ហេតុ​អ្វី​​បាន​ជា​​ខ្មែរ​​សម័យ​​បុរាណ​​មាន​​ពិធី​​បញ្ចូល​​ម្លប់​​កូន​ស្រី​?

ហេតុ​អ្វី​​បាន​ជា​​ខ្មែរ​​សម័យ​​បុរាណ​​មាន​​ពិធី​​បញ្ចូល​​ម្លប់​​កូន​ស្រី​?

​ឳ​ពុក​​ម្តាយ​​គ្រប់​​រូប​​តែង​​ប្រាថ្នា​​ចង់​​ឲ្យ​​កូន​​បាន​​ល្អ​ ឯ​​វិធី​សាស្ត្រ​​ក្នុង​​ការ​​អប់រំ​​ទូន្មាន​​កូន​ចៅ​​ឲ្យ​​ក្លាយ​ទៅ​ជា​​មនុស្ស​​ល្អ​​នោះ​​មាន​​ច្រើន​ គឺ​​ការ​​អប់រំ​​តាម​​រយៈ​​ការ​​បញ្ជូន​​កូន​​ទៅ​​សិក្សា​​នៅ​​សាលា​ ការ​​អប់រំ​​តាម​​រយៈ​​មជ្ឈដ្ឋាន​​សង្គម​ និង​​ការ​​អប់រំ​​នៅ​​ក្នុង​​សង្គម​​គ្រួសារ​​ជា​ដើម​។​ ចំណែក​​ពិធី​​ចូល​​ម្លប់​​ក៏​​ជា​​ពិធី​​មួយ​​ដែល​​ចាស់​​បុរាណ​​បង្កើត​​ឡើង​​ក្នុង​​គោល​បំណង​​ដើម្បី​​អប់​រំ​​ដល់​​កូន​ស្រី​​ផង​​ដែរ​។​ ដូច្នេះ​​តើ​​​ទំនៀម​ទម្លាប់​​ប្រពៃណី​​ខ្មែរ​​ដែល​​​​​មាន​​វិធី​សាស្ត្រ​​អប់រំ​​កូន​ស្រី​​តាម​​បែប​​បញ្ចូល​​ម្លប់​​នេះ​​មាន​​របៀប​ និង​​អត្ថន័យ​​ដូច​​ម្តេច​?
នៅក្នុង​​សៀវ​ភៅ​​ព្រលឹង​​មាតា​​ធិ​ប​តេ​យ្យ​​ក្នុង​​សង្គម​​ខ្មែរ​របស់​​លោក​ ងួ​ន​ ញ៉ិល​ បាន​​រៀប​រាប់​​ពី​​ប្រវត្តិ​​ដែល​​ទាក់​ទង​​ទៅ​​នឹង​​ពិធី​​ចូល​​​ម្លប់​​នេះ​​ថា​ ពិធី​​នេះ​​មាន​​ជា​​យូរ​លង់​​ណាស់​​មក​​ហើយ​​ក្នុង​​សង្គម​​ខ្មែរ​ តែ​​ពុំ​​មាន​​ឯកសារ​​ណា​មួយ​​បញ្ជាក់​​ច្បាស់​​ថា​​តើ​​សង្គម​​ខ្មែរ​​យើង​​បាន​​អនុវត្ត​​ការ​​ចូល​​ម្លប់​​នេះ​​ពី​​ពេល​​ណា​​មក​​ទេ​។​ លុះ​​មក​​ដល់​​សម័យ​​លង្វែក​​សត​វត្ស​​ទី​​១៦​ ទើប​​យើង​​ឃើញ​​មាន​​ភស្តុ​​តាង​​ខ្លះៗ​​បញ្ជាក់​​ពី​​ការ​​ចូល​​ម្លប់​​នេះ​ តាម​​រយៈ​​តួ​អង្គ​​នាង​​ទាវ​​ក្នុង​​រឿង​​ទុំ​ទាវ​​ របស់​​កវី​ សន្ធរ​ ម៉ុ​ក​។​ ការ​​អនុវត្ត​​ទំនៀម​ទម្លាប់​​នេះ​ បាន​​ទទួល​​ការ​​និយម​​ពី​​សង្គម​​ខ្មែរ​​បុរាណ​​រហូត​​ដល់​​រជ្ជកាល​​ព្រះ​បាទ​​សម្តេច​ព្រះ​ ស៊ី​សុវត្ថិ​​មុនី​​វង្ស​ (​ប្រហែល​​រវាង​​គ​.​ស​១៩៣០​​ដល់​​១៩៤០)​ ទើប​បាន​​សាប​រលាប​​ជា​​បណ្តើរៗ​​ទៅ​​តាម​​ការ​​រីក​​ចម្រើន​​វិទ្យា​សាស្ត្រ​ និង​​ល័ក្ខ​ខ័ណ្ឌ​​ចាំបាច់​​ផ្សេងៗ​​នៃ​​សង្គម​។​ សព្វ​ថ្ងៃ​​យើង​​ដឹង​​ពី​​ពិធី​​ចូល​​ម្លប់​​នេះ​​ តាម​​រយៈ​​ព្រឹទ្ធាចារ្យ​​ដែល​​បាន​​ចេះ​​ចាំ​ ហើយ​​ការ​​ចេះ​​ចាំ​​របស់​​គាត់​​ទៀត​​សោត​​ក៏​​មាន​ការ​​ប្លែក​​គ្នា​​ខ្លះៗ​​ចំពោះ​​លំនាំ​​ពិធី​​នៃ​​ការ​​អនុវត្ត​​នៅ​​ក្នុង​​តំបន់​​នីមួយៗ​​ផង​​ដែរ​។​ ទោះ​បី​ជា​​យ៉ាង​នេះ​​ក្តី​ ពិធី​​នេះ​​មាន​​គោល​បំណង​​តែ​​មួយ​​គត់​ គឺ​​បំពេញ​​លក្ខណ៍​​ឲ្យ​​កូន​ស្រី​ (​បំពេញ​​លក្ខណៈ​​ខាង​​រូប​សម្បត្តិ​ និង​​ចរិយា​ស​ម្ប​តិ្ត​)​។
​របៀប​​នៃ​​កា​រ​បញ្ចូល​​ម្លប់​៖​ ពេល​​ដែល​​កូន​ស្រី​​ឈាន​​ចូល​​វ័យ​​ក្រមុំ​ គឺ​​នៅ​​ពេល​​ដែល​​កូន​ស្រី​​នោះ​​ចាប់​ផ្តើម​​មាន​​រដូវ​​ជា​​លើក​​ដំបូង​ឪ​ពុក​​​ម្តាយ​​ត្រូវ​​រៀបចំ​​ពិធី​​បញ្ចូល​​ម្លប់​​ឲ្យ​​កូន​ស្រី​​ខ្លួន​ យ៉ាង​​ហោច​​ណាស់​​ក៏​​ត្រូវ​ធ្វើ​​ឲ្យ​​កូន​ស្រី​​ច្បង​​នៃ​​គ្រួសារ​​ដែរ​។​ ឳ​ពុក​​ម្តាយ​នៅ​​​ក្នុង​​គ្រួសារ​​នីមួយៗ​ ទោះ​​នៅ​​ក្នុង​​សភាព​​ក្រ​លំបាក​​យ៉ាង​ណា​​ក៏​​ដោយ​ ក៏​​ត្រូវ​​ខិតខំ​​បំពេញ​ភារ​កិច្ច​​នេះ​​ឲ្យ​​បាន​​ទៅ​​តាម​​លទ្ធភាព​ និង​​សមត្ថភាព​​របស់​​ខ្លួន​។​ ការ​​ចូល​​ម្លប់​​នេះ​ គេ​​មិន​​ចាំបាច់​​រក​​អាចារ្យ​​ដេញ​​ពេល​វេលា​​រក​​ថ្ងៃ​ខែ​​ល្អ​​អាក្រក់​​នោះ​​ទេ​ ឳ​ពុក​​ម្តាយ​​គ្រាន់​តែ​​ជម្រាប​​ញាតិ​សន្តាន​​ជិត​​ស្និទ្ធ​​ថា​ ខ្លួន​​រៀប​ចំ​​បញ្ចូល​​ម្លប់​​កូន​ស្រី​​ខ្លួន​​នៅ​​ថ្ងៃ​នេះ​​ថ្ងៃ​​នោះ​​ប៉ុណ្ណោះ​។
​​ការ​​ចូល​​ម្លប់​​នេះ​ មាន​​រយៈ​ពេល​​យូរ​ ឬ​​ឆាប់​​អាស្រ័យ​​ទៅ​​តាម​លទ្ធភាព​​នៃ​​គ្រួសារ​​នោះ​ ជា​​ទូទៅ​​គេ​​កំណត់​​ពី​​៣​​ទៅ​​៦​​ខែ​ ហើយ​​ជួន​កាល​​គ្រួសារ​​ខ្លះ​​អូស​​បន្លាយ​​រយៈ​ពេល​​ចូល​​ម្លប់​​ឲ្យ​​យូរ​​ជាង​​នេះ​​ក៏​​មាន​ ដើម្បី​​បង្ហាញ​​លក្ខណៈ​​ពិសេស​​​ដល់​​​ញាតិ​​អ្នក​ស្រុក​។​ នៅ​​​ក្នុង​​​ពិធី​​ចូល​​ម្លប់​​នេះ​ គេ​​រៀប​ចំ​​តង្វាយ​ អុជ​​ទៀន​​ធូប​ សែន​ព្រេន​​គោរព​​វិញ្ញាណ​ក្ខន្ធ​​ជី​ដូន​​ជីតា​ និង​​ញាតិ​កា​​ទាំង​​ប្រាំពីរ​​សន្តាន​​ឲ្យ​​បាន​ដឹង​ ហើយ​​បន្ទាប់​​មក​​គេ​​យក​​តង្វាយ​​បន្តិច​បន្តួច​​ទៅ​​សែន​​នៅ​​ក្រោម​ផ្ទះ​​ មាន​​ច្រួច​​ស្រា​​លើ​​តង្វាយ​​នោះ​ រួច​​នាំ​​គ្នា​​បន់​ស្រន់​​ភូមិ​​ទេវតា​ ខ្មោច​ ព្រាយ​ បិសាច​​នានា​​សូម​កុំ​​ឲ្យ​​ប្រកាន់​ ហើយ​​សូម​​ជួយ​​ប្រសិទ្ធពរ​​ជ័យ​ សិរី​​មង្គល​​ដល់​​កូន​ស្រី​​របស់​​ខ្លួន​​នោះ​។
​ត្រណម​​នៃ​​ការ​​ចូល​​ម្លប់​៖​ នារី​​ចូល​​ម្លប់​​ទាមទារ​​ឲ្យ​​មាន​​អំណត់​ តស៊ូ​​ព្យាយាម​​អត់ធ្មត់​ គោរព​​ឲ្យ​​បាន​​នូវ​​លក្ខ​ខណ្ឌ​​ចាំ​បាច់​​​មួយ​​ចំនួន​​គឺ​៖​ ១.​ តម​​ដាច់​ខាត​​​មិន​​ឲ្យ​​ចរចា​​លេង​សើច​​ជា​មួយ​​ប្រុស​​ក​ម្លោះ​ ហើយ​​ត្រូវ​​យក​​ក្រមា​​ផាហ៊ុម​​បិទ​មុខ​​មិន​​ឲ្យ​​ប្រុស​​ក​ម្លោះ​​មើល​ឃើញ​ ព្រោះ​​នាំ​​ឲ្យ​​សៅ​ហ្មង​​ដល់​​នាង​។​ ២.​ ត្រូវ​​តែ​​នៅ​​សម្ងំ​​នៅ​​ក្នុង​​បន្ទប់​​ជា​មួយ​​ក្បួន​ច្បាប់​ និង​​មេរៀន​​ទាំង​ឡាយ​​របស់​​នាង​ ត្រូវ​​សំភី​​ហាត់​​ទន្ទេញ​​ឲ្យ​​ចាំ​​ស្ទាត់​​នូវ​​មេរៀន​​ល្អៗ​ ដែល​​ចាស់​ព្រឹទ្ធាចារ្យ​​ប្រៀន​ប្រដៅ​​សម្រាប់​​ជា​​ជំហាន​​អនុវត្ត​​ក្នុង​​ដំណើរ​​ជីវិត​​របស់​​នាង​​ពេល​​អនាគត​។​ ៣.​ កូន​ស្រី​​ដែល​​ចូល​​ម្លប់​ ត្រូវ​​រក្សា​សីល​​៥​ ឬ​​សីល​៨​ ឬ​ក៏​​សីល​១០​ និង​​កាន់​​ចិត្ត​​អំណត់​​ខន្តី​​ដូច​​ជា​​ដូនជី​​។​ ក្រៅ​ពី​​នេះ​ នាង​​ត្រូវ​​ថែទាំ​​សាច់​ឈាម​​ដោយ​​ផឹក​ទឹក​​ថ្នាំ​ ខាត់​​រោម​ ឬ​​លាប​ម្សៅ​​រមៀត​ ដើម្បី​​ឲ្យ​​មាន​​សម្បុរ​​ស្រស់​ថ្លា​​គួរ​​ជាទី​​គយ​គន់​។
​អត្ថន័យ​​ដ៏​សំខាន់​​បំផុត​​នៃ​​ពី​ធី​​ចូល​​ម្លប់​៖​ អប់រំ​​ឲ្យ​​កូន​ស្រី​​ចេះ​​អត់ធ្មត់​ តស៊ូ​ ព្យាយាម​​ក្នុង​​កិច្ច​ការ​​លំបាក​​សព្វ​​យ៉ាង​​ទាំង​​ផ្លូវ​​កាយ​ ផ្លូវ​ចិត្ត​ និង​​ឲ្យ​​ខំ​​សិក្សា​​រៀន​សូត្រ​​ជំនាញ​​វិជ្ជាជីវៈ​​ផ្សេងៗ​ ដូច​ជា​ វិជ្ជា​​កាត់​ដេរ​​ប៉ាក់​ វិជ្ជា​​តុប​តែង​ លម្អ​​គេហដ្ឋាន​ វិជ្ជា​​ថែ​ទាំ​​សុខភាព​-​លម្អ​កាយ​ ថែទាំ​​បុត្រ​ និង​​ស្វាមី​ និង​​ជា​ពិសេស​​គឺ​វិជ្ជា​​ខាង​​ចង្ក្រាន​​ជើង​​ឆ្នាំង​ (​ធ្វើ​ម្ហូប​អាហារ​)​។​ លើស​​ពី​​នេះ​​ទៀត​ គឺ​​អប់រំ​​កូន​ស្រី​​ឲ្យ​​ចេះ​​រក្សា​​ទំនាក់​ទំនង​​ល្អ​ជា​​មួយ​​ក្រុម​​គ្រួសារ​ សាច់​ញាតិ​ បង​ប្អូន​ និង​​មនុស្ស​​ផង​​គ្នា​​ក្នុង​​សង្គម​៕​
អត្ថបទ​ដោយ​៖​ ឈួ​ន​ ល័​ក្ខ​
កែសម្រួលដោយ៖​ មត សុមឿន 

Comments

Popular posts from this blog

និទានអប់រំ

Why You Should Pursue Higher Education

និទានអប់រំអំពីជីវិត និងការសិក្សា