គោលការណ៍ក្នុងការទំនាក់ទំនងល្អជាមួយកូនៗ

គោលការណ៍ក្នុងការទំនាក់ទំនងល្អជាមួយកូនៗ

ការចិញ្ចឹមបីបាច់​កូនត្រឹមឲ្យមានការលូតលាស់​ខាងរាងកាយ​ វាមិនសូវជាពិបាកណាស់ណាទេ ប៉ុន្តែការអប់រំបណ្តុះចិត្តគំនិត​កូនៗ​​ដើម្បី​ឲ្យ​ក្លាយ​ជាមនុស្សល្អ ​និងមានទំនួល​ខុសត្រូវ​ក្នុងសង្គមគឺជារឿងមិនងាយស្រួល​ឡើយ។ ប្រការ​នេះ​ទាមទារ​ឲ្យ​ឪពុកម្តាយ​គ្រប់​រូប​មានការយល់​ដឹង​ឲ្យ​បាន​ល្អអំពី​ថា​តើ​គួរ​ធើ្វ​បែបណាទើប​ចិញ្ចឹម​កូន​បាន​ប្រកប​ដោយ​គន្លង​ធម៌។ យោង​តាម​បណ្ឌិត​ ហេម​ជីណត​ បាន​លើកឡើងជាគោលការណ៍​ក្នុង​ការទំនាក់​ទំនង​ និង​ចិញ្ចឹម​អប់រំ​កូន​ឲ្យបាន​ល្អ​ប្រកប​ដោយ​ប្រសិទ្ធភាព គួរ​អនុវត្តដូច​ខាង​ក្រោម៖

១. ការបើកចិត្តទទួលស្តាប់៖​ ការ​ស្តាប់​ដោយ​ការ​យល់​ចិត្ត​ និង​ជួយ​ឲ្យ​ឪពុកម្តាយ​បាន​ស្តាប់​អារម្មណ៍​ដែល​កូន​ត្រូវ​ការ​ប្រាប់​ចេញពី​មាត់​របស់​គេ​ផ្ទាល់​ ថា​គេ​កំពុង​មាន​អារម្មណ៍​ និង​ជួប​បញ្ហា​អ្វី​ ​ហើយ​ឪពុកម្តាយ​បាន​ឃើញជ្រុង​នៃ​គំនិត​របស់​កូន​ ព្រមទាំង​យល់​ពី​ចំណុច​សំខាន់​ដែល​កូន​ត្រូវ​បំផុងត។

២. កុំបដិសេធគំនិត​របស់​កូន៖ ចូរ​កុំ​ប្រកែក​ជាមួយ​អារម្មណ៍​របស់​កូន​ កុំ​ព្រងើយ​កន្តើយ​នឹង​បំណង​ប្រាថ្នា​របស់​គេ​ កុំ​សើច​ចំអក​ដាក់​គេ​ កុំ​មើលងាយ​ការ​យល់​ឃើញ​របស់​គេ កុំ​បន្ថោក​តម្លៃ​របស់​គេ​ កុំ​រិះ​គន់​ ឬបណ្តុះ​បង្អាប់​បទពិសោធន៍របស់​គេ ផ្ទុយ​ទៅ​វិញ​​ឪពុកម្តាយ​គ្រប់​រូប​ គួរតែ​ស្តាប់គំនិត​យោបល់​ និង​ឲ្យតម្លៃ​ដល់​កូនៗ។

៣. កុំ​ចាំតែ​ចាប់​កំហុស ឬរិះគន់កូន​៖ ជំនួស​ការ​រិះគន់​ទិតៀន​ ចូរ​​ចង្អុល​ណែនាំដោយ​និយាយ​ពី​បញ្ហា​ និង​ស្នើ​រក​វិធី​ដោះ​ស្រាយ ពោល​គឺ​កុំ​និយាយ​អ្វី​ក្នុង​ន័យ​អវិជ្ជមាន​ទាក់​ទង​នឹង​ក្មេង។

៤. ពេលខឹង​នឹង​កូន​ ចូរ​និយាយ​រក​ហេតុផល៖ ក្នុង​នាមជាពុកម្តាយ​ នៅពេល​ខឹង​នឹង​កូន គួរ​និយាយ​ពាក្យ​ល្អ​ប្រកប​ដោយ​ហេតុ​ផល​ និង​មាន​អារម្មណ៍​នឹង​នរ ព្រមទាំង​បង្ហាញពី​អារម្មណ៍​អាណិត​ស្រឡាញ់​ចំពោះ​កូន​។ ឪពុកម្តាយ​គ្រប់​រូប​មិន​គួរ​ណានិយាយ​អ្វី​ជាមួយ​កូន​ពេល​ខឹង​ដោយ​ពាក្យ​រម៉ោក​រម៉ាំង​ ឬ​ពាក្យ​អាមុឹង​មិនមាន​ហេតុ​ផលទេ។ ចូរ​ចាប់​ផ្តើម​ប្រើ​ពាក្យ​សព្វនាម​ទី១ ដូច​ជាពាក្យ​ថា​ «កូនម៉ាក់…..ឬកូនប៉ា…..»។
៥. ពោលសរសើរកូន៖ ឪពុកម្តាយគួរចេះនិយាយសរសើរ​កូន​​ ដោយ​ប្រាប់​កូនថា​អ្នក​កោត​សរសើរ​អ្វី​មួយចំពោះ​កូន ឬ​ចំពោះ​ការ​ព្យាយាម​របស់​គេ​ ពោលគឺ​ចូរ​និយាយ​ឲ្យចំ​អ្វី​ដែល​គេ​បាន​ធ្វើ​​ឲ្យ​បាន​ច្បាស់​លាស់​ តែ​កុំ​និយាយ​ដោយ​លក្ខណៈមើល​គេ​ក្នុងន័យ​មិន​ឲ្យ​តម្លៃ​ ឬ​បញ្ឆិតបញ្ឆៀង។
៦. ចូរ​កុំ​ទម្លាប់​និយាយពាក្យ​​«​មិន…»៖ ឪពុកម្តាយ​គួរ​ចៀស​វាង​ពាក្យ​និយាយ​ដោយ​វិធី​មិនធ្វើ​បាប​ផ្លូវ​ចិត្ត​កូន​ ពោលគឺ​​ព្រម​​ឲ្យ​​កូន​បាន​នឹក​ស្រមៃ​នូវ​អ្វីដែល​យើង​មិន​ព្រម​។ ឧទា៖ បើ​កូន​ចង់​បាន​កង់ ឬម៉ូតូ​ថ្មីណាមួយ ឪពុក​ម្តាយ​មិនគួរ​ឆ្លើយ​ដាច់​អហង្កា​ថា​មិន​បាន​ទេ​ តែ​គួរ​និយាយថា​ បើ​កូន​ចង់​បាន​ឥឡូវ​នេះ​មិន​ទាន់​បាន​ទេ ព្រោះមិនទាន់​មាន​លុយ​គ្រប់​ ចាំពេល​ក្រោយ​ចុះ​ណាកូន។
៧. ផ្តល់​សិទ្ធិ​ឲ្យ​កូន​មាន​ជម្រើស​៖ ឪពុកម្តាយ​គ្រប់រូប​គួរ​បើក​ឱកាស​កូន​មាន​ផ្លូវ​ជ្រើស​រើស​ ឬបាន​សម្រេច​ចិត្ត​តាម​គំនិត​ ឬ​ឆន្ទៈ​របស់​ខ្លួន​ខ្លះផង ដើម្បី​អនាគត​នៃ​ជីវិត​របស់​គេ។ ចូរ​ចាំ​ថា «​គ្មាន​ការ​ចាប់​បង្ខំឲ្យធ្វើ​ការ​សម្រេចចិត្តណាមួយ​ទទួល​បាន​ផល​ល្អ​នោះ​ទេ​ ម្យ៉ាង​ទៀត​ត្រូវ​គិត​ថា​កូនរបស់​ខ្លួន​កាន់តែ​ធំហើយ ដូច្នេះ​គេ​គួរ​មាន​សិទ្ធិរៀន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ខ្លះ»៕​ (ប្រភព៖ សៀវ​ភៅ​ វិធី​សាស្រ្ត​ល្អៗ​​និយាយ​​ជា​មួយ​​កូន)
អត្ថបទដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!