ហេតុ​​អ្វី​​​មាន​​​​​​ជំនឿ​​​សាសនា​ ឬ​​អបិយ​​ជំនឿ​ក្នុង​លោក​?​

ហេតុ​​អ្វី​​​មាន​​​​​​ជំនឿ​​​សាសនា​ ឬ​​អបិយ​​ជំនឿ​ក្នុង​លោក​?​

ជំនឿ​​គ្រប់​យ៉ាង​​នៅ​​លើ​​លោក​​នេះ​​តែង​​កើត​ឡើង​​ដោយ​​មាន​​ហេតុ​ផល​។​ តើ​​ហេតុ​​ដូច​​ម្តេច​​ខ្លះ​​ទើប​​នាំ​​ឲ្យ​​មាន​​ជំនឿ​​លើ​​សាសនា​?​ យោង​​ទៅ​​តាម​​សៀវភៅ​​ប្រវត្តិ​​ព្រះ​ពុទ្ធ​​សាសនា​ ដែល​​រៀប​រៀង​​ដោយ​​សាស្ត្រា​ចារ្យ​ រិ​ន​ មុនី​ច​ន្ទោ​ បាន​​បក​ស្រាយ​​ពី​​ហេតុុ​​ដែល​​នាំ​​ឲ្យ​​មនុស្ស​​មាន​​ជំនឿ​​លើ​​សាសនា​​ទាំង​នោះ​​ថា​៖
​មនុស្ស​​សម័យ​​បុព្វ​​កាល​​នៃ​​អរញ្ញ​​យុគ​ (​យុគ​​ព្រៃ​)​ ពេល​​ជួប​នឹង​​គ្រោះ​កាច​ ដែល​​បណ្តាល​​មក​​ពី​​គ្រោះ​​ធម្ម​ជាតិ​ផ្សេងៗ​ ដូច​​ជា​​ខ្យល់​ព្យុះ​ ភ្លៀង​ ផ្គរ​ រន្ទះ​ ប​ន្ទុះ​​ភ្នំ​ភ្លើង​ រញ្ជួយ​​ព្រះ​ធរណី​ អហិវាត​រោគ​(​អាសន្ន​រោគ​)​ ជា​ដើម​។​ តែង​​តក់​ស្លុត​​រន្ធត់​រ​ត់​ទៅ​​ពួន​​ពឹង​​នឹង​​គល់​ឈើ​ ឬ​​រូង​​គុហា​​ជា​ដើម​ លុត​ជង្គង់​​​លើក​ដៃ​​បួង​សួង​​អង្វរ​ករ​​ដល់​​​ថាម​​ពល​​ធម្ម​ជាតិ​ ដែល​​ខ្លួន​​មើល​​មិន​ឃើញ​ មិន​​បាន​ដឹង​ ដោយ​​ចាត់​​ទុក​​ថា​មពល​​ធម្ម​ជាតិ​​នោះ​​ថា​​ជា​​ព្រះ​​អាទិ​ទេព​​មាន​​ឫទ្ធិ​​ និង​​រៀប​ចំ​​គ្រឿង​​ពិធី​​បូជា​​ផ្សេងៗ​ ដើម្បី​​ថ្វាយ​ និង​​បួង​សួង​​អង្វរ​ សូម​​ក្តី​​មេត្តា​ អាណិត​​ជួយ​​រំដោះ​ទុក្ខ​​ភ័យ​ ឬ​ប្រទាន​​ពរ​​ដូច​​ក្តី​​ប្រាថ្នា។​ ពួកគេ​​​ចាត់​​ទុក​​ថា​មពល​​ដែល​​មាន​​ឥទ្ធិ​ពល​​ល្អ​ ជា​​ព្រះ​​អាទិ​ទេព​​ល្អ​ ជា​​អ្នក​​សាង​​លោក​ និង​​​​ឥទ្ធិពល​​អាក្រក់​ ថា​​ជា​​ព្រះ​​អាទិ​ទេព​​អាក្រក់​​បំផ្លាញ​​លោក​ ទើប​បង្កើត​បាន​ជា​ជំនឿ​​​តៗ​​គ្នា​​​មក​។

អាច​និយាយ​​បាន​ថា​ ជំនឿ​​កើត​​មាន​​ដោយ​សារ​​សេចក្តី​​​ភ័យ​​​ខ្លាច​ សេចក្តី​​​ប្រាថ្នា​ និង​​​សេចក្តី​​​ត្រូវ​​ការ​​។​ សម​​ដូច​​ពុទ្ធភាសិត​​ថា​« មនុស្ស​​ទាំង​ឡាយ​​មាន​​ចំនួន​​ច្រើន កាល​​បើ​​​​ត្រូវ​​​​​​ភ័យ​​​គ្រប​​សង្កត់​​ហើយ​ តែង​​​យក​​​ភ្នំ​​ ព្រៃ​​​ឈើ​​ អារាម​​ ធ្វើ​​​​ជា​​​ចេតីយ៍​​ (ទី​ស្ថាន​​ធ្វើ​​សក្ការៈ​​​បូជា) ជា​​ទី​ពឹង​​​ទី​​រលឹក»​ តែ​​​ទីពឹង​​​នោះ​​​ពុំ​​​មែន​​​ជា​​ទី​ពឹង​​​ដ៏​​​ក្សេម​ មិន​​ជា​​​ទីពឹង​​​ដ៏​​​ឧត្តម​​​ឡើយ​ លុះ​​តែ​​បុគ្គល​​​​ណា​​​​បាន​​​​ដល់​​​​នូវ​​​ព្រះ​​​ពុទ្ធ​ ព្រះ​​ធម៌​ ព្រះ​​សង្ឃ​ ជា​​ទី​ពឹង​​​ទី​​​រលឹក​ បាន​​​ឃើញ​​​​ច្បាស់​​​​នូវ​​​​អរិយ​​​សច្ច​​​​ទាំង​​​បួន​​​ដោយ​​​ប្រពៃ​​(​ទុក្ខ​​សច្ច​​​១​ សមុ​​ទយ​សច្ច​​១​ និរោធ​​សច្ច​​១​ និង​មគ្គ​​​សច្ច​​​ មាន​​​អង្គ​​៨​​ជា​​ដំណើរ​​ទៅ​​កាន់​​ទី​​រំលត់​ទុក្ខ​​១)​ នេះ​ឯង​​ជា​ទី​ពឹង​​ដ៏​​ក្សេម​ ឬ​​ដ៏​​ឧត្តម​ ព្រោះ​​បុគ្គល​​អាស្រ័យ​​ត្រៃ​សរណៈ​​​ទាំង​​បី​​នេះ​​ជា​ទី​ពឹង​​ហើយ​នឹង​​រួច​​ផុត​​ពី​​សេចក្តី​​ទុក្ខ​​ទាំង​ពួង​​បាន​។

​ជារួមមក​​​​សេចក្តី​​​ភ័យ​​​ខ្លាច​​ ​សេចក្តី​​ប្រាថ្នា​ និង​​សេចក្តី​​ត្រូវ​ការ​​ចង់​បាន​​សេចក្តី​សុខ​​រួច​​ចាក​​ទុក្ខ​​ជាដើ​ម​​នាំ​​ឲ្យ​​មាន​​ជំនឿ​​សាសនា​​ផ្សេងៗ​​។​ ក្នុង​ន័យ​នេះ​​​មនុស្ស​​​គ្រប់​​​រូប​ និង​​​​សាសនា​​​​ទាំង​​អស់​​​មាន​​​បំណង​​​ចង់​​បាន​​​សុខ​ ​តែ​​​វិធី​ ឬ​​ឧបាយ​​​ដើម្បី​​​បាន​​​សេចក្តី​​សុខ​​​នោះ​​​មិន​​​ដូច​​​គ្នា​​​ទេ​។​
​​នៅ​​​ក្នុង​​​កូដ​​ទន្ត​​​សូត្រ​ (​សុត្តន្ត​​​បិ​ដក​​​ភាគ​​​១៩)​ បាន​​​និយាយ​​​អំពី​​​ពិធី​​​បូជា​​យញ្ញ​​ក្នុង​​ព្រហ្មញ្ញ​សាសនា​ គឺ​​គេ​​តម្រូវ​​ឲ្យ​​មនុស្ស​​សម្លាប់​សត្វ​​គោ​​សត្វ​​ក្របី​ និង​​សត្វ​​ផ្សេងៗ​​ជា​​ច្រើន​​មុខ​​ទៀត​​ហើយ​​ក្នុង​​មួយ​​មុខៗ​​រាប់​រយ​​ក្បាល​ ពួក​​គេ​​សម្លាប់​​ដើម្បី​​បូជា​​អាទិទេព​ សុំ​​សុខ​​ចម្រើន​​​​ដល់​​ខ្លួន​ និង​​សង្គម។​ ​ផ្ទុយ​​ពី​​ពិធី​​បូជា​​​តាម​​បែប​​​ព្រះ​ពុទ្ធ​​សាសនា​ ដែល​​នៅ​​ក្នុង​​សាសនា​​នេះ​ លោក​​ទ្រង់​​ប្រដៅ​​អប់រំ​​មនុស្ស​លោក​​ទាំង​អស់​​ជា​​ពិសេស​ថ្នាក់​ដឹក​នាំ​​គ្រប់​​​លំដាប់​​ថ្នាក់​​ដើម្បី​​​រក​​​សេចក្តី​សុខ​​ចម្រើន​​ដល់​​ខ្លួន​ និង​​សង្គម​​ជាតិ​​បាន​ មិន​មែន​​យក​​ជីវិត​​គេ​ទៅ​​​សម្លាប់​​​ ហើយ​​បូជា​​អាទិទេព​​ដើម្បី​​សុំ​សុខ​​ចម្រើន​​នោះ​​ទេ​ តែ​​ត្រូវ​​បង្កើត​​មុខ​របរ​​ឲ្យ​​មនុស្ស​​មាន​ការ​ងារ​​ធ្វើ​​គ្រប់ៗ​​គ្នា​ ពោល​គឺ​​បណ្តុះ​បណ្តាល​ និង​​អប់រំ​​បន្ថែម​​នូវ​​ជំនាញ​​ផ្សេងៗ​​ដល់​​មនុស្ស​​ណា​​ដែល​​មិន​​ទាន់​​មាន​​ជំនាញ​​ចំណេះ​ កុំ​ឲ្យ​​ពួក​​គេ​​នៅ​ទំនេរ​​ទៅ​​ប្រព្រឹត្ត​​ពា​លា​​ផ្តេស​ផ្តាស​​​បង្ក​​អសន្តិ​សុខ​​ដល់​​សង្គម​​។​
សរុបមក​សេចក្តីមក​ មិនថាជំនឿ​សាសនា​ ឬជំនឿអ្វីនោះទេ គឺសុទ្ធតែមានហេតុផល​បី​គឺ​ កើត​ឡើងដោយ​សារ​​​ការ​ភ័យ​​ខ្លាច សេចក្តី​​​ប្រាថ្នា និង​​សេចក្តី​ត្រូវ​ការ​។ យ៉ាង​ណា​​ក៏​ដោយ​ ​រាល់​​ជំនឿ​​ទាំង​អស់​​ត្រូវ​​​​ប្រកប​​ដោយ​​​បញ្ញា​​ ទើប​​អាច​​រក​សេចក្តី​​សុខ​​ពិត​ប្រាកដ​​ដល់​​ខ្លួន​​ ក្រុម​គ្រួសារ និង​​សង្គម​​ជាតិ​​បាន​៕​
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!