មនុស្សមានព្រលឹង១៩?
មនុស្សមានព្រលឹង១៩?
ខ្មែរយើងតែងតែនិយាយថាព្រលឹងមាន១៩ តែគ្មាននរណាអះអាងឲ្យច្បាស់ថាស្គាល់ព្រលឹងទាំង១៩នោះទេ។ អ្នកស្រាវជ្រាវអំពីព្រលឹង ដែលពួកគេបានសាកសួរចំពោះចាស់ព្រឹទ្ធាចារ្យជាច្រើននាក់បានបង្ហាញថាមិនមាននរណាម្នាក់ចេះដឹងច្បាស់អំពីបញ្ហានេះទេ គ្រាន់តែបានដឹងថាព្រលឹងមាន១៩ តែមិនដឹងថាមានឈ្មោះអ្វីឲ្យប្រាកដនោះឡើយ។ យោងតាមសៀវភៅកម្ពុជសុរិយា ទស្សនាវដ្តីផ្សាយខាងសាសនា និងអក្សរសាស្ត្រចេញរាល់ខែពីពុទ្ធសាសនបណ្ឌិតបានរៀបរាប់ថា៖ព្រលឹងទាំង១៩នោះ អាចនាំឲ្យមនុស្សយើងមានការចាប់អារម្មណ៍ទៅលើបាតុភូត ដែលទាក់ទងនឹងមនុស្សយើងគ្រប់វេលា។ រីឯអ្នករក្សាព្រលឹងទាំង១៩នោះមានបួនពួកគឺ៖ ១.អ្នករក្សាព្រលឹងឈ្មោះ ពេជ ប្រាប់ ដែលមានតួនាទីរក្សាព្រលឹងទាំង១៩ចាប់ពីព្រឹកដល់ថ្ងៃត្រង់។ ២.អ្នករក្សាព្រលឹងឈ្មោះ ពេជ ប្រាណ មានតួនាទីរក្សាព្រលឹងទាំង១៩ចាប់ពីថ្ងៃត្រង់ដល់ថ្ងៃលិច។ ៣.អ្នករក្សាព្រលឹងឈ្មោះ ពេជ ខុន មានតួនាទីរក្សាព្រលឹងទាំង១៩ពីថ្ងៃលិចដល់ពាក់កណ្តាលអាធ្រាត្រ។ ៤.អ្នករក្សាព្រលឹងឈ្មោះ ពេជ ធាន មានតួនាទីរក្សាព្រលឹងទាំង១៩ចាប់ពីពាក់កណ្តាលអធ្រាត្រដល់ពេលភ្លឺ។
អាស្រ័យដោយមានអ្នករក្សាទាំង៤នាក់គ្រប់នាទីយ៉ាងនេះហើយ បានជារូបកាយយើងសោយសុខទុក្ខទទួលអារម្មណ៍បានគ្រប់ពេល ព្រោះព្រលឹងអាចធ្វើការទាក់ទងបានគ្រប់វេលា។ ចំពោះព្រលឹងដែលចេញពីរូបកាយ ឬចូលមកកាន់រូបកាយវិញ អ្នកខ្លះយល់ថាព្រលឹងចេញចូលតាមក្រយ៉ៅក្បាល ព្រោះពេលមនុស្សស្លាប់ទៅសក់ត្រង់ក្រយ៉ៅនោះឈរជ្រោងឡើងលើ។ មតិព្រឹទ្ធាចារ្យខ្លះទៀតថា ព្រលឹងចេញចូលតាមបង្ហើយ ព្រោះគេយល់ថា រូបកាយរបស់មនុស្សដែលកើតមក អ្វីៗសុទ្ធតែគ្រប់លក្ខណៈទាំងអស់ ចំណែកបង្ហើយកើតក្រោយគេ ឬរឹងក្រោយគេ។ រីឯមតិព្រឹទ្ធាចារ្យខ្លះថា ព្រលឹងចេញចាកពីរូបមនុស្សយើងតាមដៃស្តាំ ឬសន្មតិថា បើពេលទៀបស្លាប់មានអវយវៈណាមួយកម្រើក គឺព្រលឹងចេញតាមនោះឯង។
ជារួមមកចំពោះបញ្ហាព្រលឹងនេះ ពុំមានអ្នកណា ឬអ្នកសិក្សាស្រាវជ្រាវណាម្នាក់អះអាងបញ្ជាក់ឲ្យច្បាស់លាស់ថាមានលក្ខណៈយ៉ាងណា ឬប៉ុន្មានមែនទែននោះទេ។ ដូច្នេះ ប្រសិនបើប្រិយមិត្តណាបានដឹងច្បាស់លាស់អំពីបញ្ហានេះ សូមមេត្តាជួយចែករំលែកដោយសេចក្តីអនុគ្រោះផងចុះ៕
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment