តើ​​​​ជំនឿ​​អាប​​ធ្មប់​កើត​មាន​តាំង​ពី​ពេល​ណា?​

តើ​​​​ជំនឿ​​អាប​​ធ្មប់​កើត​មាន​តាំង​ពី​ពេល​ណា?​

​ជំនឿ​​អាប​​ធ្មប់​ គឺ​ជា​​ជំនឿ​ដែល​​សង្គម​​ខ្មែរ​​យើង​​មាន​​តាំង​ពី​​សម័យ​​បុរេ​ប្រវត្តិ​សាស្ត្រ​​មក​ម្ល៉េះ។​ តើ​​ជំនឿ​​​នេះ​ វា​​កើត​ឡើង​​ដូច​​ម្តេច​ ហើយ​​​មាន​​លក្ខណៈ​​បែប​​ណា​ខ្លះ​ បាន​ជា​​នៅ​​ក្នុង​​សង្គម​​ខ្មែរ​​យើង​​តែង​តែ​​មាន​ការ​​ខ្លាច​រអា​​ទៅ​​វិញ​?​ យោង​​តាម​​សៀវ​ភៅ​​សាសនា​​ប្រៀប​ធៀប​ សម្រាប់​​ពុទ្ធិក​វិទ្យាល័យ​​ថ្នាក់​​ទី​​១០​ របស់​​ព្រះ​​មហា​ ទូច​ ម៉ៃ​ បាន​​រៀប​រាប់​​ថា​៖
នៅ​​ក្នុង​​សង្គម​​ខ្មែរ​​ច្រើន​​សត​វត្សរ៍​​មក​​ហើយ​ នរណា​​ក៏​​ដឹង​​ដែរ​​ថា​ អំពើ​​អាប​​​កើត​​មាន​​ចំពោះ​​​​មនុស្ស​​ស្រី​ ដែល​​​​បាន​​រៀន​​មន្ត​​ស្នេហ៍​ ហើយ​​មាន​​​ឫទ្ធិ​​​អំណាច​​​គួរ​​​ឲ្យ​​​​ព្រឺ​ព្រួច​ ដែល​​​ព្រលឹង​​​របស់​​​គេ​​​អាច​​​ដក​​​ចេញ​​ពី​​ខ្លួន​​​បាន​​ទៀត​​ផង​។​ ជំនឿ​​នេះ​ ​មិន​​ត្រឹម​តែ​​ជន​ជាតិ​​កម្ពុជា​​ប៉ុណ្ណោះ​​ទេ​ សូ​ម្បី​​ជន​ជាតិ​​មួយ​​ចំនួន​​ទៀត​​នៅ​​អាស៊ី​​អាគ្នេយ៍​​នេះ​ ក៏​​មាន​​ជំនឿ​​ដូច​​គ្នា​​ដែរ​។

ជា​​ទូទៅ​ គេ​​តែង​កត់​​សម្គាល់​ថា​ នៅ​​​ពេល​​​​យប់​​ព្រលឹង​​អាប​​ធ្មប់​ ដែល​​ប្រថាប់​​នៅ​​ក្នុង​​ខ្លួន​​មនុស្ស​​ស្រី​​​អាច​​ចេញ​​ទៅ​​រក​ស៊ី​​នៅ​ខាង​ក្រៅ​ ដែល​​​ខណៈ​នោះ​​ក្បាល​​ត្រូវ​​ដក​​ចេញ​ពី​​ដង​ខ្លួន​។​ អាប​​នេះ​​ធ្វើ​​ដំណើរ​​ដោយ​​ហោះ​ហើរ​ រក​ស៊ី​​គ្រឿង​​ចំណី​អាហារ​​សម្រាប់​​ខ្លួន​​គេ​ ​មាន​​ដូច​​ជា​ វត្ថុ​​ចំអាប​​គ្រឿង​​ស្មោក​គ្រោក​ ជា​​ឈាម​​នៅ​​តាម​​ថ្លុក​ ជ្រាំ​ និង​​កូន​​ក្អុក​​ក្អាត់​ បញ្ចេញ​​​ពន្លឺ​​​​ពណ៌​​ខៀវ​​ភ្លឺ​​ថា្ល​ មាន​​ទំហំ​​ប៉ុន​​កូន​​ចង្អេរ​។​ អាប​​តែង​តែ​​ធ្វើ​​ដំណើរ​​វិល​​ត្រឡប់​​មក​​កាន់​​ទី​កន្លែង​​រស់​នៅ​​របស់​​ខ្លួន​​វិញ​ មិន​​ឲ្យ​​ហួស​ពេល​​ថ្ងៃ​​រះ​​ឡើយ​។

គេ​​​បាន​​និទាន​​ថា​ ប្រសិន​បើ​​ការ​​វិល​​ត្រឡប់​​មក​​ចូល​​ដង​ខ្លួន​​វិញ​​ឲ្យ​​ហួស​ពេល​​ថ្ងៃ​​រះ​ ស្រ្តី​​ដែល​​ចេះ​​អាប​នោះ​​​​នឹង​​​ជួប​​​គ្រោះ​​ថ្នាក់​​ដល់​​ខ្លួន​​របស់​​គេ​ ព្រោះ​​ក្បាល​ និង​​ពោះ​វៀន​​ពុំ​​អាច​​ចូល​​ទៅ​​ភ្ជាប់​​ក្នុង​​ដង​ខ្លួន​​បាន​​ឡើយ​។

​អំពើ​អាប​​គឺ​ជា​សភាវ​​អាក្រក់​ ដែល​​តែង​​រង​ភ័យ​​ខ្លាច​​ការ​​ធ្វើ​បាប​​ពី​​អ្នក​ស្រុក​ ដោយ​​​ដាក់​​​បន្លា​​ស្រាស់​​នៅ​​តាម​​កន្លែង​​ស្មោក​គ្រោក​ ឬ​​នៅ​​ក្រោម​ផ្ទះ​​អ្នក​ស្រុក​ ដែល​​សម្រាល​កូន​​រួច​។​ គ្រូ​​អាប​​ធ្វើ​​កិច្ច​​ការពា​រ​អាប​​តាម​​វិធី​​ស្រាស់​​បន្លា​​ក្រោម​ផ្ទះ​​យ៉ាង​​ដូច្នេះ​។​​ បើ​​ខ្លួន​​អាប​​ស្លាប់​ មនុស្ស​​ដែល​​មាន​​ជាប់​​សិ​ល្បិ៍​​មន្ត​​សណ្ឋិត​​នោះ​ ក៏​​អាច​​ស្លាប់​​ដូច​​គ្នា​​ដែរ​។​ គ្រូ​​អាប​​អាច​​សម្លាប់​​​អាប​​បាន​​ដោយ​សារ​​ការ​​ដក​​កិច្ច​​​តាម​​រយៈ​​សម្តី​។​ ជំនឿ​​លើ​​អាប​​ធ្មប់​​នេះ​ ពុំ​​មែន​មាន​​តែ​​នៅ​​ក្ន​ង​​សង្គម​​ខ្មែរ​​នា​​ពេល​​ចុង​​ក្រោយ​​នេះ​​ទេ​ គឺ​​មាន​​តាំង​ពី​​សម័យ​​បុរេ​ប្រវត្តិ​សាស្ត្រ​​មក​​ម្ល៉េះ​។​ ក្រៅ​ពី​​ជន​ជាតិ​​ក្នុង​​​អំបូរ​​ខ្មែរ​-​មន​ មាន​ជន​ជាតិ​​​​មួយ​​ចំនួន​​​ទៀត​​​នៅ​​ក្នុង​​អាស៊ី​​អាគ្នេយ៍​ ដូច​​ជា​​ជន​ជាតិ​​ម៉ា​ឡេ​​ស៊ី​ ថៃ​ ឡាវ​ ក៏​​ពួក​​គេ​​មាន​​ជំនឿ​​លើ​​អាប​​ធ្មប់​​នេះ​​ដែរ​។​ អ្នក​​ដែល​​មាន​​ជំនឿ​​លើ​​អាប​​ធ្មប់​​នេះ​​ច្រើន​​ជាង​គេ​ គឺ​​នៅ​​ក្នុង​​សហ​គមន៍​ ដែល​​មាន​​ជន​ជាតិ​​ខ្មែរ​​រស់​នៅ​។​ ចរន្ត​​វប្បធម៌​​តាម​​លក្ខណៈ​​ជី​វ​ច​ល​​និយម​​​ខាង​លើ​​នេះ​ អាច​​បង្ហាញ​​នូវ​​ចំណាស់​​នៃ​​ជំនឿ​​នេះ​​យ៉ាង​​ប្រាកដ​។​
​ប្រពៃណី​​លើ​​ជំនឿ​​អាប​​​ធ្មប់​​នេះ​ អាច​​ឆ្លុះ​​បញ្ចាំង​​តាម​​រយៈ​​អក្សរ​​សិ​ល្បិ៍​​របស់​​អ្នក​ស្រុក​​ខ្មែរ​​យើង​ ដែល​​បាន​​កើត​​ចេញ​ពី​​ខឿន​វប្បធម៌​​នា​​សម័យ​​បុរេ​ប្រវត្តិ​សាស្ត្រ​។​ ប៉ុន្តែ​​សព្វ​​ថ្ងៃ​នេះ​ អាច​​នឹង​​ត្រូវ​​សាប​រលាប​​ជា​​បណ្តើរៗ​ នៅ​​ពេល​​ដែល​​សង្គម​​ខ្មែរ​​កាន់​តែ​​មាន​​ភាព​​ជឿន​លឿន​​ខាង​​វិទ្យា​សាស្ត្រ​៕
អត្ថបទដោយ៖ ឈួន​ ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!