសំខាន់សម្រាប់ជនជាតិខ្មែរ។
ក្នុងពិធីបុណ្យអុំទូកនេះ មានការលយប្រទីប
ដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា
និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ
ភោគផលក្នុងការងារកសិកម្ម
ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរយើង។
នៅពេលយប់
តាមក្រសួងនីមួយៗមានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់
និងបាញ់កាំជ្រួចព្រោងព្រាត
ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ
បញ្ចេញនូវស្នាមញញឹមគ្រប់ៗគ្នា។ សម្រាប់បីថ្ងៃ
កម្មករកម្មការិនីមកពីគ្រប់ខេត្តចូលរួមជាមួយអ្នករស់នៅរាជធានីភ្នំពេញ
ដើម្បីអបអរសាទរ
និងរំលឹកដល់ចុងបញ្ចប់នៃរដូវកាលវស្សារបស់ប្រទេសនេះ
ក៏ដូចជាការផ្ទុយស្រឡះនៃលំហូរនៃទន្លេសាបផងដែរ។
ក្នុងរយៈពេលបីថ្ងៃនេះ ក៏មានកម្មវិធី ប្រគំតន្ត្រី
និងមានស្តង់តាំងពិព័ណ៌ផលិតផលរបស់ខ្មែរ
ដែលប្រជាកសិករគ្រប់ខេត្តក្រុង ខិតខំផលិតឡើងផងដែរ
ដែលជាការទាក់ទាញភ្ញៀវជាតិ
និងអន្តរជាតិជាច្រើនលាននាក់អញ្ជើញមកទស្សនាកម្សាន្តសប្បាយ
និងទិញនូវផលិតផលដែលជាស្នាដៃរបស់ខ្មែរយើង៕
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment