Skip to main content

តើ​សាសនា​​ឥ​ស្លា​មមាន​​​ទស្សនៈ​​អប់រំ​​សីល​ធម៌​​អ្វី​ខ្លះ?

តើ​សាសនា​​ឥ​ស្លា​មមាន​​​ទស្សនៈ​​អប់រំ​​សីល​ធម៌​​អ្វី​ខ្លះ?

មនុស្សជាច្រើនបានស្គាល់សាសនាឥស្លាម​ ប៉ុន្តែ​ក៏​មិន​មាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ ដែល​​បាន​យល់​ដឹង​អំពី​ខ្លឹម​សារ​អប់រំ​ជា​មូលដ្ឋាន​នៃ​សាសនា​នេះ។ តើ​​​សាសនា​​​មួយ​​​នេះ​​មាន​​ទស្សនៈ​​​អប់រំ​​​ដល់​​​សាសនិក​​អ្វី​​ខ្លះ​?


​ឥ​ស្លា​ម​​សាសនា​​កើត​ឡើង​​ដោយ​​បុគ្គល​​ម្នាក់​​ឈ្មោះ​ មហាម៉ាត់​ (​Mohamad ៥៧១-៦៣២​ គ​.​ស​)​​ ជា​​កូន​​កំព្រា​​​ ដែល​​ឪពុក​​​ម្ដាយ​​​បាន​​​ស្លាប់​ចោល​​តាំង​ពី​​គាត់​​នៅ​​ជា​​ទារក​តូច​​នៅ​ឡើយ​។​ មហា​ម៉ាត់​ បាន​​ចំណាយ​ពេល​​៥០​​ឆ្នាំ​​ ដើម្បី​​សូត្រ​ធម៌​​ភាវនា​ ដោយ​​គាត់​​យល់​​ថា​​មាន​​ព្រះ​អា​ឡា​ (Allah) ជា​​​អ្នក​​​និយាយ​​មក​​រក​​គាត់​។​ ក្រោយ​​ពេល​​មហា​ម៉ាត់​​ស្លាប់​​ទៅ​​គេ​​បាន​​ប្រមូល​​គម្ពី​រ​បស់​​​គាត់ មក​ចង​ក្រង​​ជា​​សៀវភៅ​​មួយ​​ឈ្មោះ​​ថា​ គម្ពីរ​​កូ​រ៉ា​ន់​ (Koran)​ ដែល​​គេ​​ចែក​​​ជា​​​១១៤​​ជំពូក​ និង​​​៦២៣៦​ មាត្រា​ ដែល​ទាំង​អស់​​នេះ​​ត្រូវ​បាន​​គេ​​ដាក់​​បញ្ចូល​​នៅ​​ក្នុង​​អត្ថបទ​​អំ​ណា​ន​​សម្រាប់​​​ឲ្យ​​ជន​ជាតិ​​អា​រ៉ាប់​​សូត្រ​​ទន្ទេញ​​ចាំ​​មាត់​​ប្រាំ​​ដង​​ក្នុង​​មួយ​​ថ្ងៃ​។ ខ្លឹម​សារ​​នៃ​​ព្រះ​​គម្ពីរ​​កូរ៉ាន់​ ជា​​រឿង​រ៉ាវ​​ដែល​​ប្រជា​ជាតិ​អា​រ៉ាប់​​គោរព​​យ៉ាង​​ម៉ឺង​ម៉ាត់​ និង​​គេ​​ចាត់​ទុក​ជា​​កម្រង​​ច្បាប់​​ដូច​​ជា​​ក្បួន​​ចរិយា​​ធម៌​ ក្បួន​​គ្រប់​គ្រង​ ក្បួន​សីល​ធម៌​​សម្រាប់​​សង្គម​​អា​រ៉ាប់​។

​មហា​ម៉ាត់​ ជា​​កំពូល​​នៃ​​ទស្សន​វិទូ​​អា​រ៉ាប់​ លោក​​បាន​​លើក​​ឡើង​​នូវ​​ទស្សនៈ​​អប់​រំ​ជា​​មូលដ្ឋាន​​ដល់​​ឥ​ស្លា​ម​​សាសនិក​​​ឲ្យ​​គោរព​​ទាំង​អស់​​គ្នា​​ រួម​មាន៖ ១.​ឲ្យ​​ជឿ​​លើ​​ព្រះ​​អា​ឡា​​តែ​​មួយ​​គត់​ ២.​​មាន​​ភាព​​ស្មើ​គ្នា​​ចំពោះ​​មុខ​​ច្បាប់​​(​​ត្រូវ​​មាន​​យុត្តិ​ធម៌​​ក្នុង​​សង្គម​ និង​​ក្នុង​​ខ្លួន​​បុគ្គល​​ម្នាក់ៗ​) ៣.​កុំ​​លួច​​ទ្រព្យ​សម្បត្តិ​ កេង​​ប្រ័​ញ្ច​ ឬ​​បោក​​បញ្ឆោត​​អ្នក​​ដទៃ​​ ៤.​ហាម​ឃាត់​​ទៅ​​លើ​​ការ​​សេព​​គ្រឿង​ញៀន​​(​គ្រឿង​​ស្រវឹង​) ៥.​​មាន​​ភាព​​ស្មោះ​ត្រង់​​ ៦.​ការ​​ផឹ​ត​​ប្ដី​​ប្រពន្ធ​​ជា​​អំពើ​​បាប​ ៧.​ឲ្យ​​សូត្រ​ធម៌​​ប្រាំ​​ដង​​ក្នុង​​មួយ​​ថ្ងៃ​ គឺ​​ពេល​​ថ្ងៃ​​រះ​ ពេល​​ថ្ងៃ​ត្រង់​ ពេល​​រសៀល​ ពេល​​ថ្ងៃ​​លិច​ ​និង​​ពេល​​យប់​​ ៨.​ការ​​ដាក់​​ទាន​​​ដល់​​​មនុស្ស​​ត្រូវ​​បាន​​គេ​​លើក​ទឹក​ចិត្ត​​ ៩.​ត្រូវ​​មាន​​អធ្យាស្រ័យ​​ដល់​​ស្ត្រី​ភេទ​ បំបាត់​​ការ​​លក់​​ទិញ​​មនុស្ស​ ១០.​​គាំ​ទ្រ​​សាលា​រៀន​ និង​​វិហា​រ​មូ​ស្លី​ម​។ល។

​ក្រៅពី​ខ្លឹមសារអប់រំទាំងប៉ុន្មានខាងលើ មហាម៉ាត់​​បាន​​ប្រៀន​ប្រដៅ​​ដល់​​ឥ​ស្លា​ម​​សាសនិក​​ទាំង​អស់​​ឲ្យ​​ប្រព្រឹត្ត​​អំពើ​​ល្អ​​ចំពោះ​​គ្នា​​ទៅ​​វិញ​​ទៅ​​មក​​ក្នុង​​សង្គម​​ត្រូវ​​ចេះ​​រួម​​កម្លាំង​​គ្នា​​មាន​ចិត្ត​​សន្ដោស​។​ ក្នុង​​សាសនា​​នេះ​​គេ​តែង​​​​រៀប​​ចំ​​​ពិធី​​​បុណ្យហាច (Harch/Harj) រៀង​​រាល់​​ឆ្នាំ​ ប្រកប​​ដោយ​​ចិត្ត​​សន្ដោស​​ប្រណី​​បញ្ជាក់​​ពី​​សាមគ្គីភាព​ និង​​សីល​ធម៌​​ក្នុង​​ការ​​រួម​​រស់​នៅ​​យូរ​អង្វែង​​ ព្រម​ទាំង​​​​បង្ហាញ​​ពី​​ភាព​​សប្បាយ​​រីក​រាយ​ ​​ដើម្បី​​ជម្រះ​​នូវ​​ភាព​​សៅ​ហ្មង​​ទាំង​ឡាយ​​ដែល​​បាន​​កើត​ឡើង​​កន្លង​​ទៅ​។​ ពិធី​​បុណ្យ​​នេះ​​​ក៏មាន​ការ​ចែក សាច់​​គោ​ សាច់​ពពែ​​ សាច់​ចៀម​​ សាច់​អូដ្ឋ​ និង​​គ្រឿង​​ឧបភោគ​បរិភោគ​​ផ្សេងៗ​​ទៀត​ដល់​​អ្នក​​ក្រីក្រ​ផង​ដែរ។​​ ចំពោះ​​អ្នក​​ដែល​​ធ្លាប់​​មាន​​ជម្លោះ​​ជា​មួយ​​គ្នា​ ត្រូវ​​ដើរ​​សុំ​​អភ័យ​ទោស​​គ្នា​​ទៅ​​វិញ​​ទៅ​​មក​ និងសច្ចា​​នៅ​​ពេល​​នោះ​​ថា​​នឹង​​លែង​​ឈ្លោះ​​​​គ្នា​​ទៀត​ លែង​​មាន​ការ​​គុំ​​គួ​ន​ ហើយ​​រស់​នៅ​​ក្នុង​​ភាត​រៈ​។

