ហេតុអ្វីបានជាជនជាតិខ្មែរមានជំនឿលើខ្នាយតាន់របស់សត្វជ្រូកព្រៃ?
ហេតុអ្វីបានជាជនជាតិខ្មែរមានជំនឿលើខ្នាយតាន់របស់សត្វជ្រូកព្រៃ?
មនុស្សរស់នៅក្នុងពិភពលោកនេះតែងតែមានទុក្ខភ័យមកញាំញីរំខានដល់សេរីភាពនៃការរស់នៅរបស់ខ្លួន ដូច្នេះហើយពួកគេបានរកអ្វីមួយដើម្បីជាទីពឹងក្នុងការជួយថែរក្សាការពារ អបស្ទបដំណើរជីវិតរបស់ខ្លួនឆ្ពោះទៅរកសេចក្តីសុខសេចក្តីចម្រើន ដែលបង្កើតបានជាជំនឿទៅលើសាសនា អារក្ស អ្នកតា ព្រៃព្រឹក្សា សត្វ ព្រលឹងនិងស្នែងភ្លុកជាដើម។ នៅក្នុងទីនេះ នឹងធ្វើការបង្ហាញជូននូវអបិយជំនឿមួយ ដែលជនជាតិខ្មែរយើងតែងតែមានជំនឿលើខ្នាយតាន់សត្វជ្រូកព្រៃ។ តើវាមានឥទ្ធិរិទ្ធិ និងបារមីដូចម្តេចខ្លះ បានជាខ្មែរយើងនិយមមានជំនឿថាអាចការពារដល់អាយុជីវិតរបស់ពួកគេបាន?យោងតាមសៀវភៅសាសនាប្រៀបធៀប សម្រាប់ពុទ្ធិកវិទ្យាល័យថ្នាក់ទី១០ រៀបរៀងដោយព្រះមហា ទូច ម៉ៃ បានរៀបរាប់ថា៖ សត្វជ្រូកព្រៃជាសត្វមានទម្លាប់រស់នៅជាហ្វូងៗ។ នៅក្នុងហ្វូងជ្រូកព្រៃនីមួយៗ គេឃើញមានមេហ្វូងមួយជាជ្រូកឈ្មោល ហើយមានមាឌធំមាំខ្លាំងជាងគេ និងកាចសាហាវទៀតផង។ នៅពេលមានកូនជ្រូកដែលទើបតែកើតមក មេហ្វូងនោះនឹងខាំសម្លាប់ភ្លាមនូវកូនជ្រូកឈ្មោលណាដែលវាស្គាល់ថា មានមហិទ្ធិរិទ្ធិដូចវា។ អ្នកស្រុកនៅតំបន់ជួរភ្នំដងរ៉ែកតែងនិយាយថា ការបំផ្លាញកូនខ្លួនឯងចោលដូច្នេះ គឺបណ្តាលមកពីមេហ្វូងខ្លាចក្រែងកូនឈ្មោលនៅក្នុងហ្វូងនោះដណ្តើមអំណាចធ្វើជាមេហ្វូងទៅថ្ងៃក្រោយ។
ទម្លាប់របស់ជ្រូកព្រៃពេលជិតស្លាប់ ទើបវាទុកកូនឈ្មោលណា ដែលប្រកបដោយលក្ខណៈសម្បត្តិរឹងមាំ មានដុះខ្នាយវែងជាងគេ ដើម្បីទុកឲ្យនាំហ្វូងជ្រូកព្រៃបន្តវេនពីវាទៀត។ ចំពោះមេហ្វូងជ្រូកព្រៃ ដល់ពេលវាចាស់ជរាខ្លាំងទៅវាដើរទៅរកកន្លែងណាស្ងាត់ និងមានដើមឈើផង ដើម្បីយកខ្នាយតាន់ទាំងពីរទៅកាច់បំបាក់ទុកចោលនៅលើដើមឈើនោះ។ មហិទ្ធិរិទ្ធិខ្នាយតាន់ត្រូវបានគេជឿថាស្ថិតនៅត្រង់បារមី ឬវត្ថុស័ក្តសិទ្ធិនៅលើថ្ងាសជ្រូកព្រៃ ដែលតាមថែរក្សាទុកគាំពារជានិច្ចកាល។ បារមីនេះឯងដែលពិបាកនឹងមាននរណាមួយអាចសម្លាប់វាបានដោយងាយៗបានឡើយ។ ហេតុដូច្នោះហើយ បានជាប្រជាជនខ្មែរនៅតាមតំបន់ភ្នំដងរ៉ែក និងខ្ពង់រាបដទៃទៀត មានជំនឿថាអ្នកដែលរើសបានខ្នាយតាន់ជ្រូកព្រៃយកមកពាក់ គឺគេនឹងមានសេចក្តីសុខ សិរីសួស្តីជាពុំខាន។ បារមីខ្នាយតាន់នេះនឹងនៅរក្សាការពារមិនឲ្យសត្រូវជិតឆ្ងាយណាមកបៀតបៀន ឬយកឈ្នះលើខ្លួនបានឡើយ។ អ្នកមានខ្នាយតាន់ជ្រូកព្រៃ គេតែងតែមានត្រណមមួយចំនួន ដែលគេកាន់យ៉ាងខ្ជាប់ខ្ជួន គួបផ្សំនឹងមន្តអាគមជាបន្ថែមទៀតផងនោះកាន់តែធ្វើឲ្យខ្នាយតាន់ជ្រូកព្រៃមានបារមីខ្លាំងថែមទៀត។
ចំពោះបងប្អូនជនជាតិខ្មែរលើ រហូតមកដល់ពេលនេះ ពួកគេក៏នៅតែមានជំនឿខាងលើនេះជាទំនៀមប្រពៃណី ប្រចាំជនជាតិរបស់គេផងដែរ។ គេយល់ថា ចំពោះបារមីខ្នាយតាន់ជ្រូកព្រៃនឹងការពារសត្វព្រៃដ៏កាចសាហាវផ្សេងៗ ឬអាវុធដូចជា ព្រួញ សរជាដើមមិនឲ្យយាយីបានឡើយ។
ជារួមមកជំនឿលើខ្នាយតាន់ជ្រូកព្រៃរបស់ជនជាតិខ្មែរយើង អាចឆ្លុះបញ្ចាំងឲ្យឃើញថាមនុស្សយើងពេលប្រឈមមុខនឹងគ្រោះកំណាចណាមួយ គេនឹងស្វែងរកវត្ថុដែលគេយល់ថាស័ក្តិសិទ្ធមកធ្វើជាទីពឹង ដើម្បីការពារបញ្ចៀសនូវគ្រោះភ័យនោះ។ ដូច្នេះហើយ ទើបជំនឿគឺជាមែកធាងនៃខឿនវប្បធម៌ អរិយធម៌របស់ជនជាតិមួយ៕ អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment