តើអ្នកភូមិរស់នៅលើបឹងទន្លេសាបមានវិធីទុកដាក់សាកសពបែបណា?
តើអ្នកភូមិរស់នៅលើបឹងទន្លេសាបមានវិធីទុកដាក់សាកសពបែបណា?
ពិធីបុណ្យសព គឺជាពិធីដែលប្រារព្ធធ្វើឡើងនៅពេលមានមនុស្សក្នុងគ្រួសារណាមួយស្លាប់ រីឯការរៀបចំទុកដាក់ខ្មោច(សព) គឺមានភាពប្លែកៗខុសពីគ្នា ដូចជាការនិយមបូជា បញ្ចុះ បណ្តែតទឹក ឬយកទៅប្លុងចោលក្នុងព្រៃស្មសានជាដើម អាស្រ័យទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិនៃតំបន់នោះ និងដោយផ្អែកលើស្ថានភាពភូមិសាស្ត្រផង។ ការទុកដាក់សពនេះ គឺជាកាតព្វកិច្ចមួយមិនអាចរំលងបានឡើយ ប៉ុន្តែអ្វីដែលយើងមានចម្ងល់នោះគឺ តើអ្នករស់នៅក្នុងភូមិអណ្តែតទឹកនៅក្នុងបឹងទន្លេសាបនៃប្រទេសកម្ពុជា គេប្រារព្ធពិធីបុណ្យ និងទុកដាក់សាកសពអ្នកស្លាប់ទៅដូចម្តេច បើពួកគេគ្មានដីគោកជាកម្មសិទ្ធិផងនោះ? យោងទៅតាមគេហទំព័រ cambodiapage.info/khmer បានរៀបរាប់ថា៖លោក វៀង ខិន ជាជនជាតិវៀតណាម វ័យជាង៣០ឆ្នាំ បានប្រាប់ថាគាត់មានកំណើតនៅក្នុងភូមិចុងឃ្នាសនេះគាត់ថាពេលមានមនុស្សស្លាប់គេតែងបណ្តែតមឈូសសាកសពទៅតាមទូករហូតទៅដល់ទីកំណត់មួយនោះ គឺជាវិធីដែលអាចអន្ទងឲ្យព្រលឹងអ្នកស្លាប់បានទៅកាន់សុគតិភពជាឋានបរមសុខ។ បន្ទាប់ពីការបណ្តែតមឈូសតាមទឹករួចមក អ្នករៀបចំពិធីបុណ្យសពនឹងកំណត់យកដីគោកកន្លែងណាមួយ ដើម្បីបញ្ចុះសពនោះទៅតាមប្រពៃណីដូនតាគេ ដូចជនជាតិចិន និងខ្មែរដែរ។ ការជីករណ្តៅបញ្ចុះសព គឺគេជីកជម្រៅពីរម៉ែត្រ ដើម្បីការពារកុំឲ្យមឈូសសាកសពហើបឡើងបាន នៅពេលដែលទឹកទន្លេជន់លិចក្នុងរដូវទឹកឡើង។ ការទុកដាក់សាកសពដែលចម្លែកជាងនេះ គឺមានការតំណាលតគ្នាអំពីអ្នកភូមិរស់នៅលើទឹកកន្លងមក ដែលយកសាកសពទៅដាក់តាមប្រគាបឈើក្នុងព្រៃលិចទឹកកណ្តាលទន្លេសាប ដែលមនុស្សមួយចំនួនគិតថា វាជាទង្វើមិនគប្បី និងមិនជាការគោរពចំពោះសាកសពឡើយ។
អ្នកស្រី ចាន់ ថន ជាជនជាតិខ្មែរ ដែលរស់នៅរកស៊ីក្នុងភូមិនេះជិត២០ឆ្នាំ មកហើយ បានរៀបរាប់អំពីការយកសាកសពទៅតម្កល់នៅលើប្រគាបឈើកណ្តាលទន្លេរបស់អ្នកភូមិថា៖ «ខ្មែរយើងក្នុងភូមិនេះ មិនមាននរណាយកសាកសពសាច់ញាតិខ្លួនទៅដាក់លើប្រគាបឈើចោលអ៊ីចឹងទេ ព្រោះខ្មែរយើងតែងយកសពអ្នកស្លាប់ទៅធ្វើបុណ្យបូជា ឬយកទៅបញ្ចុះនៅក្នុងវត្តភ្នំក្រោមឯណោះ។ ការពិតទៅអ្នកដែលយកសាកសពទៅដាក់នៅលើប្រគាបមែកឈើនោះ គឺច្រើនជាជនជាតិវៀតណាមក្រីក្រមួយចំនួន ហើយកន្លងមកគេសង្កេតឃើញមានតែសពក្មេងៗតែប៉ុណ្ណោះ ចំពោះសាកសពមនុស្សចាស់មិនដែលឃើញមានទេ។ សម្រាប់ជនជាតិវៀតណាម ដែលមានជីវភាពធូរធា គេអាចមានលទ្ធភាពធ្វើបុណ្យ និងរកដីគោកបញ្ចុះសពសាច់ញាតិគេ។ អ្នកស្រីបន្តថា ការយកសពទៅដាក់លើប្រគាបមែកឈើនោះពិតជាប៉ះពាល់ទៅដល់ការរស់នៅរបស់អ្នកភូមិ ព្រោះទឹកទន្លេនេះត្រូវបានប្រជាជនប្រើប្រាស់ចាំបាច់បំផុតក្នុងការរស់នៅប្រចាំថ្ងៃ។
តាមប្រសាសន៍លោក ឯម ម៉ាន ចៅសង្កាត់ចុងឃ្នាសបានអះអាងថា ក្នុងសង្កាត់លោកមិនដែលមានករណីយកសាកសពទៅដាក់នៅលើដើមឈើពាសវាលពាសកាលនោះទេ ព្រោះតំបន់នេះគឺជាភូមិទេសចរណ៍។ ប៉ុន្តែលោកទទួលស្គាល់ថា បើពីមុនមកមានមែន តែជាខ្មោចកូនក្មេងវៀតណាម ដែលគេកប់នៅតាមព្រៃនៅរដូវប្រាំង ហើយដល់រដូវវស្សាក៏ហើបផ្នូរមកវិញ។ លោកបន្តថា នៅក្នុងភូមិអណ្តែតទឹកមួយក្នុងខេត្តបាត់ដំបង ដែលស្ថិតនៅកណ្តាលទន្លេសាប ពិតជាមានប្រពៃណីយកសាកសពទៅដាក់លើប្រគាបមែកឈើក្នុងព្រៃលិចទឹកពិតមែន ដោយសារថាភូមិនោះនៅឆ្ងាយ និងគ្មានដីគោកសម្រាប់កប់សាកសព។ តែគេប្រារព្ធពិធីបុណ្យដូចយើងអ៊ីចឹងដែរ គេមានកន្លែងរំលាយសព ហើយអ្វីដែលគេយកទៅដាក់តាមមែកឈើព្រៃលិចទឹកទាំងនោះ គឺជាគំនរឆ្អឹងនៃសាកសពសាច់ញាតិពួកគេតែប៉ុណ្ណោះ។ លោកអះអាងថា៖ «ប្រពៃណីនៃពិធីបុណ្យសពខ្មែរ មិនមានអ្វីខុសគ្នាទេ តែដោយសារតែពេលខ្លះកាលៈទេសៈតម្រូវ»។ កាលពីប៉ុន្មានឆ្នាំមុនការបញ្ចុះសព ឬបូជាសពជួបការលំបាកខ្លាំងណាស់នៅរដូវវស្សាសម្រាប់អ្នកភូមិនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសារឃុំនេះស្ថិតនៅកណ្តាលបឹងទន្លេសាប និងមានដីទួលតែប្រមាណ៣០ម៉ែត្របួនជ្រុងប៉ុណ្ណោះសល់ពីទឹកជន់លិចក្នុងរដូវដំឡើងទីនោះ គឺទីទួលព្រះវិហារវត្តពៅវើយ។ ឃុំពាមបាងមាន៥ភូមិគឺ ភូមិពាមបាង ភូមិដូនស្ដើង ភូមិបាឡត ភូមិពេជ្ផក្រី និងភូមិពៅវើយ។ ក្នុងឃុំមួយនេះ មានតែវត្តពៅវើយមួយប៉ុណ្ណោះ ដែលមានកន្លែងបូជាសពនៅក្នុងរដូវទឹកឡើង។ រាល់អ្នកស្លាប់នៅរដូវវស្សាក្នុងឃុំនេះ សាច់ញាតិតែងតែពុះពារនាំទៅបូជានៅទីទួលក្នុងវត្តពៅវើយសម្រាប់អ្នកមានលទ្ធភាព ប៉ុន្តែសម្រាប់អ្នកពុំមានលទ្ធភាពពួកគេតែងតែយកមឈូសសពទៅដាក់បន្ទើរនៅលើដើមរាំងធំៗ ដែលដុះខ្ពស់ផុតពីទឹក នេះបើតាមព្រឹទ្ធាចារ្យក្នុងភូមិបានរៀបរាប់។ តាមលោកតា លី ដែលរស់នៅភូមិដូនស្តើង តាំងពីកំណើតបានឲ្យដឹងថា ពីភូមិដូនស្ដើងទៅកាន់វត្តពៅវើយចម្ងាយជិត២០គីឡូម៉ែត្រ បើបើកកាណូតឆ្លងកាត់បឹងទន្លេដ៏ធំល្វឹងល្វើយផង គ្រួសារអ្នកក្រីក្រពិតជាពុំមានលទ្ធភាពនោះទេ ដូចនេះក្រុមគ្រួសារត្រូវយកមឈូសដាក់សពទៅតម្កល់លើប្រគាបដើមរាំងធំៗខ្ពស់ផុតទឹក ទុកចាំបូជានៅរដូវប្រាំងហើយអ្នកខ្លះគេធ្វើធ្នើរលើទឹក ដើម្បីបូជាសពតែម្តងក៏មាន។ នៅពេលសពឆេះអស់ក្រុមគ្រួសារក៏រើសឆ្អឹងមករក្សាទុកតាមវត្ត តែខ្លះក៏បាចឆ្អឹងទៅកណ្ដាលទន្លេក៏មាន៕
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment