គួរសម្រេចចិត្តជ្រើសរៀនមុខជំនាញណានៅមហាវិទ្យាល័យ?
សិស្សជាច្រើនដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យ
ឬកំពុងរៀនថ្នាក់ទី១២
តែងតែរិះគិតអំពីថាតើខ្លួនគួរជ្រើសរៀនមុខជំនាញណានៅមហាវិទ្យាល័យ
ខណៈដែលសិស្សខ្លះទៀតបានព្យាយាមប្រឹក្សា
យោបល់ជាមួយលោកគ្រូ
អ្នកគ្រូ មិត្តភក្តិ រៀមច្បង បងប្អូន
ឬឪពុកម្តាយក្នុងការសម្រេចចិត្តជ្រើសមុខជំនាញឲ្យបានត្រឹមត្រូវ។
លោកអ្នកត្រូវដឹងថាការសិក្សា
គឺជាការវិនិយោគដែលត្រូវចំណាយទាំងថវិកា ពេលវេលា
និងកម្លាំងកាយចិត្ត បើលោកអ្នកធ្វើវិនិយោគខុស
អ្នកនឹងត្រូវខាតបង់គ្រប់យ៉ាង។
ដូច្នេះដើម្បីបានជាជំនួយគំនិតក្នុងបញ្ហានេះ
សូមសាកល្បងអាននូវដំបូន្មានមួយចំនួនដូចខាងក្រោម៖
១. ពិចារណាអំពីមុខវិជ្ជាដែលរៀននៅវិទ្យាល័យ៖
បើអ្នកពិបាកក្នុងការសម្រេចចិត្តជ្រើសរើសរៀនមុខជំនាញណាមួយ
អ្នកគួរគិតដល់មុខវិជ្ជាកាលដែលរៀននៅវិទ្យាល័យថាតើអ្នកពូកែខាងស្អី
ហើយចូលចិត្តមុខវិជ្ជាស្អីជាងគេ។
ប្រការដែលសំខាន់គឺអ្នកមិនត្រូវចេះតែជឿតាមគេថារៀនមុខជំនាញនេះ
ឬនោះល្អនោះទេ
ព្រោះបើអ្នកបង្ខំចិត្តរៀននូវអ្វីដែលអ្នកមិនចូលចិត្ត
ហើយថែមទាំងមិនមានដុង (និស្ស័យ) ពីធម្មជាតិ
ឬរៀនមិនចូល
វានឹងនាំឲ្យអ្នកស្អប់នូវអ្វីដែលអ្នកកំពុងរៀន
ជាពិសេសគឺរៀនមិនចេះតែម្តង។
២. គិតដល់អាទិភាពការងារ និងតម្រូវការ៖
មុននឹងអ្នកសម្រេចចិត្តចូលរៀននៅមហាវិទ្យាល័យ
គឺអ្នកត្រូវកំណត់គោលដៅជាអាទិភាពនៃអនាគតការងារ/អាជីពរបស់អ្នក។
អ្នកមិនគួរណាចំណាយពេលវេលាដល់ទៅ៣ - ៤ឆ្នាំ
ដោយវិនិយោគអស់លុយ និងកម្លាំងកាយចិត្តដ៏ច្រើន
ហើយមិនបានទទួលផលប្រយោជន៍អ្វីមកវិញក្រោយពេលបញ្ចប់ការសិក្សានោះទេ។
ការសម្លឹងមើលឲ្យបានច្បាស់លាស់អំពីការងារដែលស័ក្តិសម
និងតម្រូវការក្នុងទីផ្សារនាពេលអនាគត
គឺជារឿងដ៏ចាំបាច់បំផុតក្នុងការជួយឲ្យអ្នកសម្រេចចិត្តជ្រើសរៀនមុខជំនាញសិក្សាបានត្រឹមត្រូវ។
ក្នុងន័យនេះ
លោកអ្នកត្រូវចេះស្វែងយល់ពីតម្រូវការទីផ្សារកម្លាំងពលកម្ម
ឬអ្នកជំនាញការក្នុងវិស័យនានា
ជាពិសេសគឺបើអ្នកកំពុងធ្វើអាជីវកម្មអ្វីមួយ
ឬបម្រើការខាងផ្នែកណាដែលអ្នកគិតថាវាល្អសម្រាប់អ្នកគួរតែរៀនឲ្យត្រូវជំនាញនោះបន្ថែម។
៣. ប្រឹក្សាយោបល់៖
គំនិតច្រើនរមែងប្រសើរជាងគំនិតម្នាក់ឯង។
បើអ្នកមិនច្បាស់លាស់អំពីមុខជំនាញដែលខ្លួនត្រូវជ្រើសរៀននៅមហាវិទ្យាល័យ
អ្នកគួរតែស្វែងរកការផ្តល់ប្រឹក្សាយោបល់ពីអ្នកណាដែលមានចំណេះយល់ដឹងទូលំទូលាយអំពីបទពិសោធន៍ការងារ
ការស្រាវជ្រាវក្នុងសង្គម មានដូចជា លោកគ្រូ អ្នកគ្រូ
សិស្សច្បង បុគ្គលិកបម្រើសេវាអប់រំ/ ភ្នាក់ងារការងារ
បងប្អូន មិត្តភ័ក្តិ ប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គម (កាសែត
ទស្សនាវដ្ដី វីទ្យុ ទូរទស្សន៍ និងអ៊ិនធឺណិត)
និងជាពិសេសគឺគ្រឹះស្ថានឧត្តមសិក្សាតែម្តង
ដែលមានតួនាទីសំខាន់ក្នុងការតម្រង់ទិសសិក្សាដល់និស្សិត។
លោកអ្នកមិនត្រូវខ្លាចក្នុងការសាកសួរអំពីព័ត៌មានសិក្សា
ជម្រើសមុខវិជ្ជាសិក្សា
និងទិសដៅការងារដែលអ្នកចង់ធ្វើ
និងប្រភពទីផ្សារការងារនោះឡើយ
ព្រោះចំណុចទាំងអស់នេះនឹងជួយឲ្យអ្នកទទួលបានជោគជ័យតាមក្តីប្រាថ្នានាពេលអនាគត។
៤. ការជ្រើសស្ថាប័នសិក្សា៖ ប្រការដ៏សំខាន់មួយទៀត
គឺការសម្រេចចិត្តជ្រើសរើសគ្រឹះស្ថានសិក្សា
(សាលា/មហាវិទ្យាល័យ)។
បើអ្នកជ្រើសរៀនមុខជំនាញបានត្រឹមត្រូវតាមតម្រូវការទីផ្សារការងារជាក់ស្តែង
ត្រូវតាមភាពឆ្លាតវៃរបស់ខ្លួន (ដុងពីធម្មជាតិ)
និងត្រូវតាមចំណង់ចំណូលចិត្តសិក្សារបស់ខ្លួនហើយ
ប៉ុន្តែសាលា/មហាវិទ្យាល័យដែលអ្នកចូលរៀននោះជាសាលាចោលម្សៀត
មិនមានស្តង់ដារ ឬវិន័យក្រិតក្រមសិក្សាត្រឹមត្រូវ
ពោលគឺសាលាមិនខ្វល់ពីគុណភាពអប់រំដែលផ្តល់ឲ្យនិស្សិតទេ
វានឹងធ្វើឲ្យអ្នកបរាជ័យយ៉ាងធំធេងក្នុងការសិក្សា៕
(ប្រភព៖ campusexplorer.com)
អត្ថបទដោយ៖ មត សុមឿន
Comments
Post a Comment