​ចំពោះ​​ការ​​ជ្រើស​រើស​​គូ​ស្រករ​​វិញ​ បុរស​​អាច​​រៀប​​ការ​​ជា​មួយ​​ស្ត្រី​​ពេញ​​ច្បាប់​​​បាន​​៤​​នាក់​ ​អាស្រ័យ​​លើ​លទ្ធភាព​​អាច​​​ចិញ្ចឹម​​ប្រពន្ធ​​កូន​​ទាំង​នោះ​​បាន​។​ ដោយឡែក​​ចំពោះ​​​មហាម៉ាត់​​វិញ ​ប៉ុន្មាន​​​ក៏​​​បាន​​ឲ្យ​​តែ​​នារី​​នោះ​​បាន​​ទទួល​​ផ្កា​​ពី​​គាត់​ សូ​ម្បី​​ប្អូន​ស្រី​​បង្កើត​​ដែល​​មាន​​ឪពុក​ ឬ​​ម្ដាយ​​ខុស​​គ្នា​​។​ ឥ​ស្លា​ម​​ទាំង​អស់​​ត្រូវ​​ក្លាហាន​ និង​​ស៊ូ​ស្លាប់​​ដើម្បី​​ការ​ពារ​​សាសនា​​របស់​​ខ្លួន​​ឲ្យ​​បាន​​គង់​វង្ស។

​សរុប​មក​សាសនានេះ បានបង្រៀន​​ពី​​សីល​ធម៌​ និង​​ចរិយា​​ធម៌​ ដើម្បី​​ឲ្យ​​មនុស្ស​​ចេះ​​រស់​នៅ​​មាន​​សុខ​​សន្តិភាព​​​ជា​មួយ​គ្នា​ ពោល​គឺ​ឲ្យ​មនុស្ស​ធ្វើអំពើ​ល្អ​។​ លក្ខណៈ​​ពិសេស​​មួយ​ទៀត​​គឺ​ បុរស​​ត្រូវ​​គិត​​ពី​​សមត្ថភាព​​របស់​​ខ្លួន​​ក្នុង​​ការ​​គ្រប់​គ្រង​​គ្រួសារ​ និង​​ការ​​សាមគ្គី​​រវាង​​មនុស្ស​​ទាំង​អស់​​ដែល​​នៅ​​ជុំវិញ​​ខ្លួន​៕ (​ប្រភព​៖​ ទស្សនវិជ្ជា​សីលធម៌​ រៀបរៀង​ដោយ​ង៉ែត​ សា​រឿ​ន​) 
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

និទានអប់រំ

Why You Should Pursue Higher Education

និទានអប់រំអំពីជីវិត និងការសិក្សា