តើ​លោក​អ្នក​​ដឹង​ពី​អត្ថ​ន័យ​​នៃ​​បុណ្យ​ណូអែល​ទេ?

តើ​លោក​អ្នក​​ដឹង​ពី​អត្ថ​ន័យ​​នៃ​​បុណ្យ​ណូអែល​ទេ?

ពិធី​បុណ្យ​ណូអែល ដែល​ភាសា​អង់គ្លេស​ហៅ​ថា Christmas ជិត​ឈាន​ចូល​មក​ដល់​ហើយ តើ​អ្នក​ទាំង​អស់​គ្នា​យល់​ដឹង​ពី​ពិធី​បុណ្យ​នេះ​ក្នុង​កម្រិត​ណាហើយ? តើបុណ្យ​ Christmas ​គឺ​ជា​អ្វី? ពិធី​នេះ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​របស់​បណ្ដា​ប្រទេស​អ្នក​កាន់​សាសនា​គ្រិស្ត និង​តែង​តែ​ធ្វើ​ឡើង​វិល​ជុំ​ជា​រៀង​រាល់​ឆ្នាំ​ចំ​ថ្ងៃ​ទី​២៥​​ធ្នូ។ ខាង​ក្រោម​នេះ​នឹង​រៀប​រាប់​ពី​អត្ថន័យ​​នៃ​បុណ្យ​ណូអែល៖
ពាក្យ Christmas មាន​ដើម​កំណើត​មក​ពី​ភាសា​អង់គ្លេស​សម័យ​បូរាណ “Cristes Maesse” ដែល​មាន​ន័យ​ថា Christ’s Mass (ពិធី​អបអរ​សាទរ​ការ​ជួប​ជុំ​រវាង​អ្នក​កាន់​សាសនា​គ្រិស្ត)។ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​ប្រសូត ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថ្ងៃ​ប្រាកដ​ដែល​ទ្រង់​ប្រសូត​នោះ​ទេ។ ដូច​នេះ អ្នក​បង្ហាត់​បង្រៀន​សាសនា​ជាន់​ខ្ពស់​នៅ​ដើម​សត​វត្ស​រ៍​ទី​៤​បាន​កំណត់​យក​​ក្នុង​អំឡុង​ថ្ងៃ​នៃ​​ពិធី​បុណ្យ Roman Saturnalia គឺ​ថ្ងៃ​ទី​១៧​ដល់​​២១​ខែ​ធ្នូ។ ការ​កំណត់​លើក​ដំបូង​នៃ​ថ្ងៃ​រំលឹក​ថ្ងៃ​ប្រសូត​របស់​ទ្រង់​ធ្វើ​ឡើង​នៅ​ឆ្នាំ​៣៥៤​នៃ​គ្រិស្ត​សករាជ។ ក្រោយ​មក​វិហារ​សាសនា​គ្រិស្ត​ទាំង​អស់​សម្រេច​យក​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​វិញ លើក​លែង​តែ​ជន​ជាតិ​អាមិននៀ​ទេ​ ដែល​ប្រារព្ធ​ពិធី​នេះ​នៅ​ថ្ងៃ​ទី​៦ ខែ​មករា​(ដែល​គេ​ហៅថា​ថ្ងៃ​លាង​បាប​ឱ្យ​ព្រះ​យេស៊ូ)។
ក្នុង​ប្រពៃណី​របស់​សហរដ្ឋ​អាមេរិក និង​អង់គ្លេស​ថ្ងៃបុណ្យ Christmas គឺ​ជា​ថ្ងៃ​អ្នក​ទាំង​អស់​គ្នា​ទទួល​អំណោយ​ពី​លោក​តាសាន់តា​ក្លស (Santa Claus)។ ទស្សនៈ​សម័យ​បច្ចុប្បន្ន​របស់​ប្រជា​ជន​អាមេរិក​មួយ​ចំនួន​អំពី​របៀប​ដែល Christmas គួរ​តែ​ធ្វើ ​គឺ​យក​តាម​​របៀប​​ដែល​ប្រជា​ជន​អង់​គ្លេស​ធ្វើ​ចាប់​តាំង​ពី​រជ្ជ​កាល​ព្រះ​មហាក្ស​ត្រិយានី​វ៉ិកតូរីយ៉ា ដូច​ដែលត្រូវ​បាន​ពិពណ៌នា​ក្នុង​ប្រលោម​លោក “​A Christmas Carol របស់​កវី​និពន្ធ Charles Dicken។ បទ​ចម្រៀង Christmas ការ​ជូន​អំណោយ​គ្នា អាហារ​និង​ភេសជ្ជៈ ព្រម​ទាំង​ការ​ពោល​ពាក្យ​ពេចន៍​ជូន​ពរ ដើម្បី​បង្កើត​បរិយា​កាស​រីក​រាយ ធ្វើ​ឱ្យ​ថ្ងៃ​នៃ​ពិធី​បុណ្យ Christmas មាន​លក្ខណៈ​ ពិសេស។ អំណោយ​ដំបូង​មាន​លក្ខណៈ​សាមញ្ញ​ដូច​ជា​មែក​ឈើ ដែល​តំណាង​ឱ្យ​សំណាង​ល្អ។ ក្រោយ​មក​ ការ​ជូន​អំណោយ​ប្រភេទ​នេះ វិវត្តន៍​ទៅ​ជា​អាហារ គ្រឿង​អលង្ការ​តូចៗ​ទៀន និង​រូប​ចម្លាក់​ព្រះ។ កាល​ពី​មុន អ្នក​មិន​ជឿ​សាសនា​គ្រិស្ត មិន​ពេញ​ចិត្ត​នឹង​ការ​ជូន​អំណោយ​គ្នា​នេះ​ទេ​ តែ​ក្រោយ​មក​ក៏​ត្រូវ​គេ​ទទួល​យក​វិញ ហើយ​វា​ក្លាយ​ជា​រឿង​​ធម្មតា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ Santa Claus ត្រូវ​បាន​ស្គាល់​ដោយ​ក្មេងៗ​ជន​ជាតិ​អង់គ្លេស​ថា​ជា​បិតា​នៃ Christmas។ បិតា​នៃ Christmas បច្ចុប្បន្ន​ស្រដៀង​គ្នា​នឹង​ Santa Claus របស់​សហរដ្ឋ​អាមេរិក។ បិតា​នៃ Christmas សម័យ​មុន​ពាក់​អាវ​វែង​ និង​វត្ថុ​ស័ក្ដិ​សិទ្ធិ​នៅ​ក្នុង​សក់​វែង​ពណ៌​ស។ ក្មេងៗ​សរសេរ​សំបុត្រ​ទៅ​គាត់​ដើម្បី​រៀប​រាប់​ពី​ការ​បួង​សួង​របស់​ពួក​គេ ប៉ុន្តែ​ជា​ជាង​ការ​ដាក់​សំបុត្រ​ទាំង​នោះ​ទៅ​ក្នុង​ប្រអប់​សំបុត្រ​ ​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ភ្នក់​ភ្លើង។ សំបុត្រ​ឆេះ​ទៅ​ជា​ផ្សែង​ហើរ​ទៅ​តាម​បំពង់​ផ្សែង​ហើយ​បិតា​នៃ Christmas ជា​អ្នក​អាន​ផ្សែង​នោះ។ ពី​ប្រទេស​អង់គ្លេស យើង​ទទួល​បាន​រឿង​មួយ​ពន្យល់​ពី​ទំនៀម​ទំលាប់​នៃ​ការ​ព្យួរ​ស្រោម​ជើង​នៅ​មាត់ បំពង់​ផ្សែង​នៃ​កន្លែង​ភ្នក់​ភ្លើង​ក្នុង​ផ្ទះ។ បិតា​នៃ Christmas បាន​ទម្លាក់​កាក់​មាស​ខ្លះៗ​ចុះ​តាម​ បំពង់​ផ្សែង​ហើយ​កាក់​ទាំង​នោះ​នឹង​ធ្លាក់​កប់​បាត់​នៅ​ក្នុង​ផេះ​បើ​មិន​មាន​ស្រោម​ជើង​ចាំ​ត្រង។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្មេងៗ​បន្ត​ការ​ព្យួរ​ស្រោម​ជើង​ក្នុង​ក្ដី​សង្ឃឹម​ឃើញ​មាន​អំណោយ​នៅ​ក្នុង​ នោះ។
ប្រពៃណី​នៃ​ការ​ច្រៀង​បទ Carols ក្នុង​ថ្ងៃ Christmas ក៏​មាន​ដើម​កំណើត​មក​ពី​ប្រទេស​អង់គ្លេស​ដែរ។ ក្នុង​អំឡុង​មជ្ឈិម​​សម័យ​ ក្រុម​អ្នក​សម្ដែង​ឈ្មោះ Waits បាន​ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដើម្បី​ច្រៀង​បទ​ Carol និង​ផ្សព្វ​ផ្សាយ​វិញ្ញាណ​នៃ​ថ្ងៃ​ឈប់​​សម្រាក។ ពាក្យ​ Carol មាន​ន័យ​ថា “បទ​ចម្រៀង​របស់​អ្នក” ហើយ​បទ​ Carol ចាស់​ជា​ទី​ពេញ​និយម​ភាគ​ច្រើន​ដែល​យើង ​ច្រៀង​សព្វ​ថ្ងៃ​ត្រូវ​បាន​សរសេរ​ក្នុង​សតវត្សរ៍​ទី​១៩។ ចំណែក​ឯ​ការ​ព្យួរ​ស្លឹក​ឈើ​ពណ៌​បៃតង​ដូច​ជា​ស្លឹក Holly និង Ivy គឺ​ជា​ប្រពៃណី​របស់​​ប្រទេស​អង់គ្លេស​នៅ​រដូវ​ធ្លាក់​ទឹក​កក​ដែល​មាន​ដើម​កំណើត​ឆ្ងាយ​ពី​សម័យគ្រិស្ត៕
អត្ថបទដោយ៖ ឈួន លក្ខ កែសម្រួលដោយ៖ មត សុមឿន
(ប្រភព៖ cambodiapiece.wordpress.com)

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

Congratulations to all 12th grade graduates 2025!

និទានអប់រំ