តើរូបសំណាកនៃព្រះពុទ្ធមានប៉ុន្មានបែប?
តើរូបសំណាកនៃព្រះពុទ្ធមានប៉ុន្មានបែប?
នៅក្នុងប្រទេសនានាទូទាំងពិភពលោក ដែលជាអ្នកគោរពព្រះពុទ្ធសាសនា គេតែងតែឃើញមានការសាងសង់ព្រះពុទ្ធរូបជាស្នងព្រះអង្គ ទុកជាទីគោរពសក្ការបូជា។ ព្រះពុទ្ធរូបទាំងនោះគេឃើញមានកាយវិការផ្សេងៗគ្នា ជាច្រើនបែប ច្រើនរចនាបថ ដែលកាយវិការទាំងអស់នោះសុទ្ធតែមានអត្ថន័យ និងប្រវត្តិដោយឡែកៗទៅតាមសិល្បៈនៃការតាក់តែង និងគោលគំនិត។ យោងទៅតាមសៀវភៅច្បាប់ និងក្បួនពិធីផ្សេងៗរបស់ធម្មាចារ្យ អួន សារិន បានរៀបរាប់ថា ព្រះពុទ្ធរូបទាំងអស់មានប្រាំបីបែបដែលមានអត្ថន័យ និងប្រវត្តិដូចតទៅ៖
១.ព្រះពុទ្ធរូបសមាធិគង់ព្រះភ្នែន
មានព្រះហស្ថស្តាំដាក់លើព្រះហស្ថឆ្វេង
ត្រួតលើព្រះភ្នែន ហៅថា វិតក៌មុទ្រា។
២.ព្រះពុទ្ធរូបមារវិជ័យ(កាលផ្ចាញ់មារ)
គង់ពត់ព្រះភ្នែនដូចព្រះពុទ្ធរូបសមាធិដែរ
ប៉ុន្តែព្រះហស្ថស្តាំផ្កាប់លើព្រះឧរុ(ភ្លៅ)
ចង្អុលចុះទៅផែនដី
ព្រះហស្ថឆ្វេងផ្ងារចាក់លើព្រះឧរុ ហៅថា
ភូមិស្សសមុទ្រា។
៣.ព្រះពុទ្ធរូបសម្តែងធម្មចក្រ
គង់ព្រះភ្នែន
មានព្រះហស្ថស្តាំក្តោបម្រាមធ្វើជារង្វង់មូលដូចជារាងកង់រទេះ
ព្រះហស្ថឆ្វេងធ្វើអាការៈដូចជាព្រះហស្ថស្តាំក៏មាន
ដាក់លើព្រះឧរុក៏មាន ហៅថាធម្មចក្រមុទ្រា។
៤.ព្រះពុទ្ធរូបប្រទានអភ័យ
ជាតំណាងកាលដែលព្រះអង្គសម្តែងធម៌ប្រោសសត្វក្នុងទីណាមួយ
មានព្រះកាយឈរក៏មានគង់ពត់ព្រះភ្នែនក៏មាន
ព្រះហស្ថស្តាំរាចេញទៅមុខ ព្រះហស្ថឆ្វេងសំយុងចុះ
ហៅថា អភយមុទ្រា។
៥.ព្រះពុទ្ធប្រទានពរ
បាទព្រះហស្ថទាំងពីរសំយុងចុះ
បែរបាទព្រះហស្ថទៅខាងមុខ
ទ្រង់គង់ពត់ព្រះភ្នែនក៏មាន ពេលសួរធម៌ ហៅថា
វរមុទ្រា។
៦.ព្រះពុទ្ធរូបទ្រង់ឈរឱបបាត្រ ជាតំណាងកាលព្រះអង្គទ្រង់និមន្តបិណ្ឌបាត្រ ហៅថា បាត្រាទានមុទ្រា
៧.ព្រះពុទ្ធទ្រង់ផ្ទុំ
ជាតំណាងកាលព្រះអង្គផ្ទុំផ្អៀងព្រះកាយទៅខាងស្តាំ
ព្រះបាទឆ្វេងត្រួតលើព្រះហស្ថស្តាំដោយទ្រង់ផ្ទុំធម្មតាក្តី
ផ្ទុំលើមញ្ចសយន ជាអនុដ្ឋានសញ្ញា ទ្រង់បរិនិព្វានក្តី
ហៅថា សយនមុទ្រា។
៨.ព្រះពុទ្ធរូបប្រក់នាគ
ជាតំណាងកាលដែលព្រះអង្គគង់លើស្រះមុច្ចលិន្ទ
ដែលក្នុងពេលនោះមានភ្លៀងបង្អុរខ្លាំង
មាននាគរាជមកពេនព័ទ្ធព្រះអង្គបើកពពារគ្របបាំងលើព្រះអង្គ
ដើម្បីការពារភ្លៀង៕
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment