តើ​​ខ្មែរ​​មាន​ប្រភព​ដើម​កំ​ណើត​​មក​ពី​ណា?

តើ​​ខ្មែរ​​មាន​ប្រភព​ដើម​កំ​ណើត​​មក​ពី​ណា?

​ជា​​យូរ​យា​​ណាស់​​មក​​ហើយ​ អ្នក​​​សិក្សា​​ស្រាវ​ជ្រាវ​​ខ្មែរ​​បាន​​ខិត​ខំ​​​​​ស្រាយ​​​​ចម្ងល់​​អំពី​​​​បញ្ហា​​​កំណើត​​​ខ្មែរ​​។​ អ្នក​ស្រាវ​ជ្រាវ​​​បាន​​បញ្ចេញ​យោបល់​​ប្លែកៗ​​គ្នា​ ដែល​​​ជួន​​កាល​​​ផ្ទុយ​​​ស្រឡះ​​ពី​​គ្នា​​តែ​​ម្តង។​ ដូច្នេះ​​ តើ​​ខ្មែរ​​មាន​​ដើម​​កំណើត​​មក​ពី​​​ណា​និង​មាន​​វត្ត​​មាន​នៅ​​ក្នុង​​ទឹក​ដី​​នេះ​​តាំង​ពី​​ពេល​​ណា​?​ យោង​តាម​ទស្សនា​វដ្តី​​អក្សរ​សាស្ត្រ​-​មនុស្ស​​សាស្ត្រ​ លេខ​​ត្រី​មាស​​​ទី​​​៤​ ឆ្នាំ​​​២០០១​ ចេញ​ផ្សាយ​​​ដោយ​​​សាកល​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ​​​បាន​​បង្ហាញ​ទស្សនៈ​​ពីរ​​ប្លែក​​គ្នា​ ទាក់​ទង​នឹង​បញ្ហា​ប្រភព​​កំណើត​ខ្មែរ​គឺ​៖
​ទស្សនៈ​ទី​​១៖​ ​ទទួល​​ថា​​ជាតិ​ខ្មែរ​​ជា​​ជាតិ​​ប្រវេសន៍​​ចេញ​ពី​​ប្រទេស​​ឥណ្ឌា​ ហើយ​​បាន​​លុក​លុយ​​ដណ្តើម​​យក​​ទឹក​ដី​​របស់​​ជន​ជាតិ​​ដើម​​មួយ​ គឺ​​ជន​ជាតិ​​ក្នុង​​អំបូរ​​ម៉ាឡាយូ​​ប៉ូ​លី​​ណេ​ស៊ី​​យ៉ែ​ន​​។​ ​ទស្សនៈ​​នេះ​​ត្រូវ​​បាន​​បង្កើត​​មុន​គេ​​​ដោយ​​លោក​ Henricke​ Kerne​។​ បន្ទាប់​​មក​​​ក៏​​មាន​​អ្នក​​ស្រាវ​ជ្រាវ​​ខ្លះ​​ទៀត​យល់​​​ដូច​​​លោក​ Adhenard​ Lecĺere​ និង​លោក​ Pierre​ Gourou​ ​​ដែរ។​ លោក​ Pierre​ Gourou​ បាន​​បញ្ជាក់​​ថា​ ជន​ជាតិ​​ខ្មែរ​​ប្រហែល​ជា​​ត្រូវ​​​ពួក​​​ត្រាវិឌ​ ឬ​​ពួក​​អារ្យ​ (អរិយៈ) ​ចេញ​​ពី​​​ឥណ្ឌា​ ហើយ​ដោយ​​មាន​​សេស​សល់​​ក្រុម​​ខ្លះ​ ដូច​​ជា​​ពួក​​មុ​ណ្ឌ​ បាន​​មក​​លុក​លុយ​​ប្រទេស​​ភូមា​ ប្រទេស​​សៀម​ និង​​ប្រទេស​​ខ្មែរ​។​ ចំណែក​លោក​ Etiene​ Aymonier​ ​​យល់​​​ថា​​​ក្រុម​ មន​-​ខ្មែរ​​ជា​ក្រុម​មុ​ណ្ឌ​​មាន​​តាំង​ពី​​ដើម​​នៅ​​ជើង​ភ្នំ​​ទី​បេ​ ហើយ​​ក្រោយ​មក​​បាន​​បំបែក​​ជា​​ពីរ​​ក្រុម​​គឺ​ មន​-​ខ្មែរ​ ចូល​​មក​​តាំង​នៅ​​ភូមិ​ភាគ​​អាស៊ី​​អគ្នេយ៍​ ឯ​​មួយ​​ក្រុម​មួយ​​ទៀត​​​គឺ​​ម​ណ្ឌុ​ បាន​ចូល​​ទៅ​​នៅ​​ក្នុង​​ប្រទេស​​ឥណ្ឌា​​រហូត​​ដល់​​សព្វ​ថ្ងៃ​។
ទស្សនៈ​​ទី​​២៖​ ទទួល​ស្គាល់​​ថា​ ជន​ជាតិ​​ខ្មែរ​​ជា​​ជន​ជាតិ​​មួយ​​ស្ថិត​​នៅ​​ក្នុង​​ក្រុម​​ មន​-​ខ្មែរ​ ហើយ​​បាន​​កើត​ឡើង​​នៅ​​ភូមិ​ភាគ​​​អាស៊ី​​អគ្នេយ៍​​នេះ​​តាំង​ពី​​បុរាណ​​មក​។​ បើ​តាម​​​​យោបល់​​​របស់​​លោក​ Bernard​ Philiffe​ Groslier​ ដែល​បច្ចុប្បន្ន​ គឺ​ជា​​​អ្នក​​អភិរក្ស​​​អង្គរ​ និង​​លោក​ Macel​ Talahot​ ​យល់​​ឃើញ​​ថា​​ក្នុង​​សម័យ​​ ឌុ​​ណូ​ ប្រវត្តិ​សាស្ត្រ​​ដ៏​​យូរ​លង់​​មក​​ហើយ​ មាន​​​មនុស្ស​​ជា​​ច្រើន​​ក្រុម​​បាន​​ធ្វើ​​ដំណើរ​​ពី​​ខាង​ជើង​​ចុះ​​មក​​ភាគ​​អាស៊ី​​អគ្នេយ៍​​ដូច​​ជា​​ពួក​​​អូ​ស្ត្រា​​​ឡូ​អ៊ី​ត​ មេ​ឡា​​អេ​ស៊ី​​យាង​ និង​​ឥណ្ឌូ​ណេ​ស៊ី​​យាង​​ជា​ដើម​។​ អំបូរ​ មន​-​ខ្មែរ​ បាន​​កើត​ឡើង​​ដោយ​​ការ​​កាត់​​ផ្សំ​​រវាង​​ពួក​​ឥណ្ឌូ​ណេ​ស៊ី​​យាង​ និង​​​បេឡា​នេ​ស៊ី​យាង​ ហើយ​​បាន​​រស់​នៅ​​រាយ​​ប៉ាយ​​លើ​​ទឹក​ដី​ ដែល​​លាត​សន្ធឹង​​ពី​​ឥណ្ឌូ​ចិន​ ជ្រោយ​​ម៉ាឡាយូ​​រហូត​​ដល់​​ព្រំ​ប្រទល់​​ប្រទេស​ឥណ្ឌា​។
​គួរ​​កត់​​សម្គាល់​ថា​​យោបល់​​នៃ​​ក្រុម​​ទាំង​​ពីរ​ខាងលើ​​នេះ​ ​មាន​​លក្ខណៈ​​ស្រប​​ទៅ​​នឹង​​ទស្សនៈ​​របស់​​ខ្មែរ​ ព្រោះ​​បើ​​យើង​​សំអាង​​ទៅ​​លើ​​រឿង​ព្រេង​​ខ្មែរ​ ដោយ​សារ​តែ​​​មាន​​នាង​នាគ​​នៅ​​ស្រុក​​ខ្មែរ​​​ ​ទើប​​ព្រះ​ថោង​​ដែល​​គេ​​ថា​​មក​​ពី​​ស្រុក​​ឥណ្ឌា​​បាន​​ជួប​​ប្រភព​​គ្នា​ ហើយ​​បាន​​គ្រប់​គ្រង​​នគរ​​គោក​​ធ្លក​​នេះ​ឯង​។​ បាន​​សេចក្តី​​ថា​ លុះ​ត្រា​តែ​​មាន​​ជន​ជាតិ​​ខ្មែរ​​នៅ​​លើ​​កោះ​​គោក​​ធ្លក​​នេះ​មុន​រួច​ហើយ​​​​ ទើប​​​ឥណ្ឌា​​​អាច​​ផ្សាយ​​អរិយ​ធម៌​​របស់​​ខ្លួន​​បាន​​ខ្លះ​​ចូល​​ក្នុង​ស្រុក​​ខ្មែរ​។​ សេចក្តី​​ក្នុង​​រឿង​ព្រេង​​នេះ​​ ស​​ឲ្យ​​​ឃើញ​​ថា​ ចំពោះ​​ជាតិ​ខ្មែរ​​យើង​ មាន​​ប្រភព​​នៅ​​ក្នុង​ស្រុក​​ខ្មែរ​​មុន​ឥណ្ឌា​មក​ម្ល៉េះ​។​
​ថ្មីៗ​​នេះ​​លោក​​បណ្ឌិត​ ម​-​ត្រា​ណេ​ ជា​​អ្នក​​ស្រាវ​ជ្រាវ​​វប្បធម៌​​ខ្មែរ​ លោក​បាន​យល់​​ស្រប​​ជា​មួយ​​មតិ​​​ទី​​២​ គឺ​​លោក​​បាន​​បញ្ជាក់​​ថា​​ខ្មែរ​​មាន​ជីវិត​​នៅ​​លើ​​ទឹក​ដី​​ខ្មែរ​​តាំង​ពី ​​៦៨០.០០០​ឆ្នាំ​​មុន​គ​.​ស​​ រហូត​​​ដល់​​សត​វត្ស​​ទី​​១​​នៃ​​គ​.​ស​ ដែល​ជា​សម័យ​​​​ថ្ម​​គ្រួ​ស​​បំបែក​ ​មាន​​អាយុ ​​៦៨០.០០០​ឆ្នាំ​ ​ដល់​​១២០០.០០០​ឆ្នាំ​​មុន​​គ​.​ស​​។​ លោក​​បញ្ជាក់​​ថា​​យុគ​​​នេះ​​​អាច​​​ជា​​ការ​​ចាប់​ផ្តើម​​នៃ​​អរិយ​ធម៌​​ខ្មែរ​ ហើយ​​ការ​​ចង​ក្រង​​ទំព័រ​​​ប្រវត្តិ​​​សាស្ត្រ​​កម្ពុជា​ ត្រូវ​​ស្ថិត​​នៅ​​លើ​​សម្ភារៈ​​វប្ប​ធម៌​​កម្ពុជា​​ដំបូង​​បង្អស់​​ជា​​មូលដ្ឋាន​។​ វប្ប​ធម៌​ អរិយ​ធម៌​​ខ្មែរ​ ដូច​​បាន​​បញ្ជាក់​​ជូន​​ខាង​លើ​​ក៏​​អាច​​បង្ហាញ​​ឲ្យ​​អ្នក​​សិក្សា​​ស្រាវ​ជ្រាវ​​​វិភាគ​​ពី​​ប្រភព​​ព្រះ​ពុទ្ធ​​សាសនា​​នៅ​​ប្រទេស​​កម្ពុជា​​ផង​​ដែរ​៕
អត្ថបទដោយ៖ ឈួន​ ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

និទានអប់រំ

Why You Should Pursue Higher Education

និទានអប់រំអំពីជីវិត និងការសិក្សា