គន្លឹះ​​ក្នុង​​ការ​​អប់រំ​​កុមារ​​តូចៗ​​

គន្លឹះ​​ក្នុង​​ការ​​អប់រំ​​កុមារ​​តូចៗ​​

ឪពុក​​ម្តាយ​​គ្រប់​​រូប​​តែង​តែ​​ប្រាថ្នា​​ចង់​​ឲ្យ​​កូន​​របស់​​ខ្លួន​​ឆ្លាត​​វៃ​ តែ​​បំណង​ប្រាថ្នា​​គ្រប់​យ៉ាង​​មិន​មែន​​ចេះ​​តែ​​បាន​​សម្រេច​​នោះ​​ទេ​។​ ទាក់​​ទង​​នឹង​​​ការ​​អប់រំ​​​កុមារ​​តូច​ៗ​​នេះ​ គេហទំព័រ​ brainy-child.com​ ​ចេញ​​​​ផ្សាយ​​​​​ដោយ​​​​សាលា​​ឯក​ជន​មួយ​​​របស់​ប្រទេស​​ជប៉ុន​​​​នៅ​​ទីក្រុង​ តូ​ក្យូ​ បាន​ផ្តល់​​​នូវ​​គន្លឹះ​​មួយ​​ចំនួន​​ដើម្បី​​ជួយ​ឲ្យ​​​កុមារ​​តូចៗ​ឆ្លាត​​​ដូច​​ខាង​ក្រោម​៖

១.​ ចូរ​​ធ្វើ​​ឲ្យ​​កូន​​តូច​​របស់​​លោក​​អ្នក​​ក្លាយ​ជា​​អ្នក​​ស្តាប់​​ដ៏​​ល្អ៖ នៅ​​ពេល​​លោក​​អ្នក​​អប់​រំ​​កូន​ គួរ​​ហៅ​​ឈ្មោះ​ និង​​សំឡឹង​មុខ​​គេ​​ឲ្យ​​​ចំដោយ​​ទន់​​ភ្លន់​​​​ដើម្បី​​​ទាញ​​​ចំណាប់​​អារម្មណ៍​​​(eye​ contact)​ ហើយ​​សួរ​​ឲ្យ​​បាន​​ញឹក​ញាប់​។​​

២.​ ចូរ​​បង្រៀន​​កូន​​តូច​​របស់​​លោក​​អ្នក​​នូវ​​ចំណេះ​ដឹង​​មូលដ្ឋាន៖ បង្រៀន​​កូន​​ឲ្យ​​ដឹង​ ស្គាល់​ យល់​​ពី​​វត្ថុ​​ផ្សេងៗ​​ដែល​​នៅ​​ជុំ​វិញ​​ខ្លួន​​របស់​​គេ​​ប្រចាំ​​ថ្ងៃ​។​ បង្រៀន​​គេ​​ឲ្យ​​ស្គាល់​​ដូច​​ជា​ ឈ្មោះ​​មនុស្ស​​នៅ​​ជុំ​វិញ​​ខ្លួន​ ឈ្មោះ​​វត្ថុ​ ពណ៌​​ ទំហំ​ ទី​កន្លែង​ ទិស​ និង​​ចំនួន​​លេខ​​ជា​ដើម​ តាម​​រយៈ​​ល្បែង​​កំសាន្ត​​អប់រំ​​កុមារ​ (Games)​ សកម្ម​ភាព​​នានា​ ជា​​ពិសេស​​បង្ហាញ​​នូវ​​សកម្ម​ភាព​​ជា​​គម្រូ​​ល្អៗ​ និង​​ការ​​និទាន​​ផ្សេងៗ​។​ លោក​​អ្នក​​អាច​​ប្រើ​​វិធី​​ដូច​​ខាង​ក្រោម​​ដើម្បី​​បង្រៀន​​កុមារ​​តូចៗ​៖

​ក. ប្រើ​​ប្លុក​​ពណ៌​ (Color​ Block​ Game)​ បង្រៀន​​កូន​​តូច​​របស់​​លោក​​អ្នក​ ដោយ​​ដាក់​​ប្លុក​​ពណ៌​​ឲ្យ​​នៅ​​រញ៉េ​រញ៉ៃ​ រួច​​ឲ្យ​​ក្មេង​​រៀប​​តាម​​លំដាប់​​ពណ៌​​សារ​​ជា​​ថ្មី​។

ខ. ដាក់​​វត្ថុ​​ឲ្យ​​រៀន​​រាប់​ (numbering)​ គឺ​​បង្រៀន​​ក្មេង​​តូច​​ដើម្បី​​ឲ្យ​​គេ​​រៀន​​ចំណាំ​ ដោយ​​ប្រៀប​ធៀប​​ម្រាម​ដៃ​ ​ជើង​ តុក្កតា​ ឬ​​វត្ថុ​​ផ្សេងៗ​។

​គ. បង្រៀន​​កូន​​របស់​​លោក​​អ្នក​​ឲ្យ​​ដឹង​​ពី​​ទំហំ​ ដោយ​​ឲ្យ​​គេ​​ប្រើ​​ខ្មៅ​​ដៃ​គូរ​​រូប​ភាព​​តាម​​ទំហំ​​ផ្សេងៗ​ ឬ​ក៏​​ប្រើ​​បន្ទាត់​​ជំនួយ​​គូរ​​ប្រអប់​​ជា​​រាង​​បែប​​ណា​មួយ​ រួច​​បង្ហាញ​​គេ​​ឲ្យ​​មើល​​ទំហំ​​ដែល​​ខុសៗ​​គ្នា​​នោះ​។

​ង. បង្រៀន​​កូន​​តូចៗ​​ឲ្យ​​ដឹង​​ពី​​លំហ​ និង​​កន្លែង​​ដោយ​​ប្រើ​​ប្រអប់​​ធំៗ​​ល្មម​ ដាក់​​នៅ​​ទីណា​​មួយ​​រួច​​បង្ហាញ​​ពន្យល់​​គេ​​ឲ្យ​​រៀន​​ចំណាំ​​នូវ​​ចំណុច​​ទាំង​នោះ​។​​
៣.​ អភិវឌ្ឍ​​សមត្ថភាព​​ចង​​ចាំ​​របស់​​កូន​​តូច​​របស់​​លោក​​អ្នក៖​ សមត្ថ​ភាព​​ខួរ​ក្បាល​​ក្មេង​​ឆាប់​​ចាប់​​បាន​​ណាស់​​តាម​​រយៈ​ពាក្យ​​ចួន​​រណ្តំ​​ណែង​ណង​ ពាក្យ​កាព្យ​​ឃ្លា​ឃ្លោង​​ខ្លីៗ​ និង​​ចម្រៀង​។​ ពាក្យ​​ណែង​ណង​​ពីរោះ​​រណ្តំ​​មិន​​ត្រឹម​តែ​​ធ្វើ​​ឲ្យ​​គេ​​រីក​រាយ​​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​​ថែម​​ទាំង​​ធ្វើ​​ឲ្យ​​គេ​​រីក​​ចម្រើន​​បញ្ញា​​រហ័ស​រហួន​ វៀង​វៃ​​ឆ្លៀវ​ឆ្លាស់​​ទៀត​​ផង​។​ ចូរ​​ឲ្យ​​គេ​​រៀន​​ថា​​តាម​​ពាក្យ​ពេចន៍​​ពីរោះ​​ចួន​​រណ្តំ​​ទាំង​នោះ​ រួច​​ទុក​​ចន្លោះ​​ពាក្យ​ ឃ្លា​ ឬ​​ល្បះ​ ប្រយោគ​​ដើម្បី​​ឲ្យ​​គេ​​និយាយ​​បំពេញ​។

៤.​ ជម្រុញ​​កូន​​តូច​​របស់​​លោក​​អ្នក​​ឲ្យ​​រៀន​​ពាក្យ​​ថ្មី​ និង​​អនុ​វ​ត្ត៖ លោក​​អ្នក​​គប្បី​​បង្រៀន​​កូន​​តូច​​ដោយ​​ការ​​និយាយ​ ឬ​​និទាន​រឿង​​ឲ្យ​​ស្តាប់​ អាន​​ឲ្យ​​ស្តាប់​ ឬ​ក៏​​បង្ហាញ​​រូប​ភាព​ បន្ទាប់​​មក​​គួរ​​នាំ​​គេ​​ទៅ​​ឲ្យ​​មើល​​នូវ​​អ្វី​​ដែល​​បាន​​បង្រៀន​​នោះ​។​ នៅ​​ពេល​​នាំ​​កូន​​ទៅ​​អនុវត្ត​ គប្បី​​ឲ្យ​​គេ​​ប្រាប់​ ឬ​​បង្ហាញ​​លោក​​អ្នក​ រួច​​កែ​​កំហុស​​របស់​​គេ​​ដោយ​​ពាក្យ​​ទន់​ភ្លន់​ និង​ស្រឡាញ់​៕​
អត្ថបទដោយ៖ មត សុមឿន

Comments

Popular posts from this blog

A Personal Deconstruction of Khmer Social Cohesion: A Critical Analysis

Congratulations to all 12th grade graduates 2025!

និទានអប់រំ