បទវិភាគ៖ តើការសិក្សាបានសញ្ញាប័ត្រខ្ពស់ក្នុងសង្គមខ្មែរបច្ចុប្បន្ន ជាឱកាស ឬជាការប្រឈម?
បទវិភាគ៖ តើការសិក្សាបានសញ្ញាប័ត្រខ្ពស់ក្នុងសង្គមខ្មែរបច្ចុប្បន្ន ជាឱកាស ឬជាការប្រឈម?
និន្នាការរៀនយកសញ្ញាប័ត្រអនុបណ្ឌិត(បរិញ្ញាបត្រជាន់ខ្ពស់) និងបណ្ឌិតមានកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។ ការរៀនយកសញ្ញាបត្រកាន់តែខ្ពស់គឺជារឿងល្អ ប៉ុន្តែផ្ទុយទៅវិញ ប្រការនេះក៏ជាការប្រឈមរបស់សង្គម និងរបស់បុគ្គលអ្នករៀនខ្លួនឯងដែរ។ ហេតុអ្វីបានជាក្លាយជាបញ្ហាប្រឈម? តើមូលហេតុអ្វីបានជាអ្នកសិក្សាចង់បន្តរៀនយកសញ្ញាប័ត្រជាន់ខ្ពស់នេះ?ទ្រឹស្តីមួយនេះបានចូលរួមលើកទឹកចិត្តប្រជាជនខ្មែរឲ្យខិតខំសម្ភីសិក្សាកាន់តែខ្លាំងឡើង។ ៣៥ឆ្នាំក្រោយមក សិស្សរាប់មុឺននាក់ដែលបានបញ្ចប់ថ្នាក់ទី១២ក្នុង១ឆ្នាំៗ បានសម្រុកចូលសិក្សានៅមហាវិទ្យាល័យ ហើយជាលទ្ធផលមាននិស្សិតច្រើនម៉ឺននាក់បានបញ្ចប់ពីសាកលវិទ្យាល័យជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមិនខ្វះទៀតឡើយអ្នកដែលទទួលបានសញ្ញាប័ត្រ បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិត ប៉ុន្តែប្រទេសក្រីក្រមួយនេះបែរជាកំពុងប្រឈមនឹងកង្វះការងារសមរម្យសម្រាប់អ្នកសិក្សាទាំងនោះទៅវិញ។ បញ្ហាប៉ុស្តិ៍ការងារជារឿងឈឺក្បាលមួយ ប៉ុន្តែបញ្ហាមួយទៀតដែលអ្នកជំនាញមួយចំនួនកំពុងតែបារម្ភដែរនោះ គឺរឿងនិស្សិតមួយចំនួនធំបាននាំគ្នារៀនយកសញ្ញាប័ត្រកាន់តែខ្ពស់ឡើង តែមិនសូវមានគុណភាព។
ទិដ្ឋភាពជាក់ស្តែង និស្សិតកាន់តែច្រើនឡើងនាំគ្នារៀនយកសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ឬសញ្ញាបត្រថ្នាក់បណ្ឌិត។ មិនមែនតែនិស្សិតទេដែលកំពុងសម្រុករៀនយកសញ្ញាប័ត្រកាន់តែខ្ពស់នេះ ប៉ុន្តែក៏មានអ្នកកំពុងធ្វើការមួយចំនួនបានប្រឹងរៀនបន្តយកសញ្ញាប័ត្រខ្ពស់ផុតលេខនេះដែរ។ តើមូលហេតុអ្វីបានជាមាននិន្នាការរៀនយកសញ្ញាប័ត្រជាន់ខ្ពស់នេះ? តើការសិក្សាកាន់តែខ្ពស់កាន់តែល្អ ឬរៀនកាន់តែខ្ពស់កាន់តែលំបាក? សំណួរទីខាងលើនេះ គេអាចនឹងងាយឆ្លើយ ព្រោះជាទូទៅនៅពេលដែលមនុស្សមានឱកាសកាន់តែច្រើន និងមានជីវភាពកាន់តែធូរធា ពួកគេតែងតែចង់ចាប់យកការសិក្សាកាន់តែខ្ពស់។ ការសិក្សាកាន់តែខ្ពស់ធ្វើឲ្យមនុស្សមានការពិចារណាកាន់តែល្អ។ ការពិចារណាកាន់ល្អអាចជំរុញឲ្យមនុស្សមានលទ្ធភាពទទួលបានជ័យជំនះក្នុងជីវិតកាន់តែច្រើន។ នេះគឺជាហេតុផលទីមួយ។
ហេតុផលទី២ ត្រូវបានគេមើលឃើញថាវាទាក់ទងទៅនឹងកិត្តិយសច្រើនជាង មានន័យថា អ្នកខ្លះចង់រៀនបន្តយកសញ្ញាប័ត្រអនុបណ្ឌិត ឬបណ្ឌិត គឺដោយសារតែពួកគេចង់ឲ្យមនុស្សនៅជុំវិញខ្លួន ឬសង្គមឲ្យតម្លៃទៅលើពួកគេ ខណៈដែលអ្នកខ្លះទៀតសុខចិត្តបន្តការសិក្សាយកសញ្ញាប័ត្រជាន់ខ្ពស់ គឺដោយសារតែពួកគេមានតួនាទីតំណែងខ្ពស់នៅក្នុងជួររដ្ឋាភិបាល។ នៅពេលដែលពួកគេមានតំណែងខ្ពស់ហើយ តែពួកគេមិនមានសញ្ញាប័ត្រជាន់ខ្ពស់ទេ ដូច្នេះពួកគេត្រូវតែរៀនបន្តដើម្បីមានសញ្ញាប័ត្រស័ក្តិសមនឹងតំណែងរបស់ពួកគេ ឬខ្លាចបាត់បង់តំណែង។ ការមានតំណែងខ្ពស់ មានសញ្ញាប័ត្រខ្ពស់ ពួកគេនឹងអាចចៀសផុតពីការរិះគន់របស់មនុស្សនៅក្រោមបង្គ្រាប់។ ហេតុផលនេះត្រូវបានគេអនុវត្តច្រើនកាលពីអាណត្តិមុនៗ តែមិនសូវមានទេសម្រាប់អាណត្តិនេះ។
ចំណុចទី៣ អ្នកសិក្សាដែលប្រាថ្នាចង់បានសញ្ញាប័ត្រជាន់ខ្ពស់ ព្រោះពួកគេរំពឹងថា ការរៀនកាន់តែខ្ពស់ទទួលបានប្រាក់ខែកាន់តែច្រើន និងមានឱកាសកាន់តែច្រើនសម្រាប់បុស្តិ៍ការងារ។
ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើរៀនកាន់តែខ្ពស់កាន់តែល្អ ឬរៀនកាន់តែខ្ពស់កាន់តែលំបាកទៅវិញ? ចំពោះសំណួរនេះ ក្រុមអ្នកជំនាញពីសង្គមនៅក្នុងប្រទេសកម្ពុជាមួយចំនួនអត្ថាធិប្បាយថា ជារួមរៀនតែកាន់ខ្ពស់ គឺជាប្រការល្អសម្រាប់ជីវិតរបស់បុគ្គលខ្លួនឯង និងសម្រាប់សង្គមជាតិទាំងមូល។ ប៉ុន្តែពេលខ្លះ និស្សិតជាន់ខ្ពស់ខ្លួនឯងប្រឈមនឹងការលំបាកក្នុងការរកការងារធ្វើទៅវិញទេ នៅពេលដែលខ្លួនរៀនកាន់តែខ្ពស់ពេកនោះ ព្រោះទីផ្សារមិនសូវហ៊ានឲ្យតម្លៃប្រាក់ខែខ្ពស់។ ម្យ៉ាងវិញទៀតសម្រាប់ទីផ្សារកម្ពុជា ប៉ុស្តិ៍ការងារសម្រាប់អ្នកមានសញ្ញាប័ត្រខ្ពស់ក៏មានមិនច្រើនដែរ។
ក្រៅពីបញ្ហាទីផ្សារការងារ រៀនកាន់តែខ្ពស់នៅកម្ពុជាមិនសូវមានតម្លៃប៉ុន្មានទេ ព្រោះគុណភាពសញ្ញាប័ត្រជាន់ខ្ពស់នៅកម្ពុជានៅចោទជាបញ្ហានៅឡើយ និយាយបែបផ្សេងមានន័យថា បរិមាណសញ្ញាប័ត្រមានច្រើនមែន ប៉ុន្តែគុណភាពមនុស្សដែលទទួលបានសញ្ញាប័ត្រជាន់ខ្ពស់នៅមានកម្រិតទាប បើប្រៀបធៀបនឹងការអប់រំជាមួយប្រទេសនៅក្នុងតំបន់។ ប៉ុន្តែ និស្សិតខ្មែរមួយចំនួនដែលបានចេញទៅសិក្សានៅក្រៅប្រទេសជាមួយនឹងសញ្ញាប័ត្រមានគុណភាពហើយត្រឡប់មកស្រុកខ្មែរវិញ ពួកគេក៏ប្រឈមនឹងបញ្ហាការងារដែរ ប្រសិនបើពួកគេគ្មាន«ខ្សែរពួរ»ធំៗនោះ។
សរុបមក ចំណេះដឹងជំនាញពិតប្រាកដមិនស្ថិតនៅលើសញ្ញាប័ត្រជាន់ខ្ពស់ទាំងស្រុងនោះទេ។ សញ្ញាប័ត្រជាន់ខ្ពស់ជារឿងមួយ ប៉ុន្តែ«សញ្ញាឃើញ»ជារឿងចាំបាច់បំផុត។ ទោះបីជាក្នុងហេតុផលណាក៏ដោយ ក៏សិស្សនិស្សិតខ្មែរត្រូវតែបញ្ចប់ឲ្យបានសញ្ញាប័ត្របរិញ្ញាប័ត្រ ព្រោះសញ្ញាប័ត្រកម្រិតនេះធ្វើឲ្យមនុស្សអាចពង្រីកខួរក្បាលបានបន្ថែមទៀតតាមរយៈកិច្ចការប្រចាំថ្ងៃ។ ប៉ុន្តែសិស្ស និស្សិតក៏មិនត្រូវអំនួតខ្លួនខ្លាំងពេក ដោយគិតតែពីចង់សិក្សាបន្តយកសញ្ញាប័ត្រអនុបណ្ឌិត ឬបណ្ឌិតដែលគ្មានគុណភាពនោះឡើយ។ សញ្ញាប័ត្រដែលមានតម្លៃ គឺជាសញ្ញាប័ត្រដែលមនុស្សមានគុណភាព៕
អត្ថបទវិភាគដោយ៖ ឈួន ល័ក្ខ
កែសម្រួលដោយ៖ មត សុមឿន
Comments
Post a Comment