វិធី​​៥​​យ៉ាង​​ធ្វើ​​ឲ្យ​​ការ​​និយាយ​នៅ​មុខ​សាធារណ​ជន​បាន​​ល្អ​

វិធី​​៥​​យ៉ាង​​ធ្វើ​​ឲ្យ​​ការ​​និយាយ​នៅ​មុខ​សាធារណ​ជន​បាន​​ល្អ​

ទោះ​បី​អ្នក​​ចាំ ឬ​​យល់​បាន​កម្រិត​ណា​ក៏​ដោយ បើ​អ្នក​ភ័យ​ខ្លាច​ញ័រ​ញាក់​(បាត់​ទំនុក​ចិត្ត​ខ្លួន​ឯង)​ហើយ ការ​និយាយ​ ឬ​ធ្វើ​បទ​បង្ហាញ​នឹង​ត្រូវ​រំខាន​ដោយ​ទឹក​មុខ​ស្លេក​ស្លាំង ញ័រ​ជើង​ដៃ ត្រជាក់​ជើង​ដៃ បែក​ញើស ញ័រ​បេះ​ដូង កូរ​ពោះ ចាប់​នេះ​ចាប់​នោះ​មិន​ជាប់​និយាយ​ត្រដិត​តតាក់​តតុប​រអាក់​រអួល​ ឈាន​​ដើរ​​ខុស​​ទំនង​​ជា​ដើម។ ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្តាប់ ឬ​អ្នក​ទស្សនា​គ្មាន​​ចំណាប់​អារម្មណ៍។ ដូច្នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​និយាយ​នៅ​មុខ​សាធារណ​ជន​ប្រកប​ដោយ​ជំនឿ​ចិត្ត គេ​គួរ​​​អនុវត្ត​​តាម​​វិធី​សាមញ្ញ​៥​យ៉ាង​ដូច​ខាង​ក្រោម៖

១. សម្របតាមចំណាប់អារម្មណ៍អ្នកមើល/ស្តាប់៖ មនុស្ស​ដែល​ភ័យ​ញ័រ​ក្នុង​ពេល​និយាយ​មុខ​សាធារណ​ជន​ភាគ​ច្រើន​គឺ​មក​ពី​ប្រុង​ប្រយ័ត្ន​ខ្លួន​ឯង​ពេក។ ​អ្នក​ទាំង​នោះ​តែង​គិត​ថា​អ្នក​មើល ឬ​ស្តាប់​នឹង​ចាំ​ចាប់​កំហុស​ខ្លួន​គ្រប់​យ៉ាង ហើយ​វាយ​ប្រហារ​មក​លើ​ខ្លួន​ក្រោយ​និយាយ ឬ​បង្ហាញ​ចប់។ ចូរ​កុំ​មាន​អារម្មណ៍​បែប​ហ្នឹង​ឲ្យ​សោះ ព្រោះ​បើ​អ្នក​ប្រុង​ប្រយ័ត្ន​ខ្លាំង បារម្ភ​ខ្លាច​ខុស​ខ្លាំង វា​នឹង​នាំ​ឲ្យ​អ្នក​បាត់​បង់​ទំនុក​ចិត្ត​គ្រប់​យ៉ាង ហើយ​មិន​ហ៊ាន​និយាយ​ចេញ ​ឬ​និយាយ​មិន​កើត​តែ​ម្តង។ អ្នក​មិន​ត្រូវ​គិត​ពី​ខ្លួន​អ្នក ឬ​ការ​វាយ​បក​ពី​អ្នក​មើល/ស្តាប់​ពេក​ទេ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​សំឡឹង​មក​អ្នក​ គិត​ជា​មួយ​អ្នក យល់​ដូច​អ្នក សើច​សប្បាយ​ជា​មួយ​អ្នក ហើយ​ចាប់​អារម្មណ៍​ពី​អ្វី​ដែល​អ្នក​កំពុង​បង្ហាញ។

២. ដឹងពេលកំពុង​និយាយ/ ធ្វើ៖ ភាព​ភ័យ​ខ្លាច ញ័រ​ញាក់​ជា​និច្ច​កាល គឺ​មក​ពី​គិត​អំពី​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង? នឹង​មាន​អ្វី​ខុស​ឆ្គង? ឧទា​ហរណ៍ៈ ​អ្នក​មើល/ ស្តាប់​នឹង​សួរ​នូវ​សំណួរ​ដែល​ខ្លួន​ឆ្លើយ​មិន​បាន ឬ​អ្នក​មើល/ ស្តាប់​នឹង​ធុញ​ទ្រាន់ ឬក៏​ស្តាប់​មិន​យល់​ជា​ដើម។ ចូរ​អ្នក​ព្យាយាម​សំឡឹង​មើល​ទៅ​ប្រិយ​មិត្ត​របស់​អុ្នក ដោយ​ការ​ចាប់​អារម្មណ៍ និង​ញញឹម​ប្រកប​ដោយ​ភាព​ទន់​ភ្លន់​ម៉ឺង​ម៉ាត់​ទៅ​កាន់​ពួក​គេ ហើយ​គិត​តែ​ម្យ៉ាង​ថា​តើ​ខណៈ​នេះ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ប្រិយ​មិត្ត​អ្នក​យល់​នូវ​អ្វី​ដែល​អ្នក​កំពុង​និយាយ ឬ​បង្ហាញ​នោះ​គឺ​ជា​ការ​ស្រេច។

៣. កែ​កំហុស​ជា​ការ​អភិវឌ្ឍ​ជំនាញ និង​បទ​ពិសោធន៍៖ នៅ​លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់ ដែល​មិន​ធ្លាប់​បរាជ័យ​ក្នុង​រឿង​អ្វី​មួយ​នោះ​ទេ គ្រាន់​តែ​ថា​បរាជ័យ​នោះ​មាន​ទម្ងន់​ប៉ុណ្ណា។ ក៏​ដូច​គ្នា​ដែរ ការ​និយាយ ឬ​ការ​ធ្វើ​បទ​បង្ហាញ​ផ្សេងៗ​រមែង​មាន​កំហុស​ ឬ​ភាព​ខ្វះ​ខាត​ចន្លោះ​ប្រហោង​ខ្លះៗ​ចៀស​មិន​ផុត ប៉ុន្តែ​ប្រការ​សំខាន់​គឺ​គប្បី​រៀន​កែ​ប្រែ​ពី​ចំណុច​អវិជ្ជ​មាន​នោះ​ធ្វើ​ជា​បទ​ពិសោធន៍ ដោយ​អភិវឌ្ឍ​វា​ឲ្យ​ទៅ​ជា​សមត្ថ​ភាព​ជំនាញ កុំ​ឲ្យ​វា​ខុស​ដដែលៗ។

៤. ចំណាយ​ពេល​រៀន​បង្កើត​ទំនុក​ចិត្ត៖ ការ​មាន​ទំនុក​ចិត្ត​ខ្លួន​ឯង គឺ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។​ កិច្ច​ការ​ទាំង​ពួង​ជោគ​ជ័យ​ដោយ​សារ​មាន​ជំនឿ​ចិត្ត បើ​គ្មាន​ជំនឿ​ចិត្ត អ្នក​នឹង​បរា​ជ័យ។ នៅ​ពេល​អ្នក​និយាយ ឬ​ធ្វើ​បទ​បង្ហាញ អ្នក​ត្រូវ​តែ​ជឿ​ជាក់​លើ​សមត្ថ​ភាព​ខ្លួន​ឯង​ថា​អ្នក​​អាច​ធ្វើ​បាន ​ហើយ​ចូរ​តាំង​ចិត្ត​ធ្វើ​ដោយ​អង់​អាច​ស្វាហាប់។

៥. អនុវត្តនៅនឹងកន្លែង៖ មិន​ថា​អ្នក​នៅ​ទី​ណា​ទេ អ្នក​អាច​រៀន​អនុវត្ត​បន្ស៊ាំ​ធ្វើ​វា​ឲ្យ​បាន​ញឹក​ញាប់​ដើម្បី​ឲ្យ​វា​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ។​ ការ​ហ្វឹក​ហាត់​សម​ដដែលៗ​នៅ​ផ្ទះ​របស់​អ្នក ឬ​ជា​មួយ​មិត្ត​ភក្តិ ដោយ​និយាយ​ដាក់​កញ្ចក់ ឬ​ជញ្ជាំង​ជា​ដើម មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ក្លាហាន​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ចាំ​ស្ទាត់​ជំនាញ និង​រហ័ស​រហួន​ទៀត​ផង៕ (ប្រភពពី៖ RachelGreen.com)
ប្រែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!