ហេតុអ្វីបានជាខ្មែរបូជាសព?
ហេតុអ្វីបានជាខ្មែរបូជាសព?
ទំនៀមទម្លាប់ប្រពៃណី គឺជាសញ្ញាណរបស់ជាតិនីមួយៗ ដែលបង្ហាញពិភពលោកឲ្យស្គាល់នូវជាតិសាសន៍របស់ខ្លួន។ ពិធីនៃការបូជាសពក៏ជាទំនៀមទម្លាប់របស់ខ្មែរយើងមួយផងដែរ ដែលបុព្វបុរសខ្មែរយើងបានអនុវត្តតៗមកនៅពេលដែលមាននរណាម្នាក់ស្លាប់។ នៅក្នុងសៀវភៅទស្សនាវដ្តីកម្ពុជា លេខ១៤៦ ខែកញ្ញា ឆ្នាំ២០១៤ បានរៀបរាប់ពីហេតុដែលនាំឲ្យខ្មែរបូជាសពថា៖លោក មីសែល ត្រាណេ បានបញ្ជាក់ថា អ្វីដែលពោលខាងលើនេះមិនមែនមានន័យថា ខ្មែរសម័យក្លិង្គចូលស្រុកមិនចេះបូជាសពនឹងភ្លើងទេ។ តាមពិតជនជាតិខ្មែរបានប្រារព្ធរួចហើយ ប៉ុន្តែមិនទាន់មានលក្ខណៈទូទៅ គេចូលចិត្តកប់ច្រើនជាងដុតសព។
ភ្លើងជាធាតុមួយដែលមានលក្ខណៈពិសិដ្ឋ ដោយហេតុថាវាជាប្រភពនៃជីវិត។ តាមគម្ពីរវេទ ធាតុភ្លើងនេះហើយដែលកំដៅលោក បង្កើតលោក ទ្រទ្រង់លោកពីភាពឆៅទៅភាពឆ្អិន ពីល្ងង់ទៅភាពភ្លឺស្វាង ពីអវិជ្ជាទៅអរិយភាព។ល។ ដូច្នេះ ហើយបានជាព្រាហ្មណ៍គោរពបូជាភ្លើងដោយតាំងឈ្មោះថាអគ្គី។ នៅពេលដែលបុព្វបុរសខ្មែរចាប់ផ្តើមកាន់ព្រហ្មញ្ញសាសនា គេឲ្យឈ្មោះភ្លើងថា ព្រះអគ្គី ក៏ប៉ុន្តែសម័យមុនប្រវត្តិសាស្ត្រ គេហៅថាថ្ងៃ។ ហើយការដែលខ្មែរប្រើពាក្យអាទិត្យដែលជាភាសាសំស្រ្កឹតជំនួសថ្ងៃ អាចធ្វើឲ្យគេមានភាពងាយស្រួលក្នុងការស្វែងយល់ពីអត្ថន័យរួម។
អ្នកប្រាជ្ញខ្មែរសម័យបុរាណបានឈ្វេងយល់ថា ខ្លួនប្រាណរបស់មនុស្សជាការផ្សំផ្គុំរវាងធាតុទាំង៥គឺ ទឹក ដី ខ្យល់ ភ្លើង និងវិញ្ញាណ ឬអាត្ម័ន ហើយក្រោយពីស្លាប់ ធាតុទាំង៥នេះត្រូវត្រឡប់ទៅកាន់ប្រភពដើមវិញសម្រាប់ជីវិតអមតៈគឺព្រាហ្មណ៍។ ព្រាហ្មណ៍គឺស្ថិតនៅខ្ពស់បំផុតដែលជាទីផុតរំដោះទុក្ខ។ ដូច្នេះដើម្បីអាត្ម័ន អាចនឹងទៅកាន់ទីអមតៈគេត្រូវបំពេញនូវពិធីបូជាភ្លើងដើម្បីសម្អាតសពស្មោគគ្រោកទៅកាន់បរលោក។
តាមរយៈអត្ថន័យនេះ យើងអាចសន្និដ្ឋានថា ភ្លើងមិនត្រឹមតែនាំមកនូវថាមពលកម្លាំងពលំ គឺនាំមកនូវគ្រឿងបូជាយញ្ញដូចជាសពទៅកាន់អាទិទេព ឬព្រាហ្មណ៍ថែមទៀតផង ក្រោយពីដុតសម្អាតភាពស្មោគគ្រោកឲ្យវិនាសអស់។ ដូច្នេះ ពិធីបូជារបស់ជនជាតិមានអត្ថន័យស៊ីជម្រៅពុំមែនជាជំនឿអកុសលគ្មានខ្លឹមសារនោះទេ ហេតុនេះហើយបានជាជនជាតិយើងនៅតែប្រារព្ធមិនដាច់តាំងពីបុរាណកាលរហូតដល់សព្វថ្ងៃ៕
អត្ថបទដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment