តើ​មនុស្ស​ត្រូវ​មាន​សីល​ធម៌​ដូច​ម្តេច​ខ្លះ?

តើ​មនុស្ស​ត្រូវ​មាន​សីល​ធម៌​ដូច​ម្តេច​ខ្លះ?

ការ​រស់​នៅក្នុងសង្គមរបស់​មនុស្សត្រូវមា​ន​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​​ប្រយោជន៍​​ដើម្បី​ស្វែង​រក​សុខ​ចម្រើន។ ការ​ទំនាក់​ទំនង​គ្នា​នោះ ​គឺ​ពិត​ជា​មាន​ក្រិត្យ​ក្រម​មួយ​សម្រាប់​តម្រង់​ទិស​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដើរ​តាម​ឆ្ពោះ​ទៅ​រក​គោល​ដៅ​របស់​ខ្លួន។ ទំនៀម​ទម្លាប់ ប្រពៃណី សាសនា ក៏​ជា​បង្អែក​មួយ​ក្នុង​ការ​បង្ហាញ​ឲ្យ​មនុស្ស​ដើរ​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​នៃ​ជីវិត ដែល​ខ្លួន​ចង់​បាន​គ្រប់​គ្នា។ ការ​សម្រេច​នូវ​បំណង​ប្រាថ្នា​របស់​មនុស្ស​ទៀត​សោត​ មនុស្ស​គ្រប់​គ្នា​ចាំ​បាច់​ត្រូវ​មាន​ក្រម​សីល​ធម៌ ដែល​ជា​បន្ទាត់​អម​ដំណើរ​នៃ​សកម្ម​ភាព​ផ្សេងៗ​របស់​មនុស្ស​ឲ្យ​ឈាន​ទៅ​រក​ការ​រស់​នៅ​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​បាន​។ ​នៅ​ក្នុង​សៀវ​ភៅ​អត្ថា​ធិប្បាយ​ទស្សន​វិជ្ជា​របស់​លោក សរ សារុន បាន​រៀប​រាប់​ថា​មនុស្ស​គ្រប់​រូប​​ត្រូវ​​ប្រកាន់​​ខ្ជាប់​​នូវ​​សីល​ធម៌​​​ដូច​​ខាង​​ក្រោម៖
១. សីលធម៌ផ្ទាល់ខ្លួន៖ ការរស់​នៅ​ក្នុង​សង្គម មនុស្ស​គ្រប់​គ្នា​ត្រូវ​ដឹង​ខុស​ត្រូវ ស្គាល់​ល្អ​អាក្រក់ ជា​ពិសេស​ត្រូវ​តាំង​ខ្លួន​ជា​ម្ចាស់​ចិត្ត​របស់​ខ្លួន​ ត្រូវ​ទទួល​ខុស​ត្រូវ​នូវ​រាល់​ទង្វើ​របស់​ខ្លួន ហើយ​ក្លាហាន​ក្នុង​ផ្លូវ​ត្រូវ។
២. សីលធម៌ក្នុងគ្រួសារ៖ មនុស្សគ្រប់គ្នា​ត្រូវ​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន ឳពុក​ម្តាយ​ចិញ្ចឹម​កូន ដោយ​ពុំ​នឹក​គិត​ដល់​ការ​សង​គុណ​តប​មក​វិញ ​ព្រោះ​ការ​ចិញ្ចឹម​កូន​នេះ គឺ​ជា​កាតព្វ​កិច្ច ជា​មុខ​ងារ​របស់​ខ្លួន មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឳពុក​ម្តាយ​ត្រូវ​ថែ​ទាំ​កូន​ឲ្យ​មាន​ភាព​សុខ​ដុម​រមនា ​អប់រំ​កូន​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ ពល​រដ្ឋ​ល្អ​ជា​ដើម។
៣. សីលធម៌ក្នុងវិជ្ជាជីវ៖ ការងារ​ផ្សេងៗ​មិន​ច្របូក​ច្របល់ មិន​រំលោភ​បំពាន ប៉ះ​ពាល់​ដល់​អ្នក​ដទៃ មនសិការ​ការ​ងារ រក​ស៊ី ​ឬ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តាម​សមត្ថ​ភាព តាម​សម្មា​ជីវោ មិន​​ធ្វើ​ការ​ហួស​កម្លាំង​ខ្លួន ដែល​នាំ​ឲ្យ​មាន​ជំងឺ​ឥត​ប្រយោជន៍​ជា​ដើម ទាំង​អស់​នេះ​ពិត​ជា​សីល​ធម៌​របស់​មនុស្ស​ ដែល​គួរ​យក​ទៅ​អនុវត្ត​ក្នុង​ការងារ​ផ្សេងៗ ដែល​បម្រើ​ផល​ប្រយោជន៍​ដល់​មនុស្ស​ពិតៗ។
៤. សីលធម៌ក្នុងសង្គម៖ ការរួបរួម​គ្នា មិន​បែក​បាក់​គ្នា ចេះ​អធ្យាស្រ័យ​ដល់​គ្នា​នឹង​គ្នា​នូវ​ទោស​កំហុស​នានា​ដែល​បាន​កើត​ឡើង ចេះ​កែ​ច្នៃ ណែនាំ​គ្នា​ មិន​មើល​ងាយ​គ្នា ចេះ​ស្រឡាញ់​យុត្តិ​ធម៌ រាប់​អាន​មនុស្ស​ទូទៅ ទទួល​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ដទៃ ជា​ពិសេស​មិន​ឈ្លាន​ពាន​លើ​អ្នក​ដទៃ។
៥. សីល​ធម៌​ក្នុង​ពិភព​លោក៖ ការ​មិន​រំលោភ​បំពាន ឈ្លាន​ពាន បូរណ​ភាព​ដែន​ដី​ដល់​ប្រទេស​ដទៃ ​ការ​រួម​រស់​ដោយ​សន្តិភាព​ជា​មួយ​គ្នា​រវាង​ប្រទេស​ដទៃ។
៦. សីលធម៌តាមទស្សនៈរបស់អ្នកប្រាជ្ញផ្សេងៗ៖ លោក​អ្នក​ប្រាជ្ញ​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក បាន​បង្កើត​ទ្រឹស្តី​ចង​ក្រង​ទុក ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​សេចក្តី​ត្រូវ​ការ​របស់​មនុស្ស​ក្នុង​នោះ​មានៈ ខុង​ជឺ ប្លាតុង អារី​ស្តូត​ជាដើម និង​សីល​ធម៌​របស់​សាសនា ដូចជា ព្រះ​ពុទ្ធ​សាសនា ឥស្លាម​សាសនា​ គ្រឹស្ត​សាសនា ព្រហ្មញ្ញ​សាសនា​ជាដើម។
ជារួម​មក​ សីល​ធម៌​ទាំង​អស់​ដូច​រៀប​រាប់​ខាង​លើ គឺ​ពិត​ជា​មាន​តម្លៃ ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ប្រព្រឹត្ត​តាម​ឈាន​ទៅ​រក​សេចក្តី​ថ្លៃ​ថ្នូរ​ និង​ល្អ​ប្រសើរ​បាន។ ​ក្នុង​សង្គម​មួយ​បើ​មាន​សីល​ធម៌​ល្អ ការ​អប់រំ​ប្រជា​ពល​រដ្ឋ​ក៏​ប្រពៃ ការ​អប់រំ​ឲ្យ​មនុស្សមាន​សីល​ធម៌​ល្អ សង្គម​ទាំង​មូល​នឹង​ទទួល​បាន​សុខ ​ហើយ​ចាត់​ទុក​ថា​ជា​សង្គម​មាន​អរិយ​ធម៌​ល្អខ្ពង់​ខ្ពស់​ថែម​ទៀត៕
ដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

និទានអប់រំ

Congratulations to all 12th grade graduates 2025